សៀមរាបៈ ក្រុម​ការងារ​សម្អាត​បរិស្ថាន​អនាម័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះ​ឃើញ​ត្រី​អារ៉ាប៉ៃម៉ា (Arapaima) ប្រវែង​ជាង ២ ម៉ែត្រ ទទឹង​ជិត​កន្លះ​ម៉ែត្រ ដែល​ជា​ប្រភេទ​ត្រី​ទឹកសាប មាន​ប្រភព​មក​ពី​តំបន់​អាម៉ាហ្សូន​នៅ​អាមេរិក​ខាង​ត្បូង​បាន​ស្លាប់​នៅ​ក្នុង​កសិន្ធ​ប្រាសាទ​អង្គរវត្ត កាល​ពី​ថ្ងៃទី ៣ ខែ​វិច្ឆិកា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​ជាតិ​អប្សរា។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នាថ្ងៃ ៤ ខែ​វិច្ឆិកា​ថា ក្រុម​ការងារ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ស្រង់​យក​ត្រី​នោះ​មក​លើ​ច្រាំង​ជូន​អ្នក​ជំនាញ​ខាង​ជល​ផល​ពិនិត្យ និង​បាន​កប់​នៅ​ផ្នែក​ខាង​ជើង នៃ​កសិន្ធុ​ប្រាសាទ​អង្គរវត្ត។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «តាម​សេចក្តី​សន្និដ្ឋាន​របស់​អ្នក​ជំនាញ​ផ្នែក​ជលផល ត្រី​នេះ​ស្លាប់​ដោយ​ធម្មជាតិ ព្រោះ​ពុំ​មាន​ស្លាក​ស្នាម​រឹតរួត​នៃ​មង ឬ​ប្រការ​អ្វី​ផ្សេង​ឡើយ។ ត្រី​ស្លាប់​នេះ ជា​ប្រភេទ​ត្រី​ដែល​ស៊ី​ត្រី​តូច​ជាង​ខ្លួន​ជា​អាហារ ហើយ​ត្រូវ​បាន​មហាជន​លួច​យក​លែង​ក្នុង​កសិន្ធុ​ប្រាសាទ​អង្គរវត្ត»។

នាពេល​កន្លង​មក អាជ្ញាធរ​ជាតិ​អប្សរា​ធ្លាប់​បាន​ហាម​ឃាត់​ការ​លែង​ត្រី​ក្នុង​កសិន្ធុ ដែល​ពុំ​មែន​ជា​ប្រភេទ​ត្រី​ក្នុង​ស្រុក ពី​ព្រោះ​សកម្មភាព​នេះ​អាច​នាំ​ឱ្យ​មាន​ការ​បាត់បង់​ពូជ​ត្រី​ធម្មជាតិ​ក្នុង​ស្រុក​ផង​ដែរ៕