ព្រះសីហនុៈ លោក​ គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ធ្វើការ​ណែនាំ​ឱ្យ​មន្ត្រី​នៃ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​ជួយ​បណ្តុះបណ្តាល​ជំនួយការ​ហិរញ្ញវត្ថុ​ឃុំ សង្កាត់ ដែល​ជា​អ្នកទទួល​បន្ទុក​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ដើម្បី​បន្ត​ចុះ​ធ្វើ​សម្ភាស​ជំរឿន​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​រង​ហានិភ័យ​នៅតាម​មូលដ្ឋាន ខណៈ​ក្នុង​រយៈពេល​ ៩ ​ខែ​កន្លង​មកនេះ​ខេត្ត​ព្រះសីហនុ​បាន​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​បាន​សរុប​ចំនួន​ ៦ ៥១៤ ​គ្រួសារ​។

លោក​ គួច ចំរើន បាន​ធ្វើការ​ណែនាំ​បែបនេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០២២ ស្តីពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ​ឆ្នាំ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ កម្មវិធី​កំណត់​អត្តសញ្ញាណជន​មាន​ពិការភាព ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ និង​ទិសដៅ​អនុវត្ត​បន្ត កាលពី​ថ្ងៃទី​ ៣ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ​ដែល​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​លោក​ ឈូរ សុបញ្ញា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ផងដែរ​។

លោក​ គួច ចំរើន​ លើកឡើងថា បន្ថែម​ពីនេះ មេឃុំ ចៅសង្កាត់​ត្រូវមាន​លេខ​កូដ​ក្នុង​ដៃ​ក្នុង​ការវាយតម្លៃ និង​អនុម័ត​នៃ​ការធ្វើ​ជំរឿន​ប្រជាពលរដ្ឋ​របស់ខ្លួន​ដែល​រង​ហានិភ័យ និង​ប្រជាពលរដ្ឋ​ក្រីក្រ​។ ទន្ទឹម​នោះ​មន្ត្រី​អាជ្ញាធរ​ទាំងអស់​ត្រូវមាន​ឥរិយាបថ​ល្អ ក្នុង​ការបម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ដែល​រាជរដ្ឋាភិបាល​បាន​ផ្ទេរអំណាច​មក​ថ្នាក់មូលដ្ឋាន​ប្រកប​ដោយ​ឆន្ទៈ​។

លោក​អភិបាលខេត្ត​ថ្លែងថា​៖ «​យើង​ត្រូវ​ទទួលយក​សំណើ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​ជំរុញ​ការចុះ​ស្រង់​ស្ថិតិ និង​ជំរឿន​ប្រជាពលរដ្ឋ​រង​ហានិភ័យ​នៅក្នុង​មូលដ្ឋាន​​ជា​ឱកាស​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​របស់​យើង​នៅ​មូលដ្ឋាន​ឱ្យ​ទទួល​បាន​ថវិកា​គាំពារ​សង្គម​នាពេល​ខាងមុខ​»​។

ជាមួយ​គ្នានេះ​លោក គួច ចំរើន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ដែល​បាន​អនុវត្ត​ការងារ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​រង​ផលប៉ះពាល់​ជំងឺ​កូវីដ​ ១៩ ជា​មន្ទីរ​ស្នូល និង​មាន​ការចូលរួម​ពី​មន្ទីរ​ពាក់ព័ន្ធ​ដូចជា មន្ទីរ​ផែនការ មន្ទីរ​សុខាភិបាល និង​មេឃុំ ចៅសង្កាត់​។

លោក​អភិបាលខេត្ត​បញ្ជាក់​ថា​៖ «​បញ្ហា​ប្រឈម​ជំរឿន​គ្រួសារ​រង​ហានិភ័យ​នៅតាម​មូលដ្ឋាន​ស្រប​នឹង​គោលនយោបាយ​គាំព៌ា​សង្គម​ទទួល​បាន​ជោគជ័យ​។ សំខាន់​គោលនយោបាយ​គាំ​ព៌ា​សង្គម​ដែលជា​រឿង​របស់​យើងទាំងអស់គ្នា​រួមគ្នា​ទទួល​ខុសត្រូវ ដើម្បី​ផលប្រយោជន៍​សុខសន្តិភាព ហើយ​គុណ​តម្លៃ និង​គុណប្រយោជន៍ ផ្តល់​ជូន​ប្រជាពលរដ្ឋ​របស់​យើង​ជា​ចលនា​ជំរុញ​កំណើន​សេដ្ឋកិច្ច​»​។

លោក​បន្តថា រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​ពី​សុខទុក្ខ និង​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ ការងារ​គាំព៌ា​សង្គម ដែល​ជា​ចំណុច​សក្តានុពល​ក្នុង​របប​ប្រជាធិបតេយ្យ​។

នៅក្នុង​កិច្ចប្រជុំ​នេះ លោក​ ឈូរ សុបញ្ញា ប្រតិភូ​រាជរដ្ឋាភិបាល​បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​អនុវត្ត​គម្រោង​ដែល​បាន​ពង្រីក​ការអនុវត្ត​ការងារ​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព​ការងារ ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ​ឆ្នាំ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ បាន​ទាន់​ពេលវេលា ម្យ៉ាងទៀត​ដោយ​មាន​កិច្ចសហការ​ពី​ភាគី​ពាក់ព័ន្ធ​។

លោក​បញ្ជាក់ថា​៖ «​ពិសេស​មន្ត្រី​អនុវត្ត​កម្មវិធី​ដែលជា​កងទ័ព​អាវស​ក្នុង​ការចុះអនុវត្ត​ការងារ​អំឡុង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ ​១៩ ដែលមាន​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​សហការ​អនុវត្ត​សកម្មភាព​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ហើយ​កម្មវិធី​នេះ​ត្រូវ​បាន​ពានរង្វាន់​លេខ​ ១ ​ក្នុង​តំបន់​អាស៊ាន​ ដែល​ប៉ះពាល់​ដោយ​វិបត្តិ​កូវីដ​ ១៩»​។

លោក​ថា ទន្ទឹមនឹង​សមិទ្ធផល​នេះ យើង​មាន​មោទនភាព​ដែល​រាជរដ្ឋាភិបាល​បាន​អនុវត្ត​គោលនយោបាយ ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ស្របតាម​គោលនយោបាយ​វិមជ្ឈការ និង​សហវិមជ្ឈការ​របស់​រាជរដ្ឋាភិបាល​បាន​ផ្ទេរអំណាច​មក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​តាម​ទិដ្ឋភាព​បច្ចេកទេស ដោយ​ភាពហ្មត់ចត់​។

បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​សង្គមកិច្ច​នៅក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០២២ ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​បាន​ទទួលផល​សរុប​ចំនួន ៦ ៥១៤ ​គ្រួសារ អស់​ទឹកប្រាក់​សរុប ១១ ៤៩៥ ០៦៨ ០០០​ រៀល បើ​ធៀប ៩ ​ខែ ឆ្នាំ​ ២០២១ មាន​ចំនួន ១១ ៥៧១ ​គ្រួសារ មាន​ការថយចុះ ៥ ០៥៧ ​គ្រួសារ ដោយ​សារបណ្ណ​មួយចំនួន​អស់​សុពលភាព និង​បណ្ណ​មួយចំនួន​ត្រូវ​ដកសិទ្ធិ​៕