ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​គុយវ៉ែត​ថ្មី​ប្រចាំ​កម្ពុជា លោក Mohamad S SHS Alhajri សន្យា​ជំរុញ​ការអនុវត្ត​លើ​រាល់​កិច្ចព្រមព្រៀង​ផ្ដល់​ការងារ​ដល់​ពលករ​កម្ពុជា​ដែល​មាន​បំណង​ចង់ទៅ​ធ្វើការ​នៅ​ប្រទេស​គុយវ៉ែត និង​ការធ្វើ​ពាណិជ្ជកម្ម​ស្បៀងអាហារ​រវាង​ប្រទេស​ទាំង​ ២ ​។

ក្នុង​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃទី​ ៤ ខែវិច្ឆិកា នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ឯកអគ្គរដ្ឋទូត​គុយវ៉ែត​ថ្មី​រូបនេះ​បាន​ប្តេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ឱ្យ​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​កាន់តែ​រឹងមាំ​។

ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ក្រោយ​ជំនួប​នេះ​ថា​៖ «​ឯកឧត្តម​នឹង​ជំរុញ​ការអនុវត្ត​លើ​រាល់​កិច្ចព្រមព្រៀង​ដែល​ប្រទេស​ទាំង​ ២ ​មាន​កន្លងមក​។ ក្នុងនោះ​មាន​ទាំង​កិច្ចព្រមព្រៀង​លើ​ការហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង ​២ ការផ្ដល់​ការងារ​ដល់​ពលករ​កម្ពុជា​ដែល​មានបំណង​ចង់ទៅ​ធ្វើការ​នៅ​ប្រទេស​គុយវ៉ែត និង​ការធ្វើ​ពាណិជ្ជកម្ម​ស្បៀងអាហារ​រវាង​ប្រទេស​ទាំង​ ២»​។

លោក ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ការប្តេជ្ញាចិត្ត​ក្នុង​ការពង្រីកពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ជាមួយ​នឹង​ការប្តេជ្ញាចិត្ត​ជំរុញ​ការអនុវត្ត​លើ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ដែល​បាន​ចុះហត្ថលេខា​ហើយ​នោះ​។

លោក​បាន​ផ្ដល់​អនុសាសន៍​ដល់​លោក Mohamad ថា គប្បី​ពិនិត្យមើល​លើ​វិស័យ​ដទៃទៀត ដែល​ប្រទេស​ទាំង​ ២ ​អាច​សហការគ្នា​បាន ពីព្រោះ​ប្រទេស​គុយវ៉ែត​មាន​ថាមពល ចំណែកឯ​កម្ពុជា​វិញ​មាន​ស្បៀងអាហារ ដែល​លោក​គិតថា វិស័យ​ទាំង​ ២ ​នេះ​អាច​ជំរុញ​លើ​វិស័យ​ពាណិជ្ជកម្ម​បាន​ ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​លក្ខណៈ​បំពេញ​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ផងដែរ​នាពេល​ខាងមុខ​៕