ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃទី​ ៤ ​វិច្ឆិកា​នេះ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​សាងសង់​មណ្ឌល​អប់រំ​កែប្រែ​ទណ្ឌិត​បទល្មើស​គ្រឿងញៀន​នៅលើ​ផ្ទៃដី​សរុប​ចំនួន ៥០២,៦៤ ​ហិកតា នៅក្នុង​ស្រុក​តាលោសែនជ័យ ខេត្ត​ពោធិ៍សាត់ ដើម្បី​កាត់បន្ថយ​ភាពចង្អៀត​ណែន​នៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី​-​ខេត្ត​។

កិច្ចប្រជុំ​នៅ​ទីស្តីការក្រសួង​មហាផ្ទៃ​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​មហាផ្ទៃ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួង​មហាផ្ទៃ ព្រមទាំង​អង្គភាព​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។

លោក​ សក់ សេដ្ឋា បាន​មាន​ប្រសាសន៍​លើកឡើង​ថា កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ ដើម្បី​ពិនិត្យ និង​សិក្សា​ពី​គំនិត​រួមគ្នា​លើ​គម្រោង​សាងសង់​មណ្ឌល​អប់រំ​កែប្រែ​ទណ្ឌិត​បទល្មើស​គ្រឿងញៀន​ថ្មី​របស់​ក្រសួង​មហាផ្ទៃ​។

លោក​ថ្លែងថា ដើម្បី​ឱ្យ​មាន​មូលដ្ឋាន​ជាក់លាក់ និង​ច្បាស់លាស់ លោក​ស្នើឱ្យ​សមាជិក​អង្គប្រជុំ​ទាំងអស់ សិក្សា​ឱ្យបាន​ល្អិតល្អន់​លើ​គម្រោង​ពាក់ព័ន្ធ​ការងារ​សំខាន់ៗ រួមមាន​ដូចជា ៖ ការចំណាយ ការរចនា​ប្លង់ និង​ទំហំ​មណ្ឌល ហេដ្ឋារចនាសម្ព័ន្ធ​នានា ព្រមទាំង​ទីតាំង​កន្លែង​ធ្វើការ​របស់​មន្ត្រី និង​កិច្ចការងារ​ពាក់ព័ន្ធ​សំខាន់ៗ​មួយចំនួន​ទៀត ដើម្បី​គោរព​ស្នើសុំ​គោលការណ៍ និង​អនុសាសន៍​ដឹកនាំ​បន្ត​ពី​ថ្នាក់ដឹកនាំ​។

នៅក្នុង​កិច្ចប្រជុំ​នេះ លោក ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ធ្វើ​សេចក្តី​រាយការណ៍​សង្ខេប​ជម្រាបជូន​អង្គប្រជុំ​ថា គម្រោង​សាងសង់​មណ្ឌល​អប់រំ​កែប្រែ​ទណ្ឌិត​បទល្មើស​គ្រឿងញៀន​នេះ ជា​គំនិត​ផ្តួចផ្តើម​របស់​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។

គម្រោង​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ជា​អាទិ៍ភាព​សំខាន់​ចំនួន​ ៣ រួមមាន​៖ ១. ​កាត់បន្ថយ​ភាពចង្អៀត​ណែន​នៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី​-​ខេត្ត​។

២.​ ជន​ជាប់ឃុំ​បាន​ចូលរួម​ធ្វើ​ពលកម្ម ដើម្បី​សុខភាព និង​ស្តារនីតិសម្បទា និង​ទី​ ៣. ​ធានា​បាន​និរន្តរភាព បរិស្ថាន​ល្អ ធានា​បាន​នូវ​ស្ថានភាព​រស់នៅ​របស់​ជន​ជាប់ឃុំ​ប្រកប​ដោយ​សុខភាព អនាម័យ វិជ្ជាជីវៈ និង​មនុស្សធម៌​។

លោក​បាន​បញ្ជាក់​ថា គម្រោង​នេះ គ្រោង​សាងសង់​នៅ​ឃុំ​ផ្ទះរ៉ុង ស្រុក​តាលោសែនជ័យ ខេត្ត​ពោធិ៍សាត់ លើ​ផ្ទៃដី​សរុប ៥០២,៦៤​ ហិកតា​។

បន្ថែម​ពីនេះ លោក​ សក់ សេដ្ឋា បាន​មានប្រសាសន៍​វាយតម្លៃ​ខ្ពស់​ដល់​អង្គភាព​ពាក់ព័ន្ធ និង​ក្រុម​ការងារ​ចំពោះ​ការងារ​រៀបចំ​សេចក្តី​ព្រាង​គម្រោង​នេះ​ឡើង ដោយ​លោក​បាន​ណែនាំ​ដល់​អង្គប្រជុំ និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ខិតខំ​សហការ​ផ្លាស់ប្តូរ​គំនិត​យោបល់ សម្រាប់​ជា​ធាតុ​ចូល ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សេចក្តីព្រាង​គម្រោង​នេះ​កាន់តែ​ល្អ​បន្ថែមទៀត​។

លើសពីនេះ​លោក​បាន​គូសបញ្ជាក់​ថា គម្រោង​សាងសង់​មណ្ឌល​អប់រំ​កែប្រែ​ទណ្ឌិត​បទល្មើស គ្រឿងញៀន​នេះ​ជា​គម្រោង​ដ៏ធំ​មួយ ដែល​មាន​ទិសដៅ​យ៉ាងសំខាន់ គឺ​ដើម្បី​បង្កើត​កន្លែង​ព្យាបាល​ទណ្ឌិត​គ្រឿងញៀន​, ជា​កន្លែង​ស្តារនីតិសម្បទា និង​កាត់បន្ថយ​ភាពចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ព្រមទាំង​ទប់ស្កាត់​ហានិភ័យ​នៃ​ការកើនឡើង​ទណ្ឌិត​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​ផងដែរ​៕