ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន​ឆ្នាំនេះ​នឹង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ​៤០ លើក​ទី​ ៤១ កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​កិច្ចសន្ទនា​អាស៊ាន​ជា​សកល​លើក​ទី ​២ រយៈពេល​ ៤​ ថ្ងៃ ចាប់ពី​ថ្ងៃទី​ ១០ ដល់ទី​ ១៣ ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​បញ្ជាក់​នា​ថ្ងៃទី​ ៤ ខែ​វិច្ឆិកា ថា មន្ត្រី​ដែល​អម​លោក ហ៊ុន សែន រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​មួយ​ចំនួន​ផងដែរ​។

ព្រឹត្តិការណ៍​ថ្នាក់​កំពូល​នេះ រួមមាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤០ និង​លើក​ទី​ ៤១ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​ ២៥ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​ ២៥ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​ ២៣ កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​ ៣ លើក​ទី​ ២៥ កិច្ចប្រជុំ​កំពូល​រំឭក​ខួប​ ៣០​ ឆ្នាំ​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ឥណ្ឌា កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក លើក​ទី​ ១០ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី លើក​ទី ​២ កិច្ចប្រជុំ​កំពូល​រំព្ញក​ខួប​នៃ​ទំនាក់​ទំនង​អាស៊ាន​-​កាណាដា កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការ​សហប្រជាជាតិ និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​ ១៧ ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា នៅ​មុនពេល​ចាប់ផ្តើម​កិច្ចប្រជុំ​កំពូល​ប្រមុខរដ្ឋ និង​ប្រមុខ​រាជរដ្ឋាភិបាល​អាស៊ាន​នឹង​ជួប​សវនាការ​ជាមួយ​ព្រះមហាក្សត្រ​កម្ពុជា​នៅក្នុង​ព្រះបរមរាជវាំង​។ លោក ហ៊ុន សែន រួមជាមួយ​ប្រមុខរដ្ឋ និង​ប្រមុខ​រាជរដ្ឋាភិបាល​អាស៊ាន​ដទៃទៀត នឹង​ចូលរួម​កម្មវិធី​ជំនួប​ដោយឡែក​ពីគ្នា​ជាមួយ​តំណាង​នៃ​អន្តរសភា​អាស៊ាន តំណាង​នៃ​យុវជន​អាស៊ាន និង​តំណាង​នៃ​ក្រុមប្រឹក្សា​អ្នកប្រឹក្សា​ធុរកិច្ច​អាស៊ាន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ថ្នាក់ដឹកនាំ​ក៏នឹង​ចូលរួម​ក្នុង​កិច្ចសន្ទនា​អាស៊ាន​ជាសកល​លើក​ទី​ ២ ស្តីពី​ការ​ស្តារឡើងវិញ​ក្រោយ​ជំងឺ​កូវីដ ​១៩ ដែល​នឹង​មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រធាន​អង្គការ​អន្តរជាតិ​សំខាន់ៗ​មួយចំនួន​ផងដែរ​។ ថ្នាក់ដឹកនាំ​នៃ​ដៃគូ​សន្ទនា​អាស៊ាន​មួយចំនួន ក៏​រំពឹងថា​នឹងចូលរួម​ក្នុង​កិច្ចសន្ទនា​នេះ​ផងដែរ​»​។

នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន លោក ហ៊ុន សែន នឹង​ប្រគល់​ញញួរ​ប្រធាន​អាស៊ាន​ជូន លោក ចូកូ វីដូដូ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​នៅ​ឆ្នាំក្រោយ​។

នៅ​រវាង​កិច្ចប្រជុំ​ដែល​បាន​គ្រោង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​ប្រមុខ​ប្រតិភូ​មួយចំនួន​ផងដែរ​។

ក្នុង​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ លោក ប្រាក់ សុខុន នឹង​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍ នយោបាយ​សន្តិសុខ​អាស៊ាន លើក​ទី​ ២៥ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី​ ៣១ ។

លោក ប្រាក់ សុខុន ក៏​នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិតុបករណ៍​នៃ​ការចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (TAC) ដោយ​ប្រទេស​អ៊ុយក្រែន និង​អេស្ប៉ាញ​។ លោក ក៏​រំពឹងថា​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស និង​ឥស្សរជន​មួយចំនួន​ផងដែរ​៕