ភ្នំពេញៈ លោក ស ថេត អគ្គស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បញ្ជា​ដល់​កម្លាំង​នគរបាល​ក្រោម​ឱវាទ​គ្រប់ផ្នែក និង​គ្រប់​ជំនាញ​ចាប់ផ្តើម​ពង្រឹង​សន្តិសុខ ក្នុង​រាជធានី​ភ្នំពេញ ធានា​ឱ្យ​បាន​នូវ​សេចក្តីសុខ​សុវត្ថិភាព​ជាដាច់ខាត និង​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម​ឱ្យ​បាន​ល្អ ដើម្បី​កិត្តិយស​មុខមាត់​របស់​ប្រទេស និង​ប្រជាជន​កម្ពុជា នៅ​គ្រា​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​មាន​វត្តមាន​ថ្នាក់​នាំ​កំពូលៗ​នៅលើ​ពិភពលោក​អញ្ជើញ​ចូលរួម ក្នុង​កិច្ចប្រជុំ​ដ៏មាន​សារៈសំខាន់​នាពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។

ការដាក់​បទបញ្ជា​បាន​ធ្វើ​ឡើង នា​រសៀល​ថ្ងៃទី​ ៣ ខែវិច្ឆិកា ឆ្នាំ​ ២០២២ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ក្នុង​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​ ៤០ និង​លើក​ទី​ ៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ ​២០២២ ដល់​ស្នងការរង នាយការិយាល័យ​ជំនាញ​ទាំង​ ៣៣ និង​លោក​អធិការនគរបាល​ខណ្ឌ​ទាំង ​១៤ នៅ​គ្រា​ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន​គ្រោង​នឹង​ចាប់ផ្តើម​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ​៨ រហូតដល់​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ​។

បើ​យោង​តាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​នៅ​ថ្ងៃទី​ ៤ ​ខែវិច្ឆិកា​នេះ លោក​ឧត្តមសេនីយ៍ឯក ស ថេត ក៏បាន​ដាក់​បទបញ្ជា​បន្ថែម​ទៀត ឱ្យ​កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវ​ទទួល​ខុសត្រូវ​ខ្ពស់​លើ​ការងារ​ចំពោះ​មុខ​ដែល​ថ្នាក់លើ​ប្រគល់​ជូន​ក្នុង​នោះ​ត្រូវ​ប្រមូល​កម្លាំង ឧបករណ៍​សម្ភារ​ឱ្យ​បាន​គ្រប់គ្រាន់​តាម​ផែនការ​ការពារ ដើម្បី​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព ជំរុញ​ពង្រឹង​យកចិត្ត​ទុកដាក់​លើ​ការត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ​នៅពេល​យប់ ការងារ​ចុះ​ល្បាត​នៅតាម​មូលដ្ឋាន ការក្តាប់​ព័ត៌មាន​ផ្សេងៗ ការចុះ​ធ្វើការងារ​រដ្ឋបាល ជំរុញ​ការត្រួតពិនិត្យ​ពង្រឹង​ការពារ​ឱ្យ​បាន​តឹងរ៉ឹង​លើ​តម្រាយ​ផ្លូវ​របស់​គណៈប្រតិភូ​ជាតិ អន្តរជាតិ ឆ្លងកាត់ និង​កន្លែង​ស្នាក់នៅ​របស់​គណៈប្រតិភូ និង​កន្លែង​គោលដៅ​កិច្ចប្រជុំ​ជាដើម​នោះ​។

បើ​យោង​តាម​អ្នកនាំពាក្យ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រាប់​អ្នកសារព័ត៌មាន​ឱ្យ​ដឹងថា នឹងមាន​ការប្រើប្រាស់​កម្លាំង​ការពារ​ប្រមាណ​ជាង ​១ ​ម៉ឺន​នាក់ មកពី​អង្គភាព​ចំនួន​ ១៤ ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​រួមទាំង​មាន​ការប្រើប្រាស់​រថយន្ត​ការពារ​គ្រាប់ និង​មាន​ទាំង​ផ្លូវអាកាស ផ្លូវទឹក ផងដែរ​៕