កណ្តាលៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយថ្នាក់ដឹកនាំក្រសួងបានចុះត្រួតពិនិត្យស្ពានព្រែកតាមាក់ ក្នុងស្រុកមុខកំពូលខេត្តកណ្តាល ដោយប្រើរថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពាន និងឧបករណ៍បច្ចេកទេសទំនើបថ្មីៗមួយចំនួន ដែលក្រសួងបានបញ្ជាទិញយកមកប្រើប្រាស់ ដើម្បីសម្រួលលើការងារត្រួតពិនិត្យ និងថែទាំស្ពានឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។
បើតាមហ្វេសប៊ុកក្រសួងសាធារណការចុះផ្សាយនៅថ្ងៃទី ៣ វិច្ឆិកាបានឱ្យដឹងថា ការដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពគុណភាពស្ពានព្រែកតាមាក់ កាលពីថ្ងៃទី ២ វិច្ឆិកា របស់លោក ស៊ុន ចាន់ថុល គឺបានប្រើប្រាស់រថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពាន រ៉ូបូត ត្រួតពិនិត្យខ្សែកាបស្ពាន និងឧបករណ៍ត្រួតពិនិត្យលំញ័រស្ពានផងដែរ។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្ដែងរបស់ស្ពានព្រែកតាមាក់ ក៏ដូចជាដើម្បីបង្ហាញពីរបៀបប្រើប្រាស់គ្រឿងចក្រ និងឧបករណ៍បច្ចេកទេសថ្មីៗជូនទៅកាន់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធសំដៅពង្រឹង និងពង្រីកបន្ថែមលើសមត្ថភាពការងារថែទាំ ហេដ្ឋារចនាសម្ព័ន្ធស្ពាននៅទូទាំងប្រទេស។
ក្នុងដំណើរចុះបំពេញការងារនេះ លោកទេសរដ្ឋមន្ត្រីបានចុះទៅពិនិត្យដោយផ្ទាល់នូវសំណង់បាតស្ពានផ្នែកខាងក្រោមនៃស្ពានព្រែកតាមាក់ តាមរយៈរថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពានមួយនេះ ដើម្បីពិនិត្យឱ្យដឹងថា ស្ពានមានស្នាមប្រេះស្រាំ និងបញ្ហាខូចឬយ៉ាងណា។
បន្ទាប់ពីការចុះពិនិត្យដោយផ្ទាល់រួចមក លោក ស៊ុន ចាន់ថុល បានលើកឡើងថា ការប្រើប្រាស់រថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពាននេះបានផ្តល់នូវភាពងាយស្រួល និងមានភាពសុក្រឹត្យជាងការចុះពិនិត្យមើលបាតស្ពានកាលពីពេលកន្លងមក ដែលដោយគ្មានឧបករណ៍ប្រភេទនេះ។
លោកបញ្ជាក់ថា រថយន្តដែលបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពានប្រភេទនេះ មានលក្ខណៈទំនើបមានសមត្ថភាពខ្ពស់អាចផ្ទុកមនុស្សបានប្រមាណ ១០ នាក់សម្រាប់ការចុះទៅពិនិត្យមើលបាតស្ពាន៕