ភ្នំពេញៈ អ៊ុយក្រែន​នឹង​ចុះហត្ថលេខា​ចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (TAC) ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ​នៅក្នុង​សប្តាហ៍​ក្រោយ ក្រោម​អធិបតីភាព​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​នា​ថ្ងៃទី​ ៤ ខែ​វិច្ឆិកា នេះ​ថា​៖ «​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី [​លោក ប្រាក់ សុខុន ] ក៏​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិតុបករណ៍​នៃ​ការចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (TAC) ដោយ​ប្រទេស​អ៊ុយក្រែន និង​អេស្ប៉ាញ​»​។

នៅមុន​ការចាប់ផ្តើម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្រមាណ​ ១ ​សប្តាហ៍ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelensky) ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន​ បាន​ជួប​សន្ទនា​តាម​ទូរសព្ទ​។

នៅក្នុង​ជំនួប​នោះ លោក Zelensky បាន​ថ្លែង​នូវ​អំណរ​អរគុណ​ចំពោះ​សេចក្តីថ្លែងការណ៍​ទាំង ​៣ ​របស់​អាស៊ាន​ដែល​គាំទ្រ​ដល់​អ៊ុយក្រែន និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ចំពោះ​សំណើ​អ៊ុយក្រែន​សុំចូល​ជា​ភាគី TAC នេះ​។

លោក ហ៊ុន សែន បញ្ជាក់​ប្រាប់​លោក Zelensky ថា កម្ពុជា​នឹង​បន្ត​ធ្វើ​ការងារ​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត ដើម្បី​ឆ្លើយតប​នឹង​បំណង​របស់​អ៊ុយក្រែន​ក្នុង​ការចូល​ជា​ដៃគូ​សន្ទនា​តាម​វិស័យ​របស់​អាស៊ាន​៕