ភ្នំពេញៈ មន្ត្រីការបរទេសបានបញ្ជាក់ថា ថ្នាក់ដឹកនាំមកពីប្រទេសចំនួន ៣៤ នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ ដែលនឹងចាប់ផ្តើមក្នុងសប្តាហ៍ក្រោយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលអាស៊ាន ថ្លែងថា វេទិកាអាស៊ាននេះអាចទាញយកប្រទេសមហាអំណាចឱ្យមកអង្គុយជាមួយគ្នា ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នាយករដ្ឋមន្ត្រីចិន លោក Li Keqiang ថ្នាក់ដឹកនាំអាស៊ាន និងប្រទេសផ្សេងទៀតជាដើម ដែលនឹងចូលរួមកិច្ចប្រជុំកំពូលមួយនេះ។

លោកថ្លែងដូច្នេះ ក្នុងកម្មវិធីជួបជុំអ្នកសារព័ត៌មានស្តីពី «ការត្រៀមយកព័ត៌មានស្តីពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ» នាថ្ងៃទី ៤ ខែវិច្ឆិកា។

លោក គង់ ភោគ ថ្លែងថា៖ «អ្វីដែលខ្ញុំចង់សង្កត់ធ្ងន់កន្លែងនេះគឺពាក់ព័ន្ធជាមួយនឹងអំណាចក្នុងការកៀរគរ។ ៣៤ ប្រទេស រួមទាំងស្ថាប័នអន្តរជាតិ ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសមហាអំណាច អាស៊ានប្រទេស ១០ ។ កម្រិតនៃការអភិវឌ្ឍផ្សេងគ្នា ទំហំតូចធំផ្សេងគ្នា ប៉ុន្តែយើងមានលទ្ធភាពឱ្យពួកគេមកទាំងអស់ មកអង្គុយជជែកគ្នា។ ធម្មតាទេ ពេលខ្លះ អ្នកខ្លះក៏មិនចង់អង្គុយក្បែរគ្នា ចង់អង្គុយឆ្ងាយពីគ្នា ប៉ុន្តែអ្វីដែលសំខាន់ ជារួមគឺថាការជជែកគ្នាទៅលើរបៀបវារៈ ក៏ដូចជាការងារអាទិភាពផ្សេងៗទៀតគឺទៅដោយរលូន អត់មានបញ្ហាអីទេ»។

ពាក់ព័ន្ធការចូលរួមកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំកំពូលប្រទេសនេះដែរ លោក គង់ ភោគ បញ្ជាក់ថាមិនមែនបានន័យថា គ្រប់កិច្ចប្រជុំទាំងអស់ ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសត្រូវតែចូលរួមនោះទេ។ វាក៏មិនមែនជារឿងថ្មីដែរ ក្នុងករណីដែលថ្នាក់ដឹកនាំប្រទេសមួយចំនួន ចាត់តំណាងមកជំនួស ដោយសារប្រទេសរបស់ខ្លួនមានបញ្ហាដែលត្រូវដោះស្រាយ។

ករណីនេះ លោកបន្តថា ប្រទេសម៉ាឡេស៊ីត្រូវមានការបោះឆ្នោតនាពេលខាងមុខនេះ ដូច្នេះថ្នាក់ដឹកនាំប្រទេសនេះមិនអាចមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានបាននោះទេ។ ដូចគ្នានេះដែរ ប្រទេសឥណ្ឌាក៏នឹងត្រូវធ្វើការបោះឆ្នោតនៅក្នុងប្រទេសរបស់ខ្លួនផងដែរ ដូច្នេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក៏មិនអាចមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះបាននោះដែរ៕