សៀមរាបៈ លោក​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​ ៣ ​វិច្ឆិកា បាន​អញ្ជើញ​បើក​សិក្ខាសាលា​អាស៊ាន ស្តីពី​ការចែករំលែក​ឧត្តមានុវត្តន៍ ក្នុងការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​ស្វ័យនិយោជន៍​។

សិក្ខាសាលា​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​សណ្ឋាគារ Empress Angkor ខេត្តសៀមរាប ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​រដ្ឋ​សមាជិក​អាស៊ាន សហព័ន្ធ​និយោជក​អាស៊ាន ក្រុមប្រឹក្សា​សហជីព​អាស៊ាន លេខាធិការដ្ឋាន​អាស៊ាន អង្គការ​អន្តរជាតិ​ខាង​ការងារ សមាគម​សន្តិសុខ​សង្គម​អាស៊ាន និង​តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ីបូព៌ា​។

បើតាម​ក្រសួង​ការងារ សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ឱ្យមាន​ការចែករំលែក​បទពិសោធ​រវាង​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន ដែល​អាច​រៀនសូត្រ​បាន​ពីគ្នា​ទៅវិញ​ទៅមក​នូវ​ភាពជោគជ័យ បញ្ហា​ប្រឈម ដំណោះស្រាយ និង​បទពិសោធ​នានា​នៃ​ការអនុវត្ត​របប​សន្តិសុខ​សង្គម​រៀងៗ​ខ្លួន​។

ចំពោះ​កម្ពុជា ការចែករំលែក​នេះ គឺជា​ធាតុ​ចូល​បន្ថែម​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការអនុវត្តន៍​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​ប្រាក់​សោធន​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាពិសេស​សម្រាប់​បុគ្គល​ស្វ័យ​និយោជន៍ ដើម្បី​ធានាថា ពលរដ្ឋ​ទាំងនោះ​ទទួល​បាន​ការងារ​សមរម្យ សន្តិសុខ​ប្រាក់ចំណូល សមធម៌​សង្គម សេចក្តី​ថ្លៃថ្នូរ និង​វឌ្ឍនភាព​សង្គម ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​កំណត់​ថា នឹងមិន​ទុក​នរណា​ម្នាក់​ឱ្យនៅ​ក្រៅ​សំណាញ់​នៃ​ប្រព័ន្ធ​សន្តិសុខ​សង្គម​ឡើយ​។

លោក​ អ៊ិត សំហេង មានប្រសាសន៍​ថា ទាំង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សុទ្ធតែ​បាន​រួម​ចំណែក យ៉ាងសំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​នៃ​ប្រទេស​នីមួយៗ​។

យោងតាម​ស្ថិតិ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ដែល​ភាគច្រើន​ជា​សកម្មភាព​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​អត្រា​ភាគរយ​ច្រើន​បំផុត​នៅក្នុង​បណ្តា​ប្រទេស​ទូទាំង​ពិភពលោក​។

ជាក់ស្តែង​នៅក្នុង​តំបន់​អាស៊ាន សហគ្រាស​ធុន​តូច និង​មធ្យម មាន​ចំនួន​ប្រហែល ៩៧% នៃ​សហគ្រាស​សរុប​ក្នុង​តំបន់ និង​បាន​ប្រើប្រាស់​ប្រមាណ ៦០% នៃ​កម្លាំង​ពលកម្ម​សរុប ដែល​នេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញថា សហគ្រាស​ទាំងនេះ គឺជា​សសរស្តម្ភ​ដ៏សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ជា​ប្រភព​នៃ​ការផ្តល់​ការងារ​ដល់​កម្លាំង​ពលកម្ម​នៃ​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​។

លោក​រដ្ឋមន្ត្រី ក្រសួង​ការងារ​បាន​គូសបញ្ជាក់​ថា សម្រាប់​កម្ពុជា រាជរដ្ឋាភិបាល​ក៏បាន​ផ្តោត​ការយកចិត្ត​ទុកដាក់​ខ្ពស់​ដល់​ការធានា​នូវ​សុខុមាលភាព និង​ការផ្តល់​កិច្ច​គាំពារ​សង្គម ដោយ​បាន​ដាក់​ឱ្យ​ដំណើរការ​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិត​នៅក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ ដើម្បី​ផ្តល់​ការ​គាំពារ​ផ្នែក​ហិរញ្ញវត្ថុ​នៅពេល​ចាស់ជរា​ជូន​ពលរដ្ឋ​ ដែល​ធ្វើការ​ក្នុង​វិស័យ​ឯកជន ក៏ដូចជា​មន្ត្រី​សាធារណៈ​។

បន្ថែម​ពីនេះ ការបន្ត​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ សម្រាប់​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ ការពិនិត្យ​លទ្ធភាព​ពង្រីក​វិសាលភាព​ជា​ជំហានៗ​នូវ​មូលនិធិ​សមធម៌​សុខាភិបាល និង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដើម្បី​ពង្រីក​ការគាំពារ​ទៅដល់​ពលរដ្ឋ​រស់នៅ​ក្បែរ​បន្ទាត់​នៃ​ភាពក្រីក្រ និង​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។

លោក​ អ៊ិត សំហេង បន្តថា លើស​ពីនេះ ការរៀបចំ និង​ដាក់​ឱ្យ​អនុវត្ត​នូវ​កម្មវិធី​លើក​ទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន សហគ្រាស និង​សហគ្រាស​ធុន​តូច និង​មធ្យម ចុះបញ្ជី​បុគ្គលិក​ទាំងអស់​នៅក្នុង​ប្រព័ន្ធ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ត្រូវ​បាន​ដាក់បញ្ចូល​ទៅក្នុង​សសរស្តម្ភ​ទី​ ៣ នៃ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ការរស់នៅ​ជាមួយ​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​ ២០២១-២០២៣ ដោយ​ឈរលើ​សសរស្តម្ភ​ចំនួន ៣ រួមមាន​៖ ១. ​ការស្តារឡើងវិញ ២. ​ការកែទម្រង់ និង ៣. ​ការកសាង​ភាពធន់​។

រដ្ឋមន្ត្រី​ក្រសួង​ការងារ​បាន​សម្តែង​នូវ​ការអបអរសាទរ និង​ជម្រាបជូន​អង្គពិធី​ថា «​សេចក្តី​ថ្លែងការណ៍​អាស៊ាន​ស្តីពី​ចល័តភាព​របប​សន្តិសុខ​សង្គម សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​ក្នុង​តំបន់​អាស៊ាន​» ដែលជា​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​ការងារ ក្នុង​អាណត្តិ​កម្ពុជា​ជា​ប្រធាន​អាស៊ាន ២០២២ ទើបតែ​ទទួល​បាន​ការឯកភាព​ដោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សង្គម​-​វប្បធម៌​អាស៊ាន កាលពី​ថ្ងៃទី​ ១៣ ខែតុលា ឆ្នាំ​ ២០២២ ថ្មីៗ​នេះហើយ​នឹងត្រូវ​ដាក់ជូន​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​ ៤០ និង​ ៤១ ដើម្បី​អនុម័ត និង​ប្រកាស​នៅក្នុង​ខែវិច្ឆិការ​នេះ​។

លោក​បញ្ជាក់ទៀត​ថា នេះ​ជា​សមិទ្ធិផល​ដ៏សំខាន់​មួយទៀត​របស់​អាស៊ាន និង​ជាការ​បោះជំហាន​ដ៏ធំ​ឆ្ពោះ​ទៅកាន់​ការធ្វើ​ចល័តភាព​នៃ​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​អាស៊ាន ស្រប​តាម​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍ និង​ឯកច្ឆន្ទភាព​អាស៊ាន​ស្តីពី​ការការពារ និង​ការលើក​កម្ពស់​សិទ្ធិពលករ​ទេសន្តរប្រវេសន៍​៕