
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក លី ខឺឈាង នឹងមានជំនួបទ្វេភាគីនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ រូបភាព ក្រសួងព័ត៌មាន
ភ្នំពេញៈ លោក លី ខឺឈាង (LI Keqiang) នាយករដ្ឋមន្ដ្រីចិននឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ៨-១១ ខែវិច្ឆិកា ហើយលោកក៏នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុផងដែរ។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាបញ្ជាក់នាថ្ងៃទី ៥ ខែវិច្ឆិកា ថា ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោក លី ខឺឈាង នឹងថ្វាយបង្គំគាល់ព្រះមហាក្សត្រកម្ពុជានៅក្នុងព្រះបរមរាជវាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក លី ខឺឈាង នឹងមានជំនួបទ្វេភាគីនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង ២ បញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួម។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «នៅចុងបញ្ចប់នៃជំនួប ថ្នាក់ដឹកនាំទាំង ២ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន និងក្នុងពិធីសម្ពោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ»។
លោក លី ខឺឈាង នឹងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា។
លោក លី ខឺឈាង ក៏នឹងធ្វើទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដើម្បីធ្វើជាអធិបតីជាមួយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងពិធីប្រគល់គម្រោងស្ថាបនាឡើងវិញនៃប្រាសាទតាកែវផងដែរ៕