ភ្នំពេញៈ ក្នុង​នាម​ជា​ប្រធាន​ថាមពល​អាស៊ាន កម្ពុជា​កាលពី​ថ្ងៃទី​ ៤ ខែវិច្ឆិកា បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​តុមូល​ថាមពល​ស្អាត​អាស៊ាន​បូក​ ៣ លើក​ទី​ ៥ ដើម្បី​បង្កើន​ថាមពល​កកើតឡើង​វិញ​ស្របតាម​គន្លង​អន្តរកាល​កាបូន​ទាប​អាស៊ាន​។

វេទិកា​នេះ​ដឹកនាំ​ដោយ​លោក វិចទ័រ ហ្សូនា អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាមពល និង​ជា​ឧត្តម​មន្ត្រី​ថាមពល​អាស៊ាន តាម​ប្រព័ន្ធ​អនឡាញ (Online) ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ជាតិ បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន មជ្ឈមណ្ឌល​ថាមពល​អាស៊ាន និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​។

ក្រសួង​រ៉ែ និង​ថាមពល​បានបញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី ​៤ ខែវិច្ឆិកា ថា របៀបវារៈ​នៃ​វេទិកា​នេះ​ផ្តោតលើ​ការចែករំលែក​អំពី​គោលនយោបាយ និង​ការអភិវឌ្ឍ​ថាមពល​របស់​អាស៊ាន​បូក ​៣ និង​ការបង្ហាញ​អំពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ថាមពល​ស្អាត និង​ការចូលរួម​ចំណែក​របស់​ថាមពល​កកើត​ឡើងវិញ​ទៅក្នុង​សេដ្ឋកិច្ច សង្គម​និង​បរិស្ថាន​។

វេទិកា​នេះ​ក៏មាន​ជជែក​ដេញដោល​អំពី​ការរៀបចំ​គោលនយោបាយ​របស់​ប្រទេស​សមាជិក​អាស៊ាន​ឆ្ពោះ​ទៅរក​ការអភិវឌ្ឍ​កាបូន​ទាប និង​ជជែក​ដេញដោល​ស្តីពី​ផែនការ​អន្តរកាល​របស់​ប្រទេស​សមាជិក​អាស៊ាន​៕