ភ្នំពេញៈ អ្នកជំនាញ​លើកឡើងថា ការបង្កើត​លេខាធិការដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) គឺជា​តម្រូវការ​ចាំបាច់​មួយ​ដើម្បី​សម្រេចបាន​នូវ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព នៃ​កិច្ចព្រមព្រៀង​នេះ ដោយសារ​កិច្ចព្រមព្រៀង​នេះ​មាន​វិសាលភាព​ធំ​ទូលាយ គុណភាព​ខ្ពស់ និង​មាន​ភាព​គ្រប់​ជ្រុងជ្រោយ​។​

​អ្នកជំនាញ​លើកឡើង​ដូច្នេះ​ក្នុង​វេទិកា​ជាន់ខ្ពស់​ស្ដីពី​គម្រប់​ខួប​ ១០ ​ឆ្នាំ ​នៃ​កិច្ចព្រមព្រៀង RCEP (​អា​សិប​) ដែល​រៀបចំ​ដោយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា កាលពី​ថ្ងៃទី ​២-៣ ខែវិច្ឆិកា ក្រោម​ការគាំទ្រ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ី​បូព៌ា (ERIA) និង​លេខាធិការដ្ឋាន​អាស៊ាន ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​សេចក្តីប្រកាស​ព័ត៌មាន​លទ្ធផល​នៃ​វេទិកា​នេះ​បញ្ជា​ក់នា​ថ្ងៃទី ​៤ ខែវិច្ឆិកាថា វេទិកា​នេះ​មាន​កិច្ចពិភាក្សា​កម្រិត​ខ្ពស់​ជាច្រើន​វគ្គ ដែល​វាគ្មិន​ជា​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ក្នុង​តំបន់ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​របស់​ស្ថាប័ន​ឯករាជ្យ​អន្តរជាតិ និង​អ្នកជំនាញ​កិច្ចការ​អា​សិប​ជាច្រើន​នាក់ បានធ្វើ​បទ​បង្ហាញ និង​ពិភាក្សា​ដេញដោល​ស៊ីជម្រៅ​ជុំវិញ​ការវិវត្ត និង​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ​។​

​ពាក់ព័ន្ធ​នឹង​ភាពជា​អ្នកដឹកនាំ​ក្នុង​កិច្ចព្រមព្រៀង​អា​សិប វាគ្មិន​បានបង្ហាញ​សុទិដ្ឋិនិយម​ថា អាស៊ាន​នឹង​នៅតែ​រក្សាបាន​នូវ​គុណ​តម្លៃ និង​ម​ជ្ឈ​ភាព​របស់ខ្លួន ដោយសារ​កិច្ចព្រមព្រៀង​នេះ​នៅតែ​ផ្ដល់ឱកាស​ដល់​អាស៊ាន​ក្នុងការ​សម្របសម្រួល និង​ធ្វើ​សុ​ខុ​ដុម​នីយកម្ម រវាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​+១ ដែល​អាស៊ាន​មាន​ស្រាប់​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ទាំង​ ៥ ដែលមាន​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​។

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀង​នេះ​ផ្តល់​តម្លៃ​ដល់​សហគ្រិន​ធុន​តូច និង​មធ្យម និង​ការគិតគូរ​ដល់​បរិស្ថាន សំដៅ​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​ផ្តល់​របៀបវារៈ​បន្ថែម​សម្រាប់​វិស័យ​ដទៃ​នៅពេល​អនាគត​ផងដែរ​»​។​

​នៅក្នុង​លក្ខខណ្ឌ​នៃ​សេរីភាវូបនីយកម្ម និង​ការបង្កើត​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ វាគ្មិន​បាន​គូសបញ្ជាក់ថា កិច្ចព្រមព្រៀង​អា​សិប​ចាំបាច់​ត្រូវ​ពិនិត្យឡើងវិញ និង​ធ្វើ​បច្ចុប្បន្ន​កម្ម​នូវ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង ដើម្បី​បម្រើ​ដល់​ការបែងចែក​កម្លាំង​ពលកម្ម​អន្តរជាតិ​ប្រកបដោយ​ថាមវន្ត​ក្នុង​តំបន់​អាស៊ី​បូព៌ាជាពិសេស​៕