​ភ្នំពេញៈ លោក ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អន្តរ​សភា​អាស៊ាន (AIPA) ចូលរួម​កិច្ចប្រជុំ​ទល់មុខ​គ្នា​រវាង​អាស៊ាន និង AIPA (​អាយ​ប៉ា​) នា​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​រសៀល​ថ្ងៃទី​ ១០ ខែវិច្ឆិកា នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ រាជធានី​ភ្នំពេញ​។​

​លោក ជាម យៀប អនុប្រធាន​ទី​១ នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណៈប្រតិភូ​សភា​កម្ពុជា នឹងចូលរួម​ផ្តល់នូវ​អនុសាសន៍​ដោយ​ផ្តោត​សំខាន់​លើ​បញ្ហា​គន្លឹះ​ដែលជា​ការ​ប្រឈម​រួម​របស់​ប្រទេស​ជា​សមាជិក AIPA និង​អាស៊ាន នៅក្នុង​កិច្ចប្រជុំ​រៀបចំ​សេចក្តីព្រាង​សារ AIPA នា​ព្រឹក​ថ្ងៃទី​ ១០ ខែវិច្ឆិកា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ​។​

​សេចក្តីប្រកាស​ព័ត៌មាន​រដ្ឋសភា​បញ្ជាក់​នា​ថ្ងៃទី​ ៤ ខែវិច្ឆិកា ថា​៖ «​គណៈប្រតិភូ​សភា​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាយ​ប៉ា​នឹង​នាំយក​នូវ​ធាតុ​ចូល​ដែលជា​ទស្សនៈ​រួម​ក្នុងនាម​ប្រទេស​ជា​សមាជិក​អាយ​ប៉ា​សម្រាប់​ដាក់បញ្ចូល​ទៅក្នុង​សារ​ដែល​នឹងត្រូវ​ថ្លែង​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ប្រធានរដ្ឋសភា និង​ជា​ប្រធាន​ប្តូរ​វេន​អន្តរ​សភា​អាស៊ាន (​អាយ​ប៉ា​) លើក​ទី​៤៣ នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​អាស៊ាន​»​។​

​កិច្ចប្រជុំ​ទល់មុខ​គ្នា​រវាង​អាស៊ាន និង ​AIPA ដែល​បាន​រៀបចំឡើង​នៅ​រាល់​កិច្ចប្រជុំ​កំពូល​អាស៊ាន គឺជា​ជំនួប​ផ្លូវការ​កម្រិត​ខ្ពស់បំផុត​របស់​អាស៊ាន និង ​AIPA ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ទាំង​២​។​

​កិច្ចប្រជុំ​ទល់មុខ​គ្នា​នេះ​ធ្វើឡើង​ក៏​ដើម្បី​ពិភាក្សា​ស៊ីជម្រៅ​លើ​កិច្ចការ​របស់​អាស៊ាន​នៅ​គ្រប់​កម្រិត ក្នុងន័យ​ឆ្ពោះទៅរក​គោលបំណង​រួម​របស់​អាស៊ាន​គឺ សន្តិភាព ស្ថិរភាព និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ជាមួយនឹង​កា​រព​ន្លឿ​ន និង​ជំរុញ​ឱ្យសម្រេចបាន​នូវ​សហគមន៍​អាស៊ាន​មួយ និង​ត្រៀមខ្លួន​សម្រាប់​ការពង្រីក​អាស៊ាន​នាពេល​អនាគត​។

​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​អាស៊ាន និង ​AIPA លើក​ទី​១ ត្រូវបាន​ចាប់ផ្តើម​អនុវត្តន៍​ជា​លើកដំបូង នាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៤ នៅ​ឆ្នាំ​ ២០០៩ នៅ​ខេត្ត​ហ៊ួ​ហ៊ី​ន ប្រទេស​ថៃ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សភា​ប្រទេស​សមាជិក​AIPA និង​អាស៊ាន​។

​ចាប់ពីពេលនោះ​មក កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តទៅ​ចំនួន ១០​ លើករួចមកហើយ ដែល​លើកចុងក្រោយ​នៅ​ឆ្នាំ​ ២០២០ ធ្វើឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម តាម​ប្រព័ន្ធ​និម្មិត​។ ឆ្នាំនេះ​ជា​កិច្ចប្រជុំ​លើក​ទី​១១ ដែល​សភា​កម្ពុជា​បានទទួល​រៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​ទល់មុខ​គ្នា​រវាង​អាស៊ាន និង​ AIPA នេះ​៕