ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្ដិ និង​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក Pablo Kang បានប្រកាស​ពី​ការប្ដេជ្ញាចិត្ត​ក្នុង​ការបន្ត​ជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា និង​អូស្ត្រាលី​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។​

​ភាគី​ទាំង​ ២​ បាន​ប្តេជ្ញាចិត្ត​ដូច្នេះ​ក្នុងជំនួប​នា​ថ្ងៃទី ​៤ ខែវិច្ឆិកា នៅ​ទីស្ដីការ​ក្រសួងពាណិជ្ជកម្ម និង​បាន​ផ្លាស់ប្ដូរ​យោបល់​លើ​វឌ្ឍនភាព​ការបញ្ចប់​ការចរចា​ដំឡើង​កម្រិត​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់ (AANZFTA)​។​

​ភាគី​ទាំង​ ២​ ក៏បាន​ពិភាក្សា​អំពី​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់ ព្រមទាំង​សកម្មភាព​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រោម​ជំនួយ​បច្ចេកទេស​របស់​អូស្ត្រាលី​។

​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម​បញ្ជា​ក់នា​ថ្ងៃទី ​៥ ខែវិច្ឆិកា​ថា​៖ «​ភាគី​ទាំង​ ២ ​បាន​សម្ដែង​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ ២ ព្រមទាំង​បាន​សម្ដែង​នូវ​ការប្ដេជ្ញាចិត្ត​បន្ត​ជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​ល្អ​នេះ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​»​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល​បញ្ជាក់ ថា លោក Pablo Kang បានលើកឡើង​ពី​កិច្ចសហការ​ល្អ​រវាង​ប្រទេស​កម្ពុជា និង​អូស្ត្រាលី និង​បាន​កោតសរសើរ​អំពី​ភាពជោគជ័យ​របស់​កម្ពុ​ជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ផងដែរ​។​

​ប្រភព​ដដែល​បន្តថា នៅក្នុង​ជំនួប​នេះ ភាគី​ទាំង​ ២​ បាន​ពិភាក្សាគ្នា​អំពី​ទស្សនទាន​ល្អៗ​ចំពោះ​វឌ្ឍនភាព​នៃ​ការចរចា​ដំឡើង​កម្រិត​កិច្ចព្រមព្រៀង AANZFTA ដែល​ស្ថិតក្រោម​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ដោយ​បានទទួល​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ នឹង​ឈានដល់​ការបញ្ចប់​ជា​ដុំកំភួន​លើ​ការចរចា​ដំឡើង​កម្រិត​នៃ​កិច្ចព្រមព្រៀង​នេះ​នាពេលខាងមុខ​។

​ភាគី​ទាំង​ ២​ ក៏បាន​ពិភាក្សាគ្នា​អំពី​ការរៀបចំ​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់ នៅ​អំឡុងពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​២១ ​នាពេលខាងមុខ នៅ​រាជធានី​ភ្នំពេញ​៕