​ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បញ្ជាក់​ឡើងវិញ​ពី​ការប្ដេជ្ញាចិត្ត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​ជួញដូរ​មនុស្ស ខណៈ​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស​មានការ​វិ​វ​ឌ្ឍ​ប្រែប្រួល ដោយសារតែ​មានការ​ផ្សារភ្ជាប់​ទៅនឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​គ​មនាគ​មន៍​។​

​លោក​បញ្ជាក់​ដូច្នេះ​ក្នុងជំនួប​ជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​៤ ខែវិច្ឆិកា​។

​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ​បញ្ជាក់​ក្រោយ​ជំនួប​ថា លោក Murphy បានកត់សម្គាល់​ទៅលើ​យុទ្ធនាការ និង​លទ្ធផល​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្ស ដែល​កម្ពុជា​បាន​អនុវត្ត​ក្នុង​រយៈពេល​កន្លងមក​។ លោក​ថា មួយរយៈ​នេះ មាន​បទល្មើស​មួយចំនួន​បានកើត​ឡើង ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេសមួយ​ចំនួន​ត្រូវ​ចាញ់បោក​ឧក្រិដ្ឋជន​នាំ​ឆ្លងដែន​ចូលមក​កម្ពុជា​ដោយ​ខុសច្បាប់​។

​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​ដកស្រង់​សម្ដី លោក Murphy ថា សហរដ្ឋអាមេរិក​ត្រៀម​ផ្ដល់​កិច្ចសហការ​លើ​ការងារ​នេះ ក្នុងខណៈដែល​សហរដ្ឋ​អាមេរិក ក៏​កំពុងតែធ្វើការ​ងារ​នេះ​ជាមួយ​អន្តរក្រសួង​ផ្សេងៗ​ទៀត​ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា ដូចជា​ក្រសួង​កិច្ចការនារី​ជាដើម​។​

​លោក ស ខេង ថ្លែងថា​៖ «​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ឆន្ទៈ​នយោបាយ គឺ​រដ្ឋាភិបាល​កម្ពុជា​ពុំមាន​អ្វី​ប្រែប្រួល​នោះទេ​ចំពោះ​ការប្ដេជ្ញាចិត្ត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​នេះ​។ បច្ចុប្បន្ននេះ​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស​មានការ​វិ​វ​ឌ្ឍ​ប្រែប្រួល​ដោយសារតែ​មានការ​ផ្សារភ្ជាប់​ទៅនឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​គ​មនាគ​មន៍ ក៏ដូចជា​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​»​។​

​លោក​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​អនុវត្ត​នូវ​កិច្ចការ​ប្រយុទ្ធប្រឆាំង​ល្បែងស៊ីសង​ខុសច្បាប់ ទាំង​អន​ឡាញ និង​មិន​អន​ឡាញ ការធ្វើ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស និង​ការងារ​ប្រយុទ្ធប្រឆាំង​ការសម្អាត​ប្រាក់​ជាដើម​។

​លោក ស ខេង បញ្ជាក់ថា​៖ «​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​កម្ពុជា បាន​និង​កំពុងតែបន្ត​អនុវត្ត ដើម្បី​សង្គ្រោះ​ជនរងគ្រោះ ព្រមទាំង​ផ្ដន្ទាទោស​ជនល្មើស និង​អ្នកពាក់ព័ន្ធ​ផងដែរ​។ សមត្ថកិច្ច​ក៏​បន្ត​ពង្រីក​ការស្រាវជ្រាវ​បទល្មើស​ទាំងនេះ ដើម្បី​រកឱ្យឃើញ ក្នុងករណី​មានការ​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​សម្អាត​ប្រាក់​»​។

​លោក​បន្តថា បញ្ហា​បទល្មើស​ជួញដូរ​មនុស្ស​នេះ គឺ​មិនអាច​ប្រទេស​ណាមួយ​អនុវត្ត​តែម្នាក់ឯង​នោះឡើយ តែ​ទាមទារ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ក្នុង​កម្រិត​តំបន់ និង​សកលលោក ជាពិសេស​គឺ​រវាង​កម្លាំង​អនុវត្ត​ច្បាប់​៕​