ភ្នំពេញៈ រដ្ឋមន្ត្រី​កសិកម្ម លោក ឌិ​ត ទីណា និង លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា នា​ថ្ងៃទី​ ៤ ខែវិច្ឆិកា បាន​ពិភាក្សាគ្នា​អំពី​កម្មវិធី​ថ្មី​ភាពជា​ដៃគូ​កម្ពុជា​-​អូស្ត្រាលី សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែលមាន​ភាព​ធន់ (CAP-RED)​។​

​លោក ឌិ​ត ទីណា បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក ក្រោយ​ជំនួប​នេះ​ថា​៖ «​ខ្ញុំ​បានទទួល​ជួប​ឯកឧត្តម Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ២ លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា និង​កម្មវិធី​ថ្មី​ភាពជា​ដៃគូ​កម្ពុជា​-​អូស្ត្រាលី សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដែលមាន​ភាព​ធន់​»​។​

​ក្រៅពីនេះ ភាគី​ទាំង​២​ក៏បាន​ពិភាក្សាគ្នា​អំពី​គម្រោង CAP-RED ដែលជា​គម្រោង​ថ្មី​ដោយ​ប្រើ​ថវិកា​របស់​អូស្ត្រាលី​ដើម្បីឱ្យ​ត្រូវ​នឹង​តម្រូវការ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា បន្ទាប់ពី​កម្មវិធី​ខ្សែចង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី (CAVAC) ដែល​ត្រូវ​បានបញ្ចប់​កាលពី​ខែមិថុនា រដ្ឋាភិបាល​អូស្ត្រាលី​បាន​បន្ត​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅលើ​គម្រោង​ថ្មី​មួយទៀត គឺ​ការធ្វើ​ពិពិធ​កម្មវិស័យ​កសិកម្ម​រប​ស់​កម្ពុជា ក្រោម​កម្មវិធី​ថ្មី​គឺ CAP-RED ដែល​ផ្តោតលើ​វិស័យ​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និង​អប់រំ​៕​