ត្បូងឃ្មុំៈ ខេត្ត​ត្បូងឃ្មុំ​នឹង​រៀប​ចំការ​ប្រណាំងទូក តាំងពិព័រណ៍ និង​ការប្រគំ​តន្ត្រី​ខ្នាត​ធំ រយៈពេល​ ៣​ ថ្ងៃ នៅ​ថ្ងៃទី ​៧-៩ ខែវិច្ឆិកា ដោយមាន​ទូក​សរុប​ចំនួន​ប្រមាណ​ ៤៦​ ទូក ដែល​ក្នុងនោះ​ទូក​អន្តរជាតិ មាន​ចំនួន​ ២៨ ​ទូក​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋបាលខេត្ត​នេះ​។​

​ក្នុង​កិច្ចប្រជុំ​មួយនា​ថ្ងៃទី ​៥ ខែវិច្ឆិកា លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បានលើកឡើង​ពី​វិធានការ​ជុំវិញ​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ការបញ្ចៀស​ចរាចរណ៍​រថយន្ត​ក្នុងពេល​ប្រារព្ធ​ពិធី ការត្រៀម​រៀបចំ​កន្លែង​ស្នាក់នៅ​សម្រាប់​កីឡាករ​អុំទូក​ស្នាក់នៅ និង​ការរៀបចំ​ទីលាន​ប្រណាំងទូក​។​

​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​បានឱ្យដឹង​នា​ថ្ងៃទី ​៥ ខែវិច្ឆិកាថា លោក​បានលើកឡើង​ពី​ការដាក់ចេញ​នូវ​ផែនការ​សង្គ្រោះ​ទូក​លិច ការសង្គ្រោះ​អ្នកជំងឺ ការរៀបចំ​តុបតែង​លម្អ​សោភ័ណភាព អនាម័យ បរិស្ថាន និង​អគ្គិសនី ការផ្សព្វផ្សាយ​នាម​សប្បុរសជន ការផ្សាយ​ផ្ទាល់​នូវ​ព្រឹត្តិការណ៍​ប្រណាំងទូក​។​

​អភិបាលខេត្ត​រូបនេះ ថ្លែងថា​៖ «​ដោយសារ​ពេលវេលា​កាន់តែ​ខិតជិត​មកដល់​ហើយ​នោះ សូមឱ្យ​អនុគណៈកម្មកា​ដែល​បាន​បែងចែក​រួច​ទទួលបន្ទុក​រៀបចំ ធ្វើការ​បែងចែក​ទៅតាម​ក្រុមការងារ​ជំនាញ​រៀងៗ​ខ្លួន ពិសេស​ការរៀបចំ​សម្អាត​សោភ័ណភាព​ទីតាំង​ប្រារព្ធ​ពិធី មានដូចជា អនាម័យ​បរិស្ថាន ការ​ទុកដាក់​សំរាម ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ ទាំង​នៅ​ទីតាំង​ប្រណាំងទូក និង​ទីតាំង​តាំងពិព័រណ៍​ការប្រគំ​តន្ត្រី​កម្សាន្ត​»​។​

​លោក​បាន​ណែនាំ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​ធ្វើ​កិច្ចការ​នេះ​ដោយ​យកចិត្តទុកដាក់​ខ្ពស់ និង​ឱ្យបាន​ល្អប្រសើរ ដោយ​លោក​បញ្ជាក់ថា ខេត្ត​ត្បូងឃ្មុំ​កំពុងអភិវឌ្ឍន៍​រីកចម្រើន​ជា​លំដាប់​៕​