ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ក្រុងព្រះសីហនុ​នឹងត្រូវ​សម្ពោធ​ជា​និមិត្តរូប​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នឹង​ត្រូវ​ធ្វើឡើង​នាឱកាស​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​របស់​លោក លី ខឺឈាង នាយករដ្ឋមន្ដ្រី​ចិន ដែល​មាន​រយៈពេល​ ៣​ ថ្ងៃ ចាប់ពី​ថ្ងៃទី​ ៨ ដល់​ថ្ងៃទី​ ១១ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​ ៥ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ​នេះ​។

គួរបញ្ជាក់​ជូន​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ដ្រី​ចិន លី ខឺឈាង មកកាន់​កម្ពុជា​នាពេល​ខាងមុខនេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន​។ ក្នុង​អំឡុងពេល​នៃ​ទស្សនកិច្ច​នេះ លោក លី ខឺឈាង នឹង​អញ្ជើញ​ថ្វាយបង្គំ​គាល់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ព្រះបរមរាជវាំង​។

ក្រៅពីនោះ លោក​ក៏​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព ដោយ​ផ្តោត​ការពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយចំនួន ដែលជា​កង្វល់​រួម​។ នៅ​ចុងបញ្ចប់​នៃ​ជំនួប ថ្នាក់ដឹកនាំ​ទាំងពីរ​នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​មួយចំនួន និង​ក្នុង​ពិធី​សម្ពោធ​ជា​និមិត្តរូប​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​។

សូមជម្រាប​ថា ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ក្រុង​ព្រះសីហនុ​មានតម្លៃ​ជាង​ ២០០០​ លាន​ដុល្លារ និង​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ និង​ថ្នល់​ចិន (CRBC) ពី​ប្រទេស​ចិន តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd​។ ក្រសួង​សាធារណការ​បាន​បញ្ជាក់ថា ផ្លូវ​មាន​ប្រវែង​ ១៨៧ ​គីឡូម៉ែត្រ​នេះ បាន​ភ្ជាប់​ពី​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ទៅ​ភូមិ​១ សង្កាត់​លេខ​៣ នៃ​ក្រុងព្រះសីហនុ​។

នៅក្នុង​រយៈពេល​មួយខែ​តុលា​នៃ​ការបើក​ឱ្យប្រើប្រាស់​សាកល្បង​ដោយ​ឥតគិតថ្លៃ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​បាន​ទទួល​យានយន្ត​ចំនួន​ជិត ៤៤ ​ម៉ឺន​គ្រឿង​។ ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ បានចាប់ផ្តើម​គិតថ្លៃ​សេវា​ធ្វើដំណើរ ចាប់​ថ្ងៃទី​ ០១ ខែវិច្ឆិកា ឆ្នាំ​ ២០២២​ ។ ចំពោះ​សេវា​ធ្វើដំណើរ នឹងត្រូវ​គណនា​តាម​ចម្ងាយ​ជាក់ស្តែង​នៃ​ការបើកបរ និង​តាម​ប្រភេទ​យានយន្ត​។ ក្រុមហ៊ុន​ក៏មាន​ការបញ្ចុះ​តម្លៃ​សេវា​ចំនួន ២០% ជូន​ដល់​បងប្អូន​អ្នកធ្វើដំណើរ​ផងដែរ ចាប់ពី​ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ​ ២០២២ រហូតដល់​ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ​ ២០២៣ ​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​ការបរទេស​កម្ពុជា​ដដែល ក្រៅពី​ការសម្ពោធ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ លោក​នាយក​រដ្ឋមន្ដ្រី​ចិន ក៏​នឹងធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​សៀមរាប ដើម្បី​ធ្វើជា​អធិបតី​ជាមួយ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​ពិធី​ប្រគល់​គម្រោង​ស្ថាបនា​ឡើងវិញ​នៃ​ប្រាសាទ​តាកែវ​ផងដែរ​៕