ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ចាត់ទុក​វត្តមាន​របស់ លោក Joe Biden ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ខាងមុខនេះ ថា​ជា​ការ​លើកកម្ពស់​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ហើយ​លោក​ជឿជាក់​ថា កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​នឹង​បន្ត​រីកចម្រើន​។

លោក​លើកឡើង​ដូច្នេះ​ក្នុងជំនួប​ជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​ ៤ ខែវិច្ឆិកា​។

លោក ស ខេង ថ្លែងថា នាពេល​ឆាប់ៗ​ដ៏ខ្លី​ខាងមុខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាជន​កម្ពុជា​នឹង​ទទួល​ស្វាគមន៍​បណ្ដា​ថ្នាក់ដឹកនាំ​ក្នុង​តំបន់ និង​អន្តរជាតិ​ដែល​នឹង​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា ក្នុងនោះ​ក៏មាន​វត្តមាន​លោក Joe Biden ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ក្រោយ​ជំនួប​ថា​៖ «​សម្ដេច​ក្រឡាហោម​បានចាត់ទុក​វត្តមាន​របស់​ឯកឧត្តម​ប្រធានាធិបតី ថា មិន​ត្រឹមតែ​ជាការ​ផ្តល់​តម្លៃ​លើ​ទំនាក់​ទំនង​រវាង​កម្ពុជា និង​អាស៊ាន​រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ក៏​ជាការ​ផ្តល់​តម្លៃ និង​ជាការ​លើកកម្ពស់​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា​៖ «​សម្ដេច​សង្ឃឹម​ជឿជាក់​ថា កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នឹង​បន្ត​រីកចម្រើន​ឥតឈប់ឈរ​»​។

ប្រភព​ដដែល​បញ្ជាក់ថា លោក Murphy បាន​ចូលរួម​អបអរសាទរ​ចំពោះ​កម្ពុជា​ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន ហើយ​លោក​ក៏​រំពឹងថា នឹងចូលរួម​នៅក្នុង «​ព្រឹត្តិការណ៍​ដ៏មាន​សារៈសំខាន់​» នៅពេល​ខាងមុខ​នេះ​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែមថា លោក Murphy បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​កម្ពុជា​ និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ជួយ​សម្របសម្រួល​ដល់​សំណើ​ផ្សេងៗ​ក្នុងការ​សម្រួល​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​សហរដ្ឋអាមេរិក​មកកាន់​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ខាង​មុខនេះ​។

លោក Joe Biden គ្រោង​នឹង​មក​កម្ពុជា នៅ​ថ្ងៃទី​ ១២ និង​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ខាងមុខនេះ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា​នៅ​រាជធានី​ភ្នំពេញ​៕