ភ្នំពេញៈ លោក នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​សូម​ការ​អធ្យាស្រ័យ​ពី​លោកជំទាវ​ភរិយា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​នានា​ដែល​នឹង​អញ្ជើញ​មក​កម្ពុ​ជា​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ដែល​ភរិយា​របស់​លោក​មិនអាច​ចេញ​​ទៅ​ទទួលបាន ដោយសារ​តែ​លោកស្រី ប៊ុន រ៉ានី ​ហ៊ុនសែន​ស្ថិតក្នុង​រយៈពេល​នៃ​ការព្យាបាល​។ នេះ​បើតាម​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃអាទិត្យ​ទី​ ៦​ ខែវិច្ឆិកា​នេះ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​ពិតជា​មាន​ការ​ងឿងឆ្ងល់​ច្រើន​អំពី​ការ​អវត្តមាន​ភរិយា​ខ្ញុំ​ក្នុង​ពិធី​ធំៗ​រយៈពេល​កន្លងមក​ និង​ការប្រជុំ​អាស៊ាន​នាពេលខាងមុខ​។ ភរិយា​ខ្ញុំ​មាន​បញ្ហា​សុខភាព​ទាក់ទង​ដល់​ឆ្អឹងខ្នង​ ដែល​គ្រូពេទ្យ​តម្រូវឱ្យ​គាត់​មិនអាច​អង្គុយ​យូរ​បាន​»​។

អ្នកគាំទ្រ ដែល​មាន​ទាំង​ពលរដ្ឋ​ធម្មតា មន្ត្រី​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ជាដើម​បានខ​មិន (comment) ​ជូនពរ​លោកស្រី​ ប៊ុន រ៉ានី ​ហ៊ុនសែន​ ឱ្យ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ និង​មាន​សុខភាព​ល្អ​៕