ភ្នំពេញៈ​ «​យុទ្ធនាការ​អន្ទាក់​សូន្យ​» ដែល​បាន​ផ្តួចផ្តើម​គំនិត​ និង​ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន​ដោយ​មាន​ការចូល​រួមសហការ​គាំទ្រ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ខេត្ត​ចំនួន ​៦ ​ចាប់ពី​ខែមីនា ដល់​ខែកញ្ញា ឆ្នាំ ២០២២​ បាន​បិទ​បញ្ចប់​ប្រកប​ដោយ​លទ្ធផល​ជោគជ័យ​ជាទី​មោទនៈ​។

ខេត្ត​ទាំងនោះ​រួមមាន​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និង​កំពង់ធំ ហើយ​គោលដៅ​ចម្បង​នៃ​យុទ្ធនាការ​គឺ​៖ បញ្ចប់​វិបត្តិ​អន្ទាក់ និង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នៅ​កម្ពុជា​។ នេះ​គឺជា​ការបញ្ជាក់​របស់​លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​យុទ្ធនាការ​អន្ទាក់​សូន្យ​នេះ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅ​ថ្ងៃទី​ ៤ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​។ កិច្ចប្រជុំ​នោះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​តំបន់​ការពារ​ធម្មជាតិ និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​ដែលជា​ដៃគូ​រៀបចំ​យុទ្ធនារ​អន្ទាក់​សូន្យ​។

លោក​ នេត្រ ភក្ត្រា បាន​ថ្លែងអំណរគុណ​ដល់​អង្គការ​ដៃគូ​ដែល​បាន​ចូលរួម​ជាមួយ​ក្រសួង​បរិស្ថាន​រៀបចំ​យុទ្ធនាការ​ដ៏មាន​សារៈសំខាន់​ ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​ប្រជាពលរដ្ឋ​ចំពោះ​ការហូប​សាច់សត្វ​ព្រៃ និង​ការផ្សព្វផ្សាយ​ពី​ផល​លំបាក​នៃ​អន្ទាក់​ទៅលើ​សុវត្ថិភាព​សត្វព្រៃ​ និង​មនុស្ស​។

យោងតាម​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ក្នុង​រយៈពេល​ ៦​ ខែ​បានឱ្យដឹងថា យុទ្ធនាការ​អន្ទាក់​សូន្យ​នេះ​មាន​អ្នកចូលរួម​ដោយផ្ទាល់​ជាង ៣ ពាន់​នាក់ មាន​អត្ថបទ​ព័ត៌មាន​ជាង ៦០០ ចំណងជើង​ត្រូវបាន​សរសេរ​ និង​ចុះផ្សាយ​លើ​បណ្តាញ​ព័ត៌មាន​ជាតិ​ និង​អន្តរជាតិ និង​បាន​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​ជាង ៣ លាន​នាក់​។

ជាមួយ​គ្នានេះ ភោជនីយដ្ឋាន​ចំនួន ៥២ ក្នុង​ខេត្ត​ទាំង ៦ នៃ​ខេត្ត​គោលដៅ​យុទ្ធនាការ​អន្ទាក់​សូន្យ បាន​ប្រកាស​ជា​កន្លែង​មិន​លក់​មុខម្ហូប​ដែល​ធ្វើ​ពី​សាច់​សត្វព្រៃ ហើយ​ភោជនីយដ្ឋាន​ទាំងនេះ​បាន​ទទួល​នូវ​បណ្ណ​សរសើរ​មេត្រី​បរិស្ថាន​ពី​ក្រសួង​បរិស្ថាន​ចំពោះ​ការតាំង​ចិត្ត​ និង​ចូលរួម​ក្នុង​ការទប់ស្កាត់​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​ផងដែរ​។

លោក​ នេត្រ ភក្ត្រា បាន​ថ្លែងថា​៖ «​យុទ្ធនាការ​អន្ទាក់​សូន្យ​នេះ បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ ជាពិសេស​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្តល់​ជម្រក​សុវត្ថិភាព​ដល់​សត្វព្រៃ ដោយ​រក្សា​ព្រៃឈើ​បាន នឹង​សម្បូណ៌​សត្វព្រៃ​»​។

លោក​បាន​បន្តថា សាធារណជន​ទូទៅ​នៅ​កម្ពុជា​បាន​ដឹង​ពី​យុទ្ធនាការ អន្ទាក់​សូន្យ និង​បាន​ទទួល​ព័ត៌មាន​យ៉ាង​ទូលំទូលាយ​តាមរយៈ​ការផ្សព្វផ្សាយ​ចេញពី​យុទ្ធនាការ​អន្ទាក់​សូន្យ​។ តាមរយៈ​ការអនុវត្ត​យុទ្ធនាការ​អន្ទាក់​សូន្យ​ភាគី​ពាក់ព័ន្ធ និង​ដៃគូ​ទាំងអស់​បាន​ផ្តល់​ឆន្ទៈ​ធ្វើការ​រួមគ្នា​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការស្វែងរក​ដំណោះស្រាយ​រួមគ្នា​ចំពោះ​វិបត្តិ​ដែល​កំពុង​កើតមាន​សំដៅ​សម្រេចបាន​នូវ​គោលបំណង​រួម​តែមួយ​គឺ​ការ​ឈានទៅ​លុបបំបាត់​ការប្រើ​អន្ទាក់​គ្រប់​ប្រភេទ​ក្នុង​តំបន់​ការពារ​របស់​កម្ពុជា​។

ក្នុង​កិច្ចប្រជុំ​នោះដែរ​លោក​រដ្ឋ​លេខាធិការ​ក៏បាន​លើកទឹកចិត្ត​បន្ថែម​ដល់​ភាគី​ពាក់ព័ន្ធ និង​ដៃគូ​ទាំងអស់​ក្នុង​ការបន្ត​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​ភាពជា​ដៃគូ​ប្រកបដោយ​ឆន្ទៈ​រួម​នេះ​ ដើម្បី​រៀបចំ​ផែនការ​សម្រាប់​ការអនុវត្ត​យុទ្ធនាការ​អន្ទាក់​សូន្យ​បន្តទៀត​ ដោយ​ផ្តោតលើ​ធាតុ​ ៣ ​សំខាន់ៗ​គឺ​៖ ទី ​១) គួររៀបចំ​ផែនការ​សកម្មភាព​ជាក់លាក់​ដែល​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​សហគមន៍​មូលដ្ឋាន​ ដើម្បី​ចូលរួម​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឱ្យបាន​ប្រសើរ ដែលជា​ការបន្ត​លើកទឹកចិត្ត​ដល់​សហគមន៍​ក្នុងការ​ចូលរួម​ការងារ​អភិរក្ស និង​ថែរក្សា​ធនធាន​ធម្មជាតិ និង​សត្វព្រៃ​សម្រាប់​បម្រើឱ្យ​ការអភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍​។ ទី​ ២) បង្កើន​ការរៀបចំ​សកម្មភាព​អប់រំ​ជាក់លាក់​បន្ថែមទៀត​ដល់​អ្នក​និយម​បរិភោគ អ្នកលក់ អ្នកទិញ និង​អ្នកជួញដូរ​សត្វព្រៃ​ ដើម្បី​សំដៅ​កែប្រែ​ឥរិយាបថ​របស់​អ្នក​ទាំងនោះ​ឱ្យ​បញ្ឈប់​នូវ​ទង្វើ ដែល​សង្គមជាតិ​ទូទៅ​មិន​ផ្តល់​តម្លៃ​សោះ ហើយ​ប្រែក្លាយ​សកម្មភាព​ខុសច្បាប់​ទាំងនោះ​មកជា​ការចូលរួម​ក្នុងការ​ការពារ​សត្វព្រៃ និង​អភិរក្ស​ជីវចម្រុះ​របស់​កម្ពុជា​ឱ្យ​ស្ថិតនៅ​គង់វង្ស​សម្រាប់​ជា​ប្រយោជន៍​ដល់​កូនចៅ​ច្រើន​ជំនាន់​តទៅ​ថ្ងៃ​អនាគត​។ និង​ទី ​៣) គួររៀបចំ​និង​ពង្រឹង​ផែនការ​អភិរក្ស​ឱ្យ​មាន​ប្រសិទ្ធភាព​ថែមទៀត​ ដើម្បី​ស្រាវជ្រាវ​តាមដាន ពង្រឹង​ការអនុវត្ត​ច្បាប់​ទាំង​ក្នុង និង​ក្រៅ​តំបន់​ការពារ និង​ស្តារ​ចំនួន​សត្វព្រៃ​ឱ្យមាន​ស្ថានភាព​ប្រសើរ​ឡើងវិញ​ដោយ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​សហគមន៍​មូលដ្ឋាន​ចូលរួម​ក្នុង​សកម្មភាព​ទាំងនេះ ក្នុង​គោលបំណង​បញ្ចៀស​ឱ្យបាន​នូវ​ការពង្រាយ​អន្ទាក់​ថ្មី​ទៀត និង​ការ​បរបាញ់​សត្វព្រៃ​ខុសច្បាប់​។

ក្រោម​ឆ័ត្រ​នៃ «​យុទ្ធនាការ​អន្ទាក់​សូន្យ​» ស្ថាប័ន និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​បានមក​ធ្វើការ​រួមគ្នា​ក្រោម​ការដឹកនាំ​របស់​ក្រសួង​បរិស្ថាន ដោយមាន​ភាពជា​ដៃគូ​ជាមួយ​អង្គការ WWF ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) អង្គការ​អភិរក្ស​អន្តរជាតិ (CI) អង្គការ BirdLife និង អង្គការ​សម្ព័ន្ធ​សត្វព្រៃ​និង​ធម្មជាតិ (Wild Earth Allies) អង្គការ FFI អង្គការ RECOFT អង្គការ ACCB គម្រោង Green Prey Lang, Morodok Baitong, Cambodia Green Future និង​អង្គការ​ដៃគូ​នៅ​កម្រិត​មូលដ្ឋាន​ផ្សេងទៀត ដោយបាន​រៀបចំ​ជា​សកម្មភាព​យុទ្ធនាការ​ និង​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅតាម​តំបន់​នានា​ក្នុង​ខេត្ត​គោលដៅ​នៃ​តំបន់​ការពារ​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​។

ក្នុង​រយៈពេល​យុទ្ធនាការ ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​បាន​ប្តេជ្ញា​លុបបំបាត់​ការដាក់​អន្ទាក់ និង​ការជួញដូរ​សត្វព្រៃ​តាមរយៈ​យុទ្ធនាការ​ជាតិ​នេះ​។ ក្រសួង​បរិស្ថាន ព្រមទាំង​ដៃគូ​អភិរក្ស និង​ដៃគូ​អភិវឌ្ឍន៍​ធ្វើការ​រួមគ្នា​ ដើម្បី​ផ្តល់​ជម្រើស​មុខរបរ រួមទាំង​គំនិត​ផ្តួចផ្តើម កសិកម្ម និង​អេកូទេសចរណ៍​ដល់​សមាជិក​សហគមន៍​ដែល​រស់នៅ​ក្នុង និង​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ ដែលមាន​ទំនៀមទម្លាប់​ពឹង​ផ្អែកលើ​ការប្រមូល​អនុផល​ព្រៃឈើ និង​ការ​បរបាញ់​សត្វព្រៃ​តាមបែប​ប្រពៃណី​ ដើម្បី​យក​សាច់​បរិភោគ និង​ជួញដូរ​ផ្សេងៗ​។

ទាំង​មន្ត្រី​ក្រសួង​បរិស្ថាន​ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​អភិរក្ស​បានបង្ហាញ​ការពេញចិត្ត​ចំពោះ​លទ្ធផល​ដែល​ទទួលបាន​ពី​យុទ្ធនាការ​អន្ទាក់​សូន្យ​រយៈពេល ៦ ខែ​មកនេះ​ដោយ​បាន​គូសបញ្ជាក់ថា​វា​ជា​កិច្ចការងារ​ចាំបាច់​បំផុត​ដែល​ក្រសួង​បរិស្ថាន​ និង​អង្គការ​ដៃគូ​រួមគ្នា​ធ្វើ​យុទ្ធនាការ​រួមគ្នា ដើម្បី​លុបបំបាត់​អន្ទាក់​ ដែល​ជា​ឃាតក​លាក់​មុខ​សម្លាប់​សត្វព្រៃ​កម្ពុជា​ជា​រៀងរាល់ថ្ងៃ​។

គេ​មិនដឹងថា​ក្នុង​មួយ​ឆ្នាំមាន​អន្ទាក់​ប៉ុន្មាន​នោះទេ​ដែល​ត្រូវ​បានដាក់​ក្នុង​តំបន់ការពារ​ធម្មជាតិ​កម្ពុជា តែ​យោងតាម​ទិន្នន័យ​នៃ​ក្រសួង​បរិស្ថាន អន្ទាក់​ជាង ៦ ម៉ឺន​ត្រូវបាន​ដោះ​នៅ​ឆ្នាំ ២០២១ កន្លងទៅ​។ តាម​ការសិក្សា​កន្លងទៅ​ដោយ​ក្រសួង​បរិស្ថាន និង​អង្គការ​ដៃគូ បរិមាណ​អន្ទាក់​ត្រឹមតែ ២០% ប៉ុណ្ណោះ​ដែល​ដោះ​ចេញពី​តំបន់​ការពារ​ធម្មជាតិ​ក្នុង​មួយឆ្នាំ​។

អន្ទាក់​សម្លាប់​ដោយ​មិន​រើសមុខ​ឡើយ​រាប់​ចាប់ពី​ពពួកសត្វ​អណ្តើក រហូត​ដល់​សត្វ​ដំរី ពពួក​ពានរ ក៏ដូចជា​សត្វ​ស្លាប គឺ​សុទ្ធសឹង​ទទួលរង​គ្រោះថ្នាក់​ដោយ​អន្ទាក់​ទាំងអស់​។ សត្វព្រៃ​ដែល​បាន​ជាប់អន្ទាក់​ហើយ​ត្រូវ​ចុះថមថយ​កម្លាំង​អស់​រយៈពេល​ជាច្រើន​ថ្ងៃមុន​ឈាន​ដល់​ការស្លាប់​ ដោយសារ​មាន​របួស ខ្វះ​ទឹក ឬ​ការ​អត់​អាហារ​។ អន្ទាក់​គឺជា​កត្តា​រួមចំណែក​ដ៏ធំ​មួយ​ដល់​ភាព​ផុត​ពូជ​នៃ​សត្វ​ខ្លាធំ​នៅក្នុង​ប្រទេស​កម្ពុជា និង​ជា​កត្តា​រួមចំណែក​ដ៏​ចម្បង​មួយ​នៃ​ការធ្លាក់ចុះ​ដ៏​គួរឱ្យកត់សម្គាល់​នៃ​ចំនួន​សត្វ​ខ្លារខិន​។ នៅ​កម្ពុជា សត្វ​ខ្ទីង ទន្សោង ប្រើស និង​សត្វ​ក្រចកជើង​ចម្ពាម​ច្រើន​ប្រភេទ​ទៀត​កំពុង​រង​ការគំរាម​កំហែង និង​ប្រឈម​នឹង​ការ​ផុត​ពូជ​ ដោយសារ​តែ​វិបត្តិ​អន្ទាក់​នេះ​។ រីឯ​សត្វ​ត្មាត និង​សត្វ​ត្រយង​យក្ស​ដែល​សុទ្ធសឹង​ជា​ប្រភេទ​សត្វ​ស្លាប​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​ក៏​រងគ្រោះ​ដោយ​វិបត្តិ​អន្ទាក់​នេះ និង​ការបំពុល​ផងដែរ​។

លោក​ នេត្រ ភក្ត្រា ​ក៏បាន​ថ្លែង​ផងដែរ​ថា​៖ «​យុទ្ធនាការ​អន្ទាក់​សូន្យ​នឹងមិន​បញ្ឈប់​ត្រឹមនេះ​ទេ ប៉ុន្តែ​នឹង​បន្ត​ធ្វើជា​លក្ខណៈ​ភ្លៀងរលឹម ហើយនឹង​ត្រូវ​ពង្រីក​ទៅកាន់​តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ​ដូចជា​ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង ខេត្ត​ពោធិ៍សាត់​ជាដើម​ដែលជា​តំបន់​មាន​តំបន់​ការពារ​ធម្មជាតិ និង​មាន​ការ​លួច​បរបាញ់ និង​លក់ដូរ​សាច់សត្វ​ព្រៃ​ខុសច្បាប់​»​។

តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​បាន​រំពឹង​ទុក​ថា យុទ្ធនាការ​នេះ​នឹង​ដឹកនាំ​ឱ្យ​ឈានទៅដល់​ការពិនិត្យ​ឡើងវិញ និង​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ​នានា​ទាក់ទង​ទៅនឹង​ការដាក់ទោស​ចំពោះ​ការកាន់កាប់​អន្ទាក់ និង​ការប្រើ​សត្វ​ឆ្កែ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ ការបង្កើត​ឱ្យ​មាន​អង្គភាព​អនុវត្ត​ច្បាប់​ចម្រុះ​នៅ​ថ្នាក់​ខេត្ត​ទទួលបន្ទុក​ការ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​សត្វព្រៃ និង​ការអនុម័ត​យក​វិធានការ​បង្ការ​ដែល​បាន​ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក​កាលពី​ខែមេសា ឆ្នាំ​ ២០២១ ស្តីពី​ហានិភ័យ​សុខភាព​សាធារណៈ​ពាក់ព័ន្ធ​នឹង​ការលក់​សត្វព្រៃ​រស់​សម្រាប់​ជា​អាហារ និង​ការបរិភោគ​សាច់សត្វ​ព្រៃ​៕