ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ក្រុម​អ្នកតវ៉ា​ជា​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ពី​ការផ្អាក​ការប្រមូលផ្ដុំ​ជួបជុំ​តវ៉ា​នៅមុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​តាម​ទីសាធារណៈ​របស់​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ក្នុង​អំឡុងពេល​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​ ៦ ដល់​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ​។

លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៥ ​ខែវិច្ឆិកា​បាន​សរសេរ​ថា កន្លងមក​ក្រុម​អ្នកតវ៉ា ដែលជា​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ធ្វើការ​ប្រមូលផ្តុំ​ជួបជុំ​តវ៉ា​នៅមុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទី​ ១ និង​ទី ​២ និង​តាម​ទីតាំង​សាធារណៈ​ក្រោម​ហេតុផល​វិវាទ​ការងារ​នោះបាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ទោះបីជា​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ព្យាយាម​ធ្វើការ​សម្របសម្រួល ពន្យល់​ណែនាំ និង​ធ្វើជា​អន្តរការី​ក្នុងការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​តាម​នីតិវិធី​ជាច្រើនលើក​ច្រើនសា​យ៉ាងណាក្តី ក្រុម​អ្នកតវ៉ា​នៅតែ​បដិសេធ​មិន​ទទួល​យក​ដំណោះស្រាយ​នៅឡើយ​។

ក្នុង​ន័យនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ក្រើនរំឭក​ជាថ្មី​ម្ដងទៀត​ដល់​ក្រុមអ្នកតវ៉ា ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ប្រមូលផ្តុំ​ជួបជុំ​តវ៉ា​ក្នុង​អំឡុង​ពេលដែល​ប្រជាពលរដ្ឋ​កំពុង​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក ជាពិសេស​នៅពេល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា នៅ​រាជធានី​ភ្នំពេញ​។

លិខិត​បាន​បញ្ជក់​ថា​៖ «​ក្នុងករណី​ក្រុមអ្នកតវ៉ា​នៅតែ​បន្តសកម្មភាព​ប្រមូលផ្ដុំ​ជួបជុំ​តវ៉ា ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ក្នុង​អំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​នោះ ត្រូវ​ទទួល​ខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ជា​ធរមាន​»៕