
កាកបាទក្រហមកម្ពុជាបានផ្តល់ថ្នាំពេទ្យ និងសម្ភារពេទ្យដល់មណ្ឌលសុខភាពចំនួន ៣ ក្នុងខេត្តឧត្តរមានជ័យនាថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ។ រូបភាព កាកបាទក្រហមកម្ពុជា
ឧត្តរមានជ័យៈ កាកបាទក្រហមកម្ពុជាបានផ្តល់ថ្នាំពេទ្យ និងសម្ភារពេទ្យដល់មណ្ឌលសុខភាពចំនួន ៣ ក្នុងខេត្តឧត្តរមានជ័យនាថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ដោយឥតគិតថ្លៃ។
លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ចុះនាំយកថ្នាំពេទ្យចំនួន ៥ មុខ និងសម្ភារពេទ្យចំនួន ៤ មុខ ទៅប្រគល់ជូនដល់មណ្ឌលសុខភាពចំនួន ៣ នៅខេត្តឧត្តរមានជ័យ ដើម្បីរួមចំណែកលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល និងមានតម្រូវការសេវានៅតាមមណ្ឌលសុខភាពដោយឥតគិតថ្លៃ។ មណ្ឌលសុខភាពទាំង ៣ នោះ រួមមាន៖ មណ្ឌលសុខភាពគោកមន ស្ថិតក្នុងស្រុកបន្ទាយអំពិល, មណ្ឌលសុខភាពសំរោង ស្ថិតក្នុងក្រុងសំរោង និងមណ្ឌលសុខភាពចុងកាល់ ស្ថិតក្នុងស្រុកចុងកាល់។
មណ្ឌលសុខភាពនីមួយៗទទួលបាន៖ Amox ២ កេស, Paracetamol ១ កេស, Alominium Hydro Xide ១ កេស, Pulmoserum Dexane (200ml) ១ កេស, Pulmoserum Adulte (150ml) ១ កេស, អាវពេទ្យ ១ កេស, អាវកូវីដ (PPE) ២ កេស, ជែលលាងដៃ ១០ កេស និងអាល់កុល ៥០ លីត្រ។ អំណោយថ្នាំពេទ្យជារបស់ក្រុមហ៊ុនផលិតឱសថនៃប្រទេសបារាំង Bailly-Creat Laboratory និងសម្ភារពេទ្យជារបស់សប្បុរសជននានា។ នេះបើយោងតាមកាកបាទក្រហមកម្ពុជា។
ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស, លោកជំទាវអគ្គលេខាធិការរងទី ១ បានពាំនាំប្រសាសន៍របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករឭក និងការថ្លែងអំណរគុណចំពោះបុគ្គលិកសុខាភិបាលនៅតាមមណ្ឌលសុខភាពទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយព្យាបាល ថែទាំ បម្រើសេវាសុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបានខិតខំពុះពាររួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩។
លោកស្រី បានគូសបញ្ជាក់ថា៖ «ការចូលរួមកម្លាំងពីប្រតិបត្តិករជួរមុខ កម្លាំងទ័ពអាវស និងកម្លាំងពហុវិស័យទាំងអស់ បានធ្វើឱ្យកម្ពុជាយើងទទួលបានភាពជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ រហូតដល់សម្រេចបាននូវការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញលើគ្រប់វិស័យ»។
ជាមួយគ្នានេះ លោកស្រី មានសង្ឃឹមជឿជាក់ថា អំណោយថ្នាំពេទ្យ និងសម្ភារពេទ្យទាំងអស់នេះនឹងអាចជួយមួយផ្នែកដល់មណ្ឌលសុខភាព សម្រាប់យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ ដើម្បីបុព្វហេតុប្រជាពលរដ្ឋ និងសង្គមជាតិយើង៕