
រដ្ឋបាលខេត្តកណ្តាលបានជូនដំណឹងដល់អ្នកដែលមានភូមិសាស្ត្រ ហ៊ុមព័ទ្ធរាជធានីភ្នំពេញ និងដើម្បីចូលរួមរក្សាសុវត្ថិភាព សោភ័ណភាព របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និងត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ ។
កណ្តាលៈ រដ្ឋបាលខេត្តកណ្តាលបានជូនដំណឹងដល់លោក លោកស្រី សាធារណជន សហគ្រាសសាធារណៈ ក្រុមហ៊ុន ម្ចាស់អាជីវកម្មដឹកជញ្ជូនខ្សាច់ទាំងអស់ថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាពេលខាងមុខនៅរាជធានីភ្នំពេញ។
ខេត្តកណ្តាលជាខេត្តមួយដែលមានភូមិសាស្ត្រ ហ៊ុមព័ទ្ធរាជធានីភ្នំពេញ និងដើម្បីចូលរួមរក្សាសុវត្ថិភាព សោភ័ណភាព របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និងត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ រដ្ឋបាលខេត្តកណ្តាលសូមឱ្យម្ចាស់អាជីវកម្មខ្សាច់ទាំងអស់ សូមផ្អាកការដឹកជញ្ជូនខ្សាច់គ្រប់ប្រភេទតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រ ស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល ខេត្តកណ្តាល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ នេះបើយោងតាមលិខិតចុះថ្ងៃទី ៤ ខែវិច្ឆិកា។
រដ្ឋបាលខេត្តសង្ឃឹម និងជឿជាក់ថា ម្ចាស់អាជីវកម្មដឹកជញ្ជូនខ្សាច់តាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល ខេត្តកណ្តាល ទាំងអស់ ចូលរួមសហការ អនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕