ភ្នំពេញៈ លោក​ ពិត ចំណាន រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អតីត​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នឹង​ទទួល​គ្រឿង​ឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ពី​ប្រទេស​ជប៉ុន ដែល​ជា​ការទទួល​ស្គាល់​នូវ​ការចូលរួម​ចំណែក​របស់​លោក ក្នុង​កិច្ចការ​ជំរុញ ការផ្លាស់ប្តូរ​ផ្នែក​សិក្សា​ស្រាវជ្រាវ និង​ការយល់ដឹង​ពីគ្នា​ទៅវិញ​ទៅមក​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា ក្នុង​វិស័យ​អប់រំ ជាពិសេស​ការគាំទ្រ​លើ​ការអប់រំ​ភាសា​ជប៉ុន​។ នេះ​បើ​យោងតាម​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។

ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃទី​ ៣ ខែវិច្ឆិកា​បានប្រកាស​អំពី​ឈ្មោះ​អ្នក​ដែល​ត្រូវ​ទទួល​គ្រឿង​ឥស្សរិយយស​ សម្រាប់​សរទ​រដូវ​ឆ្នាំ​២០២២ ផ្តល់ជូន​ដល់​បុគ្គល​ឆ្នើម​ ដើម្បី​ទទួល​ស្គាល់​ការចូលរួមចំ​ណែក​របស់​បុគ្គល​ទាំងនេះ​ក្នុង​កិច្ចការ​សាធារណៈ ឬ​ជាតិ និង​សមិទ្ធផល​ដ៏លេចធ្លោ​របស់​បុគ្គល​ទាំងនេះ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​នៅក្នុង​សង្គម​។

ទាក់ទង​នឹង​ស្ថានទូត​ជប៉ុន លោក​ ពិត ចំណាន បាន​ចូលរួម​ចំណែក​ក្នុងការ​បណ្តុះបណ្តាល​មន្ត្រី​ការទូត​របស់​ស្ថានទូត​ជប៉ុន​ ដែលជា​អ្នកជំនាញ​ភាសា​ខ្មែរ តាមរយៈ​ការផ្តល់​ឱ្យ​ស្នាក់នៅ​ជាមួយ​ក្រុមគ្រួសារ​របស់​លោក និង​ឱកាស​ផ្សេងទៀត​ ដើម្បី​ឱ្យ​មន្ត្រី​ទាំងនោះ​មានការ​យល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​សង្គម និង​វប្បធម៌​កម្ពុជា​។

ពិធី​ប្រគល់​គ្រឿង​ឥស្សរិយយស​នឹង​រៀបចំ​ឡើង​នៅពេល​ខាងមុខ​។

យោងតាម​ប្រភព​ដដែល​ក៏បាន​ឱ្យដឹង​ផងដែរ​ថា នៅ​ថ្ងៃទី​ ៤ ខែវិច្ឆិកា លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូត​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​នឹង​លោក​ ពិត ចំណាន​ ផងដែរ ដើម្បី​នាំយក​នូវ​សារ​អបអរសាទរ​របស់លោក​ ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ក្នុង​ឱកាស​ដែល​លោក​ត្រូវ​ទទួល​គ្រឿង​ឥស្សរិយយស​ សម្រាប់​សរទរ​រដូវ​ឆ្នាំ ២០២២ ​។

លោក តានិណៃ ក្នុងនាម​តំណាង​ស្ថានទូត​បាន​សម្តែង​ការគោរព​សម្រាប់​ការចូលរួមចំណែក និង​សមិទ្ធផល​នានា​របស់​លោក​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង​ជប៉ុន និង​កម្ពុជា​៕