ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ភាគី​ពាក់ព័ន្ធ​បាន​ប្រជុំ​លើក​ទី​ ៤ នៃ​ភាពជា​ដៃគូ​ក្នុង​វិស័យ​ភ័ស្តុភារកម្ម​បៃតង​ប្រចាំឆ្នាំ​ ២០២២ (4th Green Logistics Partnership Conference 2022) ដើម្បី​ពិភាក្សា និង​ចែករំលែក​បទពិសោធ អំពី​ការរៀបចំ​គោលនយោបាយ ការអនុវត្ត និង​បញ្ហា​ប្រឈម​ទាក់ទង​ទៅនឹង​វិស័យ​ភ័ស្តុភារកម្ម​បៃតង និង​កំណត់​ទិសដៅ និង​ផែនការ​សកម្មភាព​សំដៅ​ធ្វើឱ្យ​ប្រសើរ ឡើង​វិស័យ​ភ័ស្តុភារកម្ម​បៃតង​នៅក្នុង​តំបន់​អាស៊ាន​។

ក្រសួង​សាធារណការ​បាន ឱ្យដឹង​កាលពី​ថ្ងៃទី ​៥ ​ខែវិច្ឆិកា​ថា កិច្ចប្រជុំ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ទីស្ដីការ ក្រសួង​នា​ថ្ងៃ​សុក្រ​ទី​ ៤ ខែវិច្ឆិកា ហើយ​លោក ​ឈៀង ពេជ្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារកម្ម​នៃ​ក្រសួង​សាធារណការ និង​ជា​ប្រធាន​ឧត្តម​មន្ត្រី​ដឹកជញ្ជូន​កម្ពុជា​បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី ៤ នៃ​ភាពជា​ដៃគូ​ក្នុង​វិស័យ​ភ័ស្តុភា​រកម្ម​បៃតង​ប្រចាំឆ្នាំ​ ២០២២ ​។ ក្នុងនោះ​ការចូលរួម​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ពី​លេខាធិការដ្ឋាន​អាស៊ាន ដៃគូ​អភិវឌ្ឍន៍ តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ទីប្រឹក្សា​ភ័ស្តុភារកម្ម​អន្តរជាតិ​នៃ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​ជប៉ុន ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) វិទ្យាស្ថាន​ប្រព័ន្ធ​ភ័ស្តុភារកម្ម​ជប៉ុន និង​វិស័យ​ឯកជន​ផងដែរ​។

ភ័ស្តុភារកម្ម​បៃតង ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរួមចំណែក​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដោយសារ​បម្រែបម្រួល​អាកាសធាតុ​គឺជា​បញ្ហា​ជាប់​ពាក់ព័ន្ធ​នឹង​វិស័យ​ជាច្រើន​នៃ​សេដ្ឋកិច្ច វិស័យ​សាធារណៈ និង​ឯកជន​ចាំបាច់​ត្រូវខិតខំ​ប្រឹងប្រែង​រួមគ្នា ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​។

កិច្ចប្រជុំ​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ចែករំលែក​បទពិសោធ​គោលនយោបាយ​ទាក់ទង​នឹង​ភ័ស្តុភារកម្ម​បៃតង បញ្ហា​ប្រឈម និង​ការអនុវត្ត​ល្អៗ​ពី​វាគ្មិន​សំខាន់ៗ សំដៅ​ស្វែងរក​មធ្យោបាយ​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​សកម្មភាព​ទាក់ទង​នឹង​ភ័ស្តុភារ​បៃតង​។

លោក​អគ្គនាយក​បាន​ថ្លែង​កត់សម្គាល់​ពី​ការចូលរួម​យ៉ាង​ផុលផុស​លើ​ការពិភាក្សា និង​ការចែករំលែក​បទពិសោធ ការអនុវត្ត​ល្អៗ ការផ្តល់​នូវ​ធាតុ​ចូល​លើ​គោលនយោបាយ ក៏ដូចជា​អនុសាសន៍​សំខាន់ៗ​ទាក់ទង​នឹង​ភ័ស្ភុភារកម្ម​បៃតង​ពី​អង្គប្រជុំ​ទាំងមូល ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការកាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន ធ្វើឱ្យ​ប្រសើរ​ឡើង​ផលិតភាព និង​ការដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​សង្គម​ផងដែរ​។

ក្រសួង​បាន​សម្គាល់​ឃើញថា អ្នក​ចូលរួម​បាន​យល់ដឹង​ច្រើន​អំពី​វិធី​គ្រប់គ្រង​សកម្មភាព​ទាក់ទង​នឹង​ភ័ស្ភុភារកម្ម​បៃតង ជាពិសេស​ផែនការមេ​នៃ​គោលនយោបាយ​ភ័ស្តុភារ​គ្រប់​ជ្រុងជ្រោយ (២០២១-២០២៥) របស់​ប្រទេស​ជប៉ុន ដែល​ផ្តល់នូវ​ផែនទី​បង្ហាញ​ផ្លូវ​ជាក់លាក់​ ដើម្បី​ធ្វើឱ្យ​ការដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​កាន់តែ​មាន​ប្រសិទ្ធភាព ធ្វើឱ្យ​ប្រសើរ​ឡើង​ផលិតភាព កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ការដោះស្រាយ​បញ្ហា​សង្គម​៕