សារមន្ទីរ​ជាតិ​កម្ពុជា និង​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង នឹង​បើក​ឱ្យមាន​ការចូល​ទស្សនា​នា​ពេល​ថ្ងៃត្រង់​ឡើងវិញ ចាប់ពី​ថ្ងៃទី​ ១៤ ខែវិច្ឆិកា​ខាងមុខ​តទៅ​។ នេះ​បើតាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចុះ​ថ្ងៃទី ​០៤ ខែវិច្ឆិកា ឆ្នាំ ​២០២២ ​។

ការទស្សនា​នាពេល​ថ្ងៃត្រង់ ចាប់ផ្ដើម​ពី​ចន្លោះ​ពី​ម៉ោង​ ១១ ​និង​ ៣០ នាទី​ព្រឹក ដល់​ម៉ោង​ ១ ​និង​ ៣០ ​នាទី​រសៀល​។ បើតាម​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ ការបើក​ឱ្យចូល​ទស្សនា​នាពេល​ថ្ងៃត្រង់​ឡើងវិញ​នេះ ធ្វើឡើង​បន្ទាប់ពី​សារមន្ទីរ​សង្កេត​ឃើញថា ចំនួន​ភ្ញៀវទេសចរ​ជាតិ​-​អន្ដរជាតិ មាន​ការកើនឡើង​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេល​កន្លងមក​នេះ​។

សូម​រំឭកថា តាមរយៈ​ការថយចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ ជាពិសេស​ទេសចរ​បរទេស​ដែល​ចូលមក​ទស្សនា​នៅ​កម្ពុជា ក្នុង​អំឡុងពេល​ជំងឺ​កូវីដ​ ១៩ រាតត្បាត​ក្នុង​ប្រទេស​កម្ពុជា ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​បានសម្រេច​បិទ​ការចូល​ទស្សនា​សារមន្ទីរ​ជាតិ និង​ផ្អាក​ដំណើរការ​រោងភាពយន្ត​នៅ​ទូទាំង​ប្រទេស កាលពី​ខែវិច្ឆិកា​ឆ្នាំ​ ២០២០​ ។ គឺ​រហូត​ទាល់តែ​ស្ថានភាព​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​ បាន​ធូរស្រាល ទើប​ក្រសួង​វប្បធម៌​សម្រេច​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​ការចូល​ទស្សនា​សារមន្ទីរ រោងភាពយន្ត និង​រោង​សម្ដែង​សិល្បៈ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​ ៣០ តុលា ឆ្នាំ​ ២០២១​ ។ ចំណែក​ការចូល​ទស្សនា​សារមន្ទីរ រោងភាពយន្ត និង រោង​សម្ដែង​សិល្បៈ នៅតាម​បណ្ដា​ខេត្ត​នានា នៅ​ទូទាំង​កម្ពុជា បាន​ចាប់ដំ​ណើរការ​ឡើងវិញ ចាប់ពី​ថ្ងៃទី ​១៨ ខែវិច្ឆិកា ឆ្នាំ ​២០២១ ​តទៅ​។

យ៉ាងណា​ក៏ដោយ នៅក្នុង​អំឡុងពេល​នៃ​ការបិទ​ដំណើរការ​ជា​បណ្ដោះអាសន្ន​អស់​មួយរយៈ​នាពេល​កន្លងមកនេះ ក្រុមការងារ​នៃ​សារមន្ទីរ​ជាតិ ក៏ដូចជា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង នៅតែ​បន្ត​សកម្មភាព​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​បំពេញ​បន្ថែម​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ប្រវត្តិ​សារមន្ទីរ​ជាប់​ជាប្រចាំ​៕