
សមត្ថកិច្ចខេត្តបាត់ដំបងបានបញ្ជូនអ្នកញៀនល្បែងស៊ីសងតាមអនឡាញសរុបចំនួន ១២ នាក់ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងកាលពីថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០២២។ រូបភាព ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
បាត់ដំបងៈ សមត្ថកិច្ចខេត្តបាត់ដំបងបានបញ្ជូនអ្នកញៀនល្បែងស៊ីសងតាមអនឡាញសរុបចំនួន ១២ នាក់ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងកាលពីថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០២២ ក្រោយពីពួកគេត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅកន្លែងផ្សេងៗគ្នា។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី ៦ ខែវិច្ឆិកានេះថា អ្នកទាំង ១២ នោះគឺជាមុខសញ្ញាលួចលាក់ប្រព្រឹត្តល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដោយខុសច្បាប់នៅក្នុងក្រុងបាត់ដំបង ហើយត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីតាំងចំនួន ៣ ផ្សេងៗគ្នាក្នុងក្រុងបាត់ដំបង។
ក្រោយពីបានធ្វើការសាកសួរ និងស្រាវជ្រាវរួចមក សមត្ថកិច្ចក៏បានសម្រេចរៀបចំឯកសារ ដើម្បីបញ្ជូនពួកគេទាំង ១២ នាក់ទៅអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង អនុវត្តតាមផ្លូវច្បាប់តែម្តង។
ការបង្ក្រាបនេះត្រូវបានធ្វើឡើងទៅតាមបទបញ្ជាដឹកនាំរបស់លោក សាត គឹមសាន ស្នងការខេត្តបាត់ដំបង ដោយមានតំណាងអយ្យការចូលរួមផងដែរ៕