រួប​ចម្លាក់​តោ​ថ្ម​ចំនួន​ ២ ដែល​យក​ពី​កំពង់ទឹក​របស់​ស្ពាន​ហាល​ចូល​ប្រាសាទអង្គរវត្ត តាំងពី​ឆ្នាំ​ ១៩៩៧ ត្រូវបាន​យក​ទៅដាក់​នៅ​ទីតាំង​ដើម​វិញ​ហើយ​កាលពី​ថ្ងៃទី​ ៤ ខែវិច្ឆិកា ឆ្នាំ ​២០២២ ​កន្លងទៅ បន្ទាប់ពី​ការជួសជុល​ត្រូវ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​។ នេះ​បើតាម​ការ​ឱ្យដឹងពី​អាជ្ញាធរ​ជាតិ​អប្សរា​។

បើតាម​អាជ្ញាធរ​ជាតិ​អប្សរា ចម្លាក់​តោ​ដែល​មាន​កម្ពស់​ជាង ​២ ​ម៉ែត្រ និង​មាន​ទម្ងន់​ជិត​ ៣ ​តោន ត្រូវបាន​យក​ទៅ​រក្សាទុក​នៅ​អភិរក្សដ្ឋាន​អង្គរ ​ដើម្បី​ជួសជុល​។

លោក ឡុង ណារី ប្រធាន​ក្រុមការងារ​អភិរក្ស​ថ្ម​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​មាន​ប្រសាសន៍​ថា ក្រុម​ការងារ​របស់​លោក​ចាប់ផ្តើម​ជួសជុល​ចម្លាក់​ទាំងនេះ​ពី​ខែមេសា ឆ្នាំ ​២០២២ រហូតដល់​ពេលនេះ​រយៈពេល​ ៦​ ខែ​។ ដំបូង ក្រុម​ការងារ​បាន​រៀបចំ​ធ្វើឯកសារ និង​ប្រមូល​បំណែក​តូចធំ​របស់​ចម្លាក់​ដើម​មក​ផ្គុំ​គ្នា​។ មកដល់​ពេល​នេះ ចម្លាក់​តោ​ទាំង​គូ មាន​ភាពរឹងមាំ​ឡើងវិញ​ហើយ ដោយ​បាន​បំពេញ​នូវ​កន្លែង​ខូចខាត​នឹង​បាន​បង់​ថ្ម​មួយចំនួន​ដូចជា ជើង​ទម្រ ជើង ដងខ្លួន និង​ផ្នែក​ផ្សេងៗ​របស់​តោ​ដែល​ចាំបាច់​ សម្រាប់​ធានា​ភាព​យូរអង្វែង​របស់​តោ​ចៀសវាង​ការខូចខាត​បន្តទៀត​។

លោក ឡុង ណារី បាន​លើកឡើង​ថា ចម្លាក់​តោថ្ម​នេះ មុន​ការជួសជុល​មាន​សភាព​ទ្រុឌទ្រោម បែកបាក់​រូបរាង​ជា​អន្លើ នៅ​ផ្នែក​ជើង​ទម្រ ជើង ទ្រូង និង​ផ្នែក​ខាងក្រោយ​ជាដើម​។ នៅ​សម័យ​បារាំង ចម្លាក់​តោ​នេះ​ត្រូវបាន​ជួសជុល​ដោយ​ប្រើ​ស៊ីម៉ងត៍ និង​ដែក​បិទ​ភ្ជាប់​ ដើម្បី​ឱ្យមាន​លំនឹង​អាច​ឈរ​បាន​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក វា​ក៏បាន​បែកបាក់​ជា​បន្តបន្ទាប់​តាម​អាយុកាល​ស៊ីម៉ងត៍​។

លោក​បញ្ជាក់ថា ក្នុង​ការជួសជុល ក្រុម​ការងារ​ក៏បាន​ប្រើ​បច្ចេកទេស​ជួសជុល​សមស្រប​ទៅតាម​បទដ្ឋាន​ដែល​អាច​ធានាបាន​នូវ​លក្ខណៈ​ដើម និង​សុវត្ថិភាព​យូរអង្វែង​នៃ​ចម្លាក់​។ រីឯ​បច្ចេកទេស និង​ការជួសជុល​ក៏ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អ្នក​ជំនាញការ​អាដហុក​។

ដោយឡែក ដំណើរការ​ដឹកជញ្ជូន​រូបចម្លាក់​តោថ្ម​ទាំង ​២ ទៅកាន់​ទីតាំង​ដើម​នៅ​ថ្ងៃទី​ ៤ ខែវិច្ឆិកា ក្រុមការងារ​នៃ​គម្រោង​ជួសជុល​ស្ពាន​ហាល​អង្គរវត្ត​ជិត ​២០ ​នាក់ ដោយ​ប្រើ​ដង​ស្ទូច​ ដើម្បី​លើកដាក់​លើ​រថយន្ត​អស់​រយៈពេល​ ១​ ម៉ោង​។ ក្រុមការងារ​ក៏បាន​រៀបចំ​ពិធី​សាសនា​សែនព្រេន​តាម​ទំនៀមទម្លាប់​ពី​បុរាណ​ផងដែរ នៅពេល​យក​រូបចម្លាក់​តោថ្ម​ទាំង​ ២ ទៅ​ដាក់​នៅ​ទីតាំង​ស្ពាន​ហាលមុខ​ប្រាសាទ​អង្គរវត្ត ដើម្បី​សូម​សេចក្ដីសុខ​។

មន្ដ្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​គូសបញ្ជាក់ថា វត្តមាន​រូបចម្លាក់​តោថ្ម​ទាំង ២ ​នៅ​ទីតាំង​ដើម​វិញ នឹង​រួមចំណែក​លើក​តម្លៃ​កំពង់ទឹក​ឡើងវិញ ក៏ដូចជា​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ ក្រោយ​បើក​ដំណើរ​ការឱ្យ​ចរាចរណ៍​ឡើងវិញ​៕