ព្រៃវែងៈ រដ្ឋបាលខេត្ត​ព្រៃវែង​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​កញ្ជ្រៀច ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​ពី​ការចែក​វិញ្ញាបនប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​មោឃភាព​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ពី​ចាប់ពី​ថ្ងៃទី​ ១១ ​ដល់​ថ្ងៃទី ​១២ ​ខែវិច្ឆិកា​ឆ្នាំ​ ២០២២ ​នេះ​។

សេចក្តី​ជូនដំណឹង​របស់​សាលាខេត្ត​បាន​ជម្រាបជូន​ម្ចាស់​ក្បាលដី ស្ថិតនៅក្នុង​តំបន់​វិនិច្ឆ័យ​ភូមិ​កញ្ជ្រៀច ឃុំ​កញ្ជ្រៀច​ថា មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តព្រៃវែង​នឹង​ធ្វើការ​ចែក​វិញ្ញាបនប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ (​ប័ណ្ណកម្មសិទ្ធិ​ជូន​ដល់​ម្ចាស់​ក្បាលដី​ដែល​ស្ថិតនៅ​ភូមិ​កញ្ជ្រៀច ឃុំ កញ្ជ្រៀច ស្រុក​កញ្ជ្រៀច​។ ចំពោះ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី (​ប័ណ្ណ​ស្លាបមាន់​) ឬ ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី​កន្លងមក ក្នុង​តំបន់​នេះ​នឹង​ត្រូវអស់​សុពលភាព​តាមផ្លូវ​ច្បាប់​ចាប់ពី​ថ្ងៃ​ចែក​វិញ្ញាបនប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ខាងលើនេះ​តទៅ​។

រដ្ឋបាលខេត្ត​បាន​សរសេរ​ថា​៖ «​សូម​ម្ចាស់​ក្បាលដី​ស្ថិតនៅ​ទីតាំង​ខាងលើ ដែលមាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ កន្លងមក​មេត្តា​យក​ប័ណ្ណ​ទាំងនោះ​មក​ប្រគល់​ឱ្យ​មន្ត្រីរដ្ឋបាល​សុរិយោដី ដើម្បី​ទទួលយក​វិញ្ញាបនប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ថ្មី​ជំនួស​វិញ ដែល​នឹង​ប្រគល់​ជូន ដោយ​មន្ត្រីរដ្ឋបាល​សុរិយោដី​នៅ​ភូមិ​កញ្ជៀច ចាប់ពី​ថ្ងៃទី​ ១១ ​ដល់​ថ្ងៃទី​ ១២ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ​ជា​កំហិត​»​។ ចំពោះ​ម្ចាស់បំណុល​ដែល​បាន​ទទួល​បញ្ចាំ ហ៊ីប៉ូតែក ពាក់ព័ន្ធ​នឹង​ក្បាលដី​ក្នុង​តំបន់​វិនិច្ឆ័យ​ខាងលើ​សូម​យក​ប័ណ្ណ​ទាំង​នោះ​មក​ជូន​មន្ត្រី​សុរិយោដី​ធ្វើ​និយ័តកម្ម​ ដើម្បី​ធានា​ប្រាក់​របស់លោក​អ្នក​៕