គិត​ត្រឹម​ថ្ងៃទី​ ៤ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ​នេះ ការបរិច្ចាគ​ដល់​មន្ទីរពេទ្យ​កុមារអង្គរ តាមរយៈ​កម្មវិធី «​រត់​ជាមួយ​សាយ ៤ ​សែន​ជំហាន ភ្នំពេញ​-​សៀមរាប​» បាន​កើន​ឡើងដល់​ជាង​ ១០ ​ម៉ឺន​ដុល្លារ​ហើយ​។ នេះ​បើតាម​ការប្រកាស​របស់​ក្រុមការងារ Run With Sai នៅ​ថ្ងៃ​សៅរ៍ ទី​ ៥ វិច្ឆិកា ឆ្នាំ ​២០២២ ​។

សូមជម្រាប​ថា កម្មវិធី «​រត់​ជាមួយ​សាយ ៤ ​សែន​ជំហាន ភ្នំពេញ​-​សៀមរាប​» បាន​បិទ​បញ្ចប់​តាំងពី​ថ្ងៃទី​ ៣០ ខែតុលា ឆ្នាំ​ ២០២២ ​មកម្ល៉េះ បន្ទាប់ពី​តារាចម្រៀង លោក អ៊ួន បឋម ហៅ សាយ បាន​ចំណាយពេល​ ៩ ​ថ្ងៃ រត់​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្ត​សៀមរាប ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ទ្រទ្រង់​ដល់​ការព្យាបាល​ជំងឺមហារីក​លើ​កុមារ​នៅ​មន្ទីរពេទ្យ​កុមារអង្គរ​។

នៅ​ថ្ងៃទី​ ៣០ ខែតុលា ដែលជា​ថ្ងៃ​បិទ​បញ្ចប់​នៃ​កម្មវិធី​ចំនួន​ថវិកា​បរិច្ចាគ​មាន​ត្រឹមតែ​ជាង​ ៦ ​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​លោក អ៊ួន បឋម ហៅ សាយ បាន​គូសបញ្ជាក់​នៅ​ថ្ងៃអាទិត្យ ទី​ ៦ ខែវិច្ឆិកា​នេះ​ថា ការបរិច្ចាគ​នៅតែ​ធ្លាក់​មកជា​បន្តបន្ទាប់ ដោយ​គិត​ត្រឹម​ថ្ងៃទី​ ៤ ខែវិច្ឆិកា ចំនួន​ថវិកា​បរិច្ចាគ​បាន​កើនឡើង​ដល់​ជាង​ ១០ ​ម៉ឺន​ដុល្លារ ហើយ​លោក​រំពឹងទុក​ថា ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ទៀត​នាពេលខាងមុខ​។

លោក សាយ បាន​ថ្លែង​អំណរគុណ​ចំពោះ​រាល់​ការបរិច្ចាគ​ទាំងអស់ និង​សូម​លើក​ទឹកចិត្ត​ប្រជាជន​ទាំងអស់​ឱ្យ​រួមគ្នា​បរិច្ចាគ​បន្ថែម​បន្តទៀត ព្រោះ​តម្រូវការ​របស់​មន្ទីរពេទ្យ​គឺ​ចាំបាច់​ត្រូវការ​ថវិកា​ចំនួន ៣០ ​ម៉ឺន​ដុល្លារ សម្រាប់​ទ្រទ្រង់​ផ្នែក​ជំងឺមហារីក​ សម្រាប់​រយៈ​ពេល​មួយឆ្នាំ​។ បើតាម​លោក អ៊ួន បឋម ហៅ សាយ ការចូលរួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ទោះ​តិចក្ដី​ច្រើនក្ដី គឺជា​ការចូលរួមចំណែក​យ៉ាង​សំខាន់​ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា​។

មុននឹង​រត់​ ៤ ​សែន​ជំហាន​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​សៀមរាប​កាលពី​ខែ​មុននេះ លោក សាយ ធ្លាប់​ចំណាយពេល​ ៩៧ ​ថ្ងៃ​រត់​ជុំវិញ​ប្រទេស​កម្ពុជា​ម្ដង​រួចមកហើយ កាលពី​ឆ្នាំ ​២០២០ និង​រៃអង្គាស​បាន​ថវិកា​ចំនួន ៥០ ម៉ឺន​ដុល្លារ សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​ប្រឈម​នឹង​ការខ្វះខាត​ថវិកា​ ដើម្បី​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​ដល់​កុមារ​កម្ពុជា​។

តាមរយៈ​ការរត់​រយៈ​ចម្ងាយ​ឆ្ងាយ​ទាំង​ ២ ​លើក​នេះ លោក អ៊ួន បឋម ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ផ្នែក​សុខភាព ជាពិសេស​គឺ​ជង្គង់ និង​ជើង​របស់​លោក​ទាំងសងខាង​។ បើតាម​តារាចម្រៀង​ដែល​មាន​ចិត្តសប្បុរស​រូប​នេះ ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​បាន​ព្រមាន​មិន​ឱ្យ​លោក​រត់​រយៈ​ចម្ងាយ​ឆ្ងាយ​ទៀតឡើយ ព្រោះ​បើ​ពុំ​ដូច្នោះ​ទេ ជើង​ទាំង​សងខាង​របស់​លោក​អាច​នឹងមាន​បញ្ហា​ជា​រៀងរហូត​។

បើទោះបី​ជា​យ៉ាង​ដូច្នេះ​ក៏ដោយ លោក អ៊ួន បឋម បញ្ជាក់​ថា​៖ «​បើទោះបី​ជា​ខ្ញុំ​មាន​បញ្ហា​ជើង​ទាំង​សងខាង​ជា​រៀងរហូត ក៏​ខ្ញុំ​អាច​មើលថែ​ខ្លួនឯង​បានដែរ ប៉ុន្តែ​ខ្ញុំ​មិនអាច​មើលថែ​កុមារ​កម្ពុជា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​នោះទេ​។ កិច្ចការងារ​នេះ​រំពឹង​លើ​ប្រជាជន​កម្ពុជា​ទាំងមូល​ហើយ​»៕