កណ្តាលៈ អភិបាលខេត្ត​កណ្ដាល​លោក គង់ សោភ័ណ្ឌ ​បាន​ជំរុញ​ដល់​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ត្រូវ​បន្ត​ស្វែងរក​មុខសញ្ញា​ល្បែង​ខុសច្បាប់​បន្តទៀត ពីព្រោះ​ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នេះ គឺ​មិនមែន​ធ្វើ​តែមួយ​ពេល​ខ្លី​ហើយ​បញ្ចប់​នោះទេ​។

នៅក្នុង​កិច្ចប្រជុំ​គណៈអភិបាល​ខេត្តកណ្តាល ប្រចាំ​ខែតុលា​ឆ្នាំ​ ២០២២ នា​ថ្ងៃទី​ ៤ ខែវិច្ឆិកា​នេះ​លោក​ គង់ សោភ័ណ្ឌ​ បាន​បញ្ជាក់ថា​៖ «​គឺ​យើង​ត្រូវ​បន្តធ្វើ​កិច្ចការ​បង្ក្រាប​លែង​ស៊ីសង​ខុសច្បាប់​ឱ្យបាន​ជាប់​ជាប្រចាំ ដូច​ភ្លៀងរលឹម សំដៅ​ធ្វើយ៉ាងណា​បង្ក្រាប​ឱ្យអស់​នូវ​រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅ​មូលដ្ឋាន​»​។

ក្នុង​ឱកាស​នោះ លោក​អភិបាល​ក៏បាន​ណែនាំ​ដល់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ថ្នាក់​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ខ្ពស់ ក្នុង​ការរក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព​នយោបាយ​ទាំង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឱ្យ​កាន់តែ​ល្អ រឹងមាំ​ថែមទៀត ដើម្បី​បន្ត​កិច្ចការ​អភិវឌ្ឍ​ខេត្ត និង​សេចក្តីសុខ​សប្បាយ​របស់​ប្រជាពលរដ្ឋ​។ ជាពិសេស​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ឱ្យ​សកម្មភាព​ថែមទៀត​ចំពោះ​ការដោះស្រាយ​បញ្ហា សំណូមពរ​នានា ដែល​ប្រជាពលរដ្ឋ​ជួប​ប្រឈម​ដូចជា បញ្ហា​ទំនាស់​ដីធ្លី និង​បញ្ហា​ផ្សេងៗ​ទៀត​។

លោក​បាន​បញ្ជាក់​លើ​ការងារ​ផ្តល់​សេវា​ជូន​ពលរដ្ឋ សូម​ឱ្យ​អាជ្ញាធរ ក្រុង​-​ស្រុក​ត្រូវតែ​ខិតខំ​ប្រើ​សេវា​ឱ្យ​កាន់តែ​លឿន​រហ័ស និង​មាន​ការជឿទុកចិត្ត លុបបំបាត់​នូវ​អំពើ​អសកម្ម​នានា កុំ​ធ្វើឱ្យ​មាន​ការថ្នាំងថ្នាក់​ចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​៕