ភ្នំពេញៈ សារមន្ទីរ​ជាតិ​កម្ពុជា​ប្រកាសថា នាយកដ្ឋាន​សិល្ប​:​សូន​រូប និង​សិល្ប​:​សិប្បកម្ម​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សហការ​ជាមួយ​សារមន្ទីរ​ជាតិ​កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​មិន​អចិន្ដ្រៃយ៍ «​ពុទ្ធប្រវត្តិ​៖ ពិព័រណ៍​បណ្ណសារ​គំនូរ​បុរាណ​ដែល​បាត់បង់​» រយៈពេល​ ២ ​ស​ហ្ត​ហ៍ ដើម្បី​ផ្សព្វផ្សាយ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ដែល​បាន​បាត់បង់​។

​សារមន្ទីរ​ជាតិ​កម្ពុជា​បញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី ​៧ ខែវិច្ឆិកាថា ពិព័រណ៍​នេះ​នឹង​តាំង​បង្ហាញ​ចាប់ពី​ថ្ងៃទី​ ១៧ ដល់​ថ្ងៃទី​ ៣០ ខែវិច្ឆិកា នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​។​

​សារមន្ទីរ​ជាតិ​កម្ពុជា​បញ្ជាក់ថា​៖ «​ពិព័រណ៍​នេះ​ជាការ​រួមចំណែក​ផ្សព្វផ្សាយ​នូវ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ដែល​បាន​បាត់បង់​ដល់​ស្រទាប់​យុវជន ក៏ដូចជា​សាធារណជន​ទូទៅ​ឱ្យបាន​ស្គាល់​នូវ​គុណ​តម្លៃ​នៃ​ស្នាដៃ​សិល្ប​:​គំនូរ​ខ្មែរ​បុរាណ រួមទាំង​សិប្បកម្ម​ផ្សេងៗ​ទៀត​គ្រប់​ទម្រង់​ទាំង​រូបី និង​អរូបី​»៕​