សៀមរាបៈ មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប បាន​រៃអង្គាស​ថវិកា​ចំនួន​ជិត ​១០​ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ ប​ន្ទា​ប់​ពី​ដំណើរការ​យុទ្ធនាការ «​ជួយសង្គ្រោះ​ជីវិត​កុមារ​ពី​ជំងឺមហារីក​» រយៈពេល ​២ ​សប្តាហ៍ ខណៈ​គោលដៅ​នៃ​យុទ្ធនាការ​ស្វែងរក​ថវិកា​នេះ​គឺមាន​ចំនួន​ ៣០​ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក រ​ហូត​ដល់​ជិត​ពាក់កណ្តាល​ខែធ្នូ​។ នេះ​បើ​យោងតាម​មន្ទីរពេទ្យ​កុមារ​អង្គរ​។​

​មន្ទីរពេទ្យ​កុមារ​អង្គរ​បញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​ ៧ ខែវិច្ឆិកា ថាៈ «​យុទ្ធនាការ​ជួយសង្គ្រោះ​ជីវិត​កុមារ​ពី​ជំងឺមហារីក បាន​ដំណើរការ​អស់​រយៈពេល ២ ​សប្តាហ៍​កន្លង​ទៅហើយ ដោយមាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង និង​ស្វែងរក​ថវិកា​សម្រាប់​កុមារ​ ដែលមាន​ជំងឺមហារីក​នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​»​។

​មន្ទីរពេទ្យ​កុមារ​អង្គរ​អំពាវនាវ​ដល់​សប្បុរស​ជន​បន្ត​គាំទ្រ​តាមរយៈ​ការបរិច្ចាគ​បន្ថែមទៀត​មកកាន់​យុទ្ធនាការ​នេះ ដែលមាន​រយៈពេល​រហូត​ដល់​ថ្ងៃទី​ ១២ ខែធ្នូ ឆ្នាំ​ ២០២២ ដើម្បី​ជួយ​ដល់​ការពិនិត្យ ព្យាបាល និង​ថែទាំ​ជំងឺមហារីក​នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​។​

​កាលពី​ថ្ងៃទី​ ២៤ ខែតុលា មន្ទីរពេទ្យ​កុមារ​អង្គរ​បានប្រកាស​បើក​យុទ្ធនាការ​រៃអង្គាស​ដ៏​ធំ​មួយ មាន​ឈ្មោះថា «​ជួយសង្គ្រោះ​ជីវិត​កុមារ​ពី​ជំងឺមហារីក​» និង​អំពាវនាវ​ដល់​សាធារណជន​ចូលរួម​សិក្សា និង​ស្វែងយល់​បន្ថែម​អំពី​ជំងឺមហារីក និង​ការប៉ះពាល់​របស់​ជំងឺមហារីក​មកលើ​កុមារ និង​ក្រុមគ្រួសារ​របស់​ពួកគេ​៕​