ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ជា​ពិធី​មួយ​ដែល​ប្រទេស​កម្ពុជា ​បាន​ចាត់ជា​ព្រះរាជ​ពិធី (​ពិធី​រៀបចំ​ដោយ​ព្រះមហាក្សត្រ​) ហើយ​មាន​តាំងពី​បុរាណកាល​មក​។ ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ​ដែល​ឆ្នាំ​២០២២ មិនបាន​ប្រារព្ធ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ​ដូច​សព្វមួយដង​ទេ ដ្បិត​ដោយសារ​វិបត្តិ​កូ​វីដ ​១៩ ផង និង​ដោយ​ឆ្នាំនេះ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​កំពូល​ប្រជុំ​អាស៊ាន​ផង​។

​ទាក់ទង​នឹង​ពិធីបុណ្យ​អុំទូក តាម​ប្រសាសន៍​លោក​សាស្ត្រាចារ្យ សំបូរ មា​ណ្ណា​រ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​បាន​បង្ហាញថា​៖ «​កាលពី​ដើមឡើយ ពោល​ចាប់តាំងពី​សម័យអង្គរ​មក ព្រះរាជា​ខ្មែរ​តែងតែ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​ដឹងគុណ​ដល់​ទ័ពជើងទឹក ដឹងគុណ​ទឹក ឬ​ព្រះ​គង្គា ក្នុង​លំនាំ​ជា​ព្រហ្មញ្ញសាសនា ក៏ដូចជា​ក្នុង​គុណធម៌​ជាម​នុស្ស​ខ្មែរ ហើយក៏​ឱ្យ​តម្លៃ​លើ​ធម្មជាតិ សូម្បី​ដើមឈើ​ទៀតសោត​ក៏​ខ្មែរ​ដាក់តាំង​ជា​ទេវៈ​ដែរ ដែល​ឱ្យ​ឈ្មោះថា​ជា​ទេវតា រុក្ខទេវតា​»​។ នេះ​ជា​ទំនៀមទម្លាប់​មាន​ប្រវត្តិសាស្ត្រ​ដែល​ខ្មែរ​ចេះដឹង​គុណ​ទាំង​វត្ថុ​មានជីវិត និង​គ្មាន​ជីវិត​។

លោក​សាស្ត្រាចារ្យ​បន្តថា​៖ «​គោលបំណង​នៃ​ពិធីបុណ្យ​អុំទូក​នា​សម័យបុរាណ ព្រះរាជា​មាន​ព្រះ​បំណង​ចង់ឱ្យ​ប្រជាជន​ក្នុង​ដែន​ព្រះអង្គ​បាន​ជួបជុំ​នៅ​អង្គរ ឬ​កស្សិណ​អង្គ ពិសេស​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ មានការ​ប្រារព្ធ​ច្រើន​»​។

​ដោយឡែក ក្រោយ​រាជធានី​ខ្មែរ​ផ្លាស់ប្ដូរ​ពី​អង្គរ នៅ​សតវត្សរ៍​ទី​១៥ ពោលគឺ​ប្រហែល​ឆ្នាំ​ ១៤៣៤ ហើយ​មកដល់​ចតុម្មុខ ក្នុង​ឆ្នាំ​ ១៤៦០​ ជាង ខ្មែរ​យើង​នៅតែ​ប្រារព្ធ​ពិធី​នេះ​ដដែល​។ បើ​យោងតាម​ប្រសាសន៍​លោក​សាស្ត្រាចារ្យ សំបូរ មា​ណ្ណា​រ៉ា ដដែល​លោក​បាន​បញ្ជាក់ថា កាលពី​ដើមឡើយ​ពិធីបុណ្យ​អុំទូក​គេ​ប្រារព្ធ​ក្នុង​ខែ​ចែ​ត្រ លុះ​ដល់ពេល​ខ្មែរ​ផ្លាស់ប្ដូរ​រាជធានី​មក​ចតុម្មុខ ខ្មែរ​ក៏​ផ្លាស់ប្ដូរ​ពិធី​នេះ​មក​ប្រារព្ធ​ក្នុង​ខែកត្តិក​ដូច​បច្ចុប្បន្ន​វិញ​។

​លោក​មានប្រសាសន៍​បញ្ជា​ក់ថា​៖ «​ពិធីបុណ្យ​អុំទូក​បាន​ប្រារព្ធ​ឡើង​នៅ​ចតុម្មុខ ហើយ​ព្រះរាជា​ខ្មែរ និង​ប្រជាជន​បាន​បន្ថែម​ពិធី​អកអំបុក​សំពះ​ព្រះ​ខែ បណ្ដែតប្រទីប និង​បុណ្យ​តាំងតុ ថែមទៀត​។ ពិធីបុណ្យ​តាំងតុ ជា​ពិធី​ដាក់តាំង​បង្ហាញ​ផលិតផល​ដែល​ខ្មែរ​មាន​ឱ្យ​មហាជន​បានឃើញ​ក្នុង​រាជធានី​»​។​

​ចំពោះ​មូលហេតុ​ដែល​ពិធី​នេះ​បានធ្វើ​អម​ជាមួយនឹង​ពិធី​អកអំបុក សំពះ​ព្រះ​ខែ លោក​សាស្ត្រាចារ្យ​បានឱ្យដឹងថា​៖ «​កាលណា​យើង​និយាយ​អំពី​អកអំបុក គឺ​យើង​បានឱ្យ​តម្លៃ​លើ​ស្រូវ​អង្ករ​ស្រូវ​ថ្មី​របស់​ប្រជាជន​ខ្មែរ បញ្ជាក់​ប្រាប់ថា​ខ្មែរ​ធ្វើ​ស្រូវ​បាន​ផល មានតម្លៃ គេ​យក​អំបុក​ទៅ​ដា​ក់លើ​ទីលាន​មួយ ហើយ​គេ​រៀបចំ​ពិធី​គោរព សំពះ ចាត់ទុកថា អកអំបុក​។ ចំណែក​សំពះ​ព្រះ​ខែ ក្នុងន័យ​ឱ្យ​តម្លៃ​លើ​នាង​សោមា ឱ្យ​តម្លៃ​លើ​ដួងព្រះចន្ទ្រ ឱ្យ​តម្លៃ​លើ​នាងនាគ​ផង និង​ឱ្យ​តម្លៃ​លើទឹក​ផង ដែល​ទាំងនេះ​បូក​បញ្ចូល​គ្នា​គឺ​ខ្មែរ​ឱ្យ​តម្លៃ​លើ​អាទិទេព ដឹងគុណ​ដល់​ទឹក និង​ដឹងគុណ​ដល់​ស្ត្រី ដល់​មេ​»​។

​លោក​សាស្ត្រាចារ្យ​រំឭកថា​៖ «​យើង​មាន​វង្ស​ពីរ​នៅ​សម័យ​ដើម គឺ​វង្ស​ព្រះអាទិត្យ និង​វង្ស​ព្រះចន្ទ្រ​។ នៅ​សម័យ​ចេនឡា គេ​ឱ្យ​ឈ្មោះថា សុរិយវង្ស (​វង្ស​ព្រះអាទិត្យ​) ឯ​នៅ​សម័យ​អាណាចក្រ​ភ្នំ ឬ​ហ្វូណន គេ​ឱ្យ​ឈ្មោះថា សោម​វង្ស (​វង្ស​ព្រះចន្ទ្រ​)​។ វង្ស​ទាំងពីរ​នេះ​មានតម្លៃ​បង្កបង្កើនផល​ក្នុងការ​បណ្ដុះ​ស្រូវ​ស្រែ ឬ​ការរស់រានមានជីវិត​របស់​សត្វ​ទាំងឡាយ​នៅលើ​ភពផែនដី​នេះ​»​។

​លោក​បន្ថែមថា​៖ «​ពិធីបុណ្យ​តាំងតុ មាន​កត់​ត្រាទុក​ក្នុង​ឯកសារ​ជាច្រើន ហើយ​ពិធី​នេះ​គេ​ឃើញ​មាននៅ​ក្នុងសម័យ​លង្វែក​។ ពិធី​នេះ​ជា​ព្រះ​រាជពិធី​ដែល​ព្រះរាជា​ក្នុងសម័យ​នោះ គឺ​ព្រះ​ចន្ទ​រាជា លោក​ជា​អ្នក​ផ្ដើម​ឱ្យមាន​ពិធី​នេះ​ឡើង​។ ពិធី​តាំងតុ គេ​ប្រារព្ធ​ឡើង​នៅ​ទី​ដែលមាន​ព្រះរាជា​គង់នៅ ប៉ុន្តែ​ដោយសារ​វិបត្តិ ឆ្នាំនេះ​យើង​មិនអាច​ប្រារព្ធ​ឡើង​បាន​ក្នុង​រាជធានី​ភ្នំពេញ តម្រូវឱ្យមាន​ធ្វើ​នៅតាម​ខេត្ត​»​។​

​ចំណែក​ការ​ប្រារព្ធ​នៅតាម​បណ្ដា​ខេត្ត​វិញ លោក​សាស្ត្រាចារ្យ​យល់ថា​៖ «​ការ​ប្រារព្ធ​នៅតាម​បណ្ដា​ខេត្ត​រឹតតែ​មានតម្លៃ​ជាពិសេស គឺ​ដើម្បី​ដាស់​ជូន​ដួងព្រលឹង​របស់​ខ្មែរ​ឱ្យ​ងើបឡើង​នៅតាម​បណ្ដា​ខេត្ត​ខណ្ឌ​ទាំងអស់​។ អភិបាលខេត្ត​ទាំងអស់​ក្នុងនាម​ជា​អ្នកទទួលខុសត្រូវ​លើ​ការផ្ដល់​អាជ្ញា​ពី​ព្រះរាជា​គឺអាច​ធ្វើ​កិច្ចការ​បាន​។ ការធ្វើ​នៅតាម​បណ្ដា​ខេត្ត​ពិតជា​ការល្អ​និង​ត្រឹមត្រូវ​បំផុត​សម្រាប់​ទស្សនៈ​ខ្ញុំ ក្នុងការ​គោះ​ជួង​ដាស​ដួងព្រលឹង​របស់​ខ្មែរ​»​។

​លោក​សាស្ត្រាចារ្យ​ផ្ដល់​ទស្សនៈ​ជារួម​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក អកអំបុក​សំពះ​ព្រះ​ខែ បណ្ដែតប្រទីប និង​បុណ្យ​តាំងតុ នេះ​គឺជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ​មួយ​ធ្វើឡើង​ក្នុងការ​ជួបជុំ​មួយឆ្នាំ​ម្ដង​យ៉ាង​ធំ ដើម្បី​ស្វែងយល់​ពី​ការអភិវឌ្ឍ​ជាតិ ស្វែងយល់​ពី​វប្បធម៌​ប្រពៃណី និង​ដើម្បី​បំពេញ​កិច្ច​ជាក​ត្ត​ញ្ញូ​។ ចំណុច​សំខាន់​មួយទៀត គឺជា​ការរៀបចំ​ទទួល​ទឹក​អ​ម្រិ​ត​ពី​ភ្នំ​គូ​លេន​ដែលមាន​ព្រះរាជា​ជា​អធិបតី​តំណាងឱ្យ​ស្ដេច​នាគ ជា​អ្នក​ប្រសិទ្ធី​ដល់​នាគ​ទាំងឡាយ​(​ប្រមុខ​ដឹកនាំ​តាម​បណ្ដា​ខេត្ត​) ហើយ​ទូក​ដែល​មក​ចូលរួម គឺជា​ក្បូន​នាំ​ទឹក​អ​ម្រិ​តទៅ​ស្រោចស្រព​ដល់​ភូមិស្ថាន​ដែល​ខ្លួន​រស់នៅ​។​

​ចំពោះ​ការ​ប្រារព្ធ​ពិធី​អកអំបុក​សំពះ​ព្រះ​ខែ បណ្ដែតប្រទីប និង​បុណ្យ​តាំងតុ​ក្នុង​ថ្ងៃ​ផ្សេងៗ​នៅតាម​បណ្ដា​ខេត្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ឆ្នាំនេះ លោក​សាស្ត្រាចារ្យ​បញ្ជាក់ថា​៖ «​មិន​អ្វី​ខុសឆ្គង​ទេ យើង​អាចធ្វើ​ពេលណា​ក៏បាន ទីណា​ក៏បាន គ្រាន់តែ​យើង​មិនបាន​ជួបជុំគ្នា​ក្នុង​កន្លែង​តែមួយ​។ ការណ៍​ដែល​យើង​ធ្វើ​នៅ​មិន​ចំ​ថ្ងៃ​តែមួយ​ទាំងអស់គ្នា​មិន​សំខាន់​ប៉ុន្មាន​ទេ អ្វីដែល​សំខាន់​គឺ​ជាតិ​យើង​បាន​រីកចម្រើន យើង​អាច​អភិវឌ្ឍ​ជាតិ​ឱ្យ​រីកចម្រើន​នោះ​ទើប​ជា​រឿង​ត្រឹមត្រូវ​បំផុត​»៕​