អ្នកសារព័ត៌មាន​ជាតិ​ និង​អន្តរ​ជាតិប្រមាណ​ជិត ២​ ​ពាន់​នាក់ នឹងមាន​វត្តមាន​ដើម្បី​ចូល​ផ្តិត​យក​ព័ត៌មាន​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​ដែលជា​កិច្ចប្រជុំ​ធំ​ចុងក្រោយ​សម្រាប់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​លើក​ទី​៣ នា​ឆ្នាំ​ ២០២២ នេះ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ៨ ដល់​ ១៣ ខែវិច្ឆិកាខាងមុខ ខណៈ​អ្នកសារព័ត៌មាន​ជាច្រើន​បង្ហាញ​ចំណាប់អារម្មណ៍​លើ​បញ្ហា​ធំៗ​ដែល​កំពុង​កើតមានឡើង​តួយ៉ាង​វិបត្តិ​អតិផរណា វិបត្តិ​ភូមា វិបត្តិ​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។​

​យោងតាម​ការបញ្ជាក់រ​បស់​លោក​ ផុស សុវណ្ណ អ្នកនាំពាក្យ​របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ចន្ទ ទី​ ៧ ខែវិច្ឆិកា​នេះ មាន​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជិត ២​ ពាន់​នាក់ នឹង​ចូល​យក​ព័ត៌មាន​ជុំវិញ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​រយៈពេល​ជិត​មួយ​សប្តាហ៍​ពីថ្ងៃ​ទី ​៨ ដល់​ ១៣ វិច្ឆិកា ដែល​ក្នុងនោះ​មាន​អ្នកសារព័ត៌មាន​ក្នុងស្រុក​ដែល​បាន​ចុះឈ្មោះ​ប្រមាណ ៣៥៤ ​នាក់ និង​អ្នកសារព័ត៌មាន​បរទេស​ប្រមាណ ៩១០ ​នាក់ មកពី​ប្រទេស​ចំនួន​ ៣២ គិត​ត្រឹម​ថ្ងៃទី ​៦ វិច្ឆិកា បូករួម​វត្តមាន​របស់​អ្នកសារព័ត៌មាន​របស់​រដ្ឋ ធ្វើឱ្យ​ចំនួន​អ្នក​ចូល​ផ្តិត​យក​ព័ត៌មាន មាន​ក្នុង​រង្វង់​ជិត ២​ពាន់​នាក់​។ នេះ​ជាការ​គូសបញ្ជាក់​ពី​លោក​ផុស សុវណ្ណ​។​

​លោក​ផុស សុវណ្ណ​ថា​៖ «​មកដល់ពេលនេះ អ្នកសារព័ត៌មាន​មក​ចុះឈ្មោះ​យក​ព័ត៌មាន​ហ្នឹង​មាន​ចំនួន​សរុប ១ ៦៩០​ រូប​ហ្នឹង ក្នុងនោះ​មាន​អ្នកកាសែត​ក្នុងស្រុក​ចំនួន​ ៣៥៤ រូប មាន​ស្រី ៤៤ ​រូប និង​អ្នកសារព័ត៌មាន​បរទេស​ចំនួន ៩១០ ​រូប មាន​ស្រី ២៤៩ ​រូប​។ ក្រៅពី​ហ្នឹង​យើង មាន​មន្ត្រី​សារព័ត៌មាន​របស់​អង្គភាព​រដ្ឋ​ភាគច្រើន ដូចជា AKP វិទ្យុ ទូរទស្សន៍​ជាដើម​ហ្នឹង ហើយ​យើង​ឃើញ​សារព័ត៌មាន​ធំៗ​ក៏​មក​ដែរ​មាន CNN, AL JAZEERA, FOXNEWS ជាដើម​»​។​

​សម្រាប់​លោក ​ប្រាក់ ចាន់​ធុល ជា​អតីត​អ្នករាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ប្រចាំ​កម្ពុជា និង​សព្វ​ថ្ងៃជា​និពន្ធ​នាយក​នៃ​សារព័ត៌មាន KiriPost បាន​បញ្ជាក់ថា លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​យក​ព័ត៌មាន​សម្រាប់​ព្រឹត្តិការណ៍​កិច្ចប្រជុំ​កំពូល​អាស៊ាន​មួយ​នេះ ក្នុងខណៈ​ពេលដែល​មេដឹកនាំ​របស់​បណ្តា​ប្រទេស​ធំៗ ជាច្រើន​នឹង​លេច​វត្តមាន​មកជួប​ប្រជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ​ ពើប​ស្ថានការណ៍​ពិភពលោក​កំពុង​ជួបប្រទះ​វិបត្តិ​ធំៗ​ជាច្រើន​តួយ៉ាង​វិបត្តិ​អតិផរណា បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន វិបត្តិ​ភូមា​។​

​លោក ​ប្រាក់ ចាន់​ធុល ថា​៖ «​វិបត្តិ​អតិផរណា បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន វិបត្តិ​ភូមា ជាដើម​ដែល​នឹងត្រូវ​លើកឡើង​ក្នុង​កិច្ចប្រជុំ ហើយ​ដែល​អ្នកសារព័ត៌មាន​មានការ​ចាប់អារម្មណ៍ ព្រមទាំង​បញ្ហា​បន្ទាប់បន្សំ​ទៀត​ដូចជា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ជាពិសេស គេ​រង់​ចាំមើល​សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី​អាមេរិក​ចូ បៃ​ដិ​ន មេដឹកនាំ​កម្ពុជា​សម្តេច​ ហ៊ុន សែន និង​សេចក្តីថ្លែងការណ៍​របស់​អាស៊ាន​ទាំងមូល​»​។​

​លោក​ ប្រាក់ ចាន់​ធុល បន្ថែមថា សម្រាប់​ប្រធាន​រឿង​ដែល​អ្នកកាសែត​ភាគច្រើន​ចាប់អារម្មណ៍​នឹង​ត្រៀមខ្លួន​ផ្តិត​យក​ព័ត៌មាន​នោះ​គឺ សមាសភាព​និង​សេណា​រី​យ៉ូ​ចូលរួម​ពី​ភាគី​រុស្ស៊ី ក៏ដូចជា​ភាគី​អ៊ុយ​ក្រែ​ន ដែល​នឹងត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​មួយ​នេះ ដែលជា​ប្រធាន​រឿង​ក្តៅ​សម្រាប់​អន្តរជាតិ​ក្នុងពេល​បច្ចុប្បន្ន​។​

​ចំណែក​លោក ជួប ន​រក្សា ជា​អ្នកកាសែត​របស់​វិទ្យុ​បារាំង​អន្តរជាតិ (RFI) នៅ​កម្ពុជា​វិញ បាន​បញ្ជាក់ថា លោក​កំពុង​ត្រៀមខ្លួន​យ៉ាង​មមាញឹក​ជាមួយ​ការសិក្សា​ស្វែងយល់​ឱ្យបាន​ស៊ីជម្រៅ​ទៅលើ​បញ្ហា​អាស៊ាន ដែល​ទាមទារ​ឱ្យ​លោក​ប្រមែ​ល​ប្រមូល​និង​អាន​ឯកសារ​គតិយុត្តិ​ទៅលើ​ដំណើរការ​របស់​អាស៊ាន​គួបផ្សំ​នឹង​វិបត្តិ​នានា​ដែល​ពិភពលោក​កំពុង​ប្រឈម ដើម្បី​យកមក​ពិនិត្យ​បញ្ហា​ក្នុងការ​ផ្តិត​យក​ព័ត៌មាន​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ​។​

​សម្រាប់​លោក ជួប ន​រក្សា លោក​មានការ​ចាប់អារម្មណ៍​ចំពោះ​ប្រធាន​រឿង​ពាក់ព័ន្ធ​នឹង​វិបត្តិ​ភូមា ដែល​អូស​បន្លាយពេល​តាំងពី​ព្រុយ​ណេ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ាន​ត​មកដល់​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ នេះ ដែល​លោក​មើលឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ជាខ្លាំង​របស់​ប្រធាន​អាស៊ាន​ឆ្នាំ ​២០២២ ពោលគឺ​កម្ពុជា ដែល​មកដល់ពេលនេះ​មិនមាន​ការវិវត្ត​អ្វី​ច្រើន​ឡើយ​ក្នុង​វិបត្តិ​ភូមា ខណៈ​កៅអី​ភូមា​នឹង​ចំហ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ ខាងមុខ​។​

​កាលពី​ថ្ងៃទី​ ៤ ខែវិច្ឆិកា ឆ្នាំ​ ២០២២ កន្លងទៅ ក្នុង​ពិធី​ជួបជុំ​អ្នកសារព័ត៌មាន​ដែល​រៀបចំឡើង​ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា ស្តីពី​ការត្រៀមខ្លួន​យក​ព័​ត៌​មា​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លោក​ប៉ែន បូ​ណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា លើកឡើងថា បើទោះបីជា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នោះ​មាន​បញ្ហា​ក្តៅ​ដែល​អ្នកសារព័ត៌មាន​បាន​ចាប់អារម្មណ៍​ក្តី ឬ​ក្រៅពី​ប្រធានបទ​អន្តរជាតិ អ្នកសារព័ត៌មាន​ក្នុងស្រុក​ជាពិសេស​គួរ​ចាប់អារម្មណ៍​យក​មុំ​ពី​ភាពជោគជ័យ​នៃ​កិច្ចប្រជុំ​ដ៏​ធំ​ដែល​កម្ពុជា​បាន​បំពេញ​ស្មើមុខស្មើមាត់​ជាមួយ​ប្រទេស​ធំៗ​ផង​។

​ក្នុង​ពិធី​ជួបជុំ​ដដែល​នេះ លោក​ ពុ​យ គា ជា​អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​នៃ​ទីភ្នាក់ងារ​ព័ត៌មាន Kyodo ផ្តល់យោបល់​ថា អ្នកសារព័ត៌មាន​ក្នុងស្រុក​ត្រូវ​ស្វែងរក​មុំ​ព័ត៌មាន​ដើម្បី​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ដឹង ថា​កម្ពុជា​បានទទួល​ផលចំណេញ​អ្វី​ពី​កិច្ចប្រជុំ​កំពូល​នេះ​។ បន្ទាប់មក ក៏ត្រូវ​បំបែក​មុំ​ចេញពី​កិច្ចប្រជុំ​ធំ​ទៅ​កិច្ចប្រជុំ​តូចៗ​ផ្សេងទៀត​

​ព្រោះ​ក្នុង​ការរៀប​ចំនេះ​មិនមែន​មានតែ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នោះទេ គឺមាន​កិច្ចប្រជុំ​តូចៗ​ជាច្រើន​។ នេះ​គឺជា​អ្វីដែល​អ្នកសារព័ត៌មាន​ក្នុងស្រុក​គួរ​ចាប់អារម្មណ៍ ក្រៅតែពី​ការផ្ដោត​យក​ចិ​ត្ដ​ទុកដាក់​ទៅលើ​បញ្ហា​ក្ដៅៗ​របស់​តំបន់​និង​ពិភពលោក​។​

​គួររំឭកថា កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ក្នុង​ឆ្នាំ​ ២០២២ នេះ​នឹង​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ធ (40th & 41st ASEAN Summits and Related Summit) នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី ​១០ ដល់ ទី ​១៣ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ខាងមុខ​។​

​កម្ពុជា​បាន​ក្លាយជា​សមាជិក​អាស៊ាន កាលពី​ខែមេសា ឆ្នាំ​ ១៩៩៩ ហើយ​បាន​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ចំនួន​ ២ លើក​រួចមកហើយ កាលពី​ឆ្នាំ​ ២០០២ និង ២០១២ ហើយ​សម្រាប់​ឆ្នាំ​ ២០២២​ នេះ កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​ដ៏​ធំ​នេះដែរ ជា​លើក​ទី​៣ ក្រោម​ប្រធានបទ «ASEAN A.C.T: ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា​» មុន​ប្រគល់​តួនាទី​នេះ​បន្ត​ទៅឱ្យ​ឥណ្ឌូនេស៊ី​ដែល​នឹងត្រូវ​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២៣៕​