ភ្នំពេញៈ ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហាស​សា​ណា​ល់ បុល​គី​យ៉ា​ស់ មុយ​អ៊ី​ហ្សា​ឌី​ន វ៉ា​ឌូ​ឡា​ហ៍ ( Sultan Haji Hassanal Bolkiah Mu''izzaddin Waddaulah) ព្រះមហាក្សត្រ​នៃ​ប្រទេស​ព្រុយ​ណេ​នឹង​យាង​មក​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា នៅ​ថ្ងៃទី​ ១៤ ខែវិច្ឆិកា តប​តាម​ការយាង​របស់​ព្រះមហាក្សត្រ​កម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុ​ជា​បញ្ជាក់​នា​ថ្ងៃទី​ ៧ ខែវិច្ឆិកាថា ក្នុងអំឡុងពេល​ព្រះរាជទស្សនកិច្ច​នេះ ព្រះ​ចៅ​ស៊ុ​លត​ង់ នឹងមាន​ព្រះរាជសវនាការ​ជាមួយ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា នៅក្នុង​ព្រះបរមរាជវាំង​។​

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ព្រះ​ចៅ​ស៊ុ​លត​ង់ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹងមាន​កិច្ចប្រជុំ​កំពូល​ទ្វេភាគី នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃទី​ ១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ បន្ទាប់មក​នឹង​យាង​/​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ ស្តីពី​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​»​។

​ព្រះ​ចៅ​ស៊ុ​លត​ង់​ក៏​នឹង​យាង​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមានឯករាជ្យ និង​នៅ​មណ្ឌប​ព្រះ​បរម​រូប​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

​ព្រះរាជដំណើរ​ទស្សនកិច្ច​របស់​ព្រះ​ចៅ​ស៊ុ​លត​ង់ ប្រព្រឹត្តទៅ​ស្របពេល​ដែល​ប្រទេស​ទាំង ២ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត នៅក្នុង​ឆ្នាំនេះ​៕​