ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នា​ថ្ងៃទី ​៧ ខែវិច្ឆិកា បានអនុម័ត​កម្ចី​ចំនួន ៧០​ លាន​ដុល្លារ ដល់​ប្រទេស​កម្ពុជា ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) សម្រាប់​ការអប់រំ​នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ នៅ​ទូទាំងប្រទេស​។​

ADB បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ៧ ខែវិច្ឆិកាថា គម្រោង​នេះ នឹង​ជួយ​កម្ពុជា​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់ ជាពិសេស​ក្នុង​វិស័យ STEM ខណៈដែល​ប្រទេស​កម្ពុជា​ប្រាថ្នា​ចង់​ប្រែក្លាយ​សេដ្ឋកិច្ច​របស់ខ្លួន​ទៅជា​សេដ្ឋកិច្ច​ដែល​ជំរុញ​ដោយ​បច្ចេកវិទ្យា​និង​ចំណេះដឹង​។

ADB បញ្ជាក់ថា​៖ «​គម្រោង​នេះ​នឹង​ពង្រីក​លទ្ធភាព​ទទួលបាន​ការអប់រំ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ដែល​ផ្អែកលើ​ស្តង់ដា​លើកកម្ពស់​ការអប់រំ ​STEM​ ដោយ​គុណភាព និង​ពង្រឹងសមត្ថភាព​ស្ថាប័ន​សម្រាប់​ការធ្វើផែនការ ការគ្រប់គ្រង និង​ការផ្តល់​ការអប់រំ​មធ្យមសិក្សា​ទុតិយភូមិ​»​។​

​លោកស្រី Lynnette Perez អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​អប់រំ​របស់​ ADB សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ថ្លែងថា ដោយសារ​តម្រូវការ​ខ្លាំង​នៃ​ជំនាញ STEM គម្រោង​នេះ​នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​តាម​រយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអប់រំ STEM បច្ចុប្បន្ន ដើម្បី​តាម​ទាន់​ការកើនឡើង​នៃ​តម្រូវការ​សម្រាប់​កម្លាំង​ពលកម្ម​ដែលមាន​សមត្ថភាព​ខ្ពស់​។

​លោកស្រី​ថ្លែងថា​៖ «​ការងារ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ក្នុងការ​បំពេញ​ជំនាញ ចំណេះដឹង និង​សមត្ថភាព​សតវត្សរ៍​ទី​២១ ទៅក្នុង​ការអប់រំ STEM របស់ខ្លួន​។ វា​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជំនាញ​របស់​សិស្ស​ក្នុង​ការគិត​បែប​វិភាគ ការដោះស្រាយ​បញ្ហា ការច្នៃប្រឌិត និង​ការសហការ ដែល​ទាំងនេះ​នឹង​ត្រូវការ​សម្រាប់​សេដ្ឋកិច្ច​ផ្អែកលើ​ចំណេះដឹង​»​។​

ADB បញ្ជាក់ថា គម្រោង​នេះ​នឹងដាក់​ចេញ​នូវ​ស្តង់ដា​សម្រាប់​ការអប់រំ​ប្រកបដោយ​គុណភាព​សម្រាប់​អនុវិទ្យាល័យ​ទាំងអស់ ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិក្ខារ ព្រមទាំង​ផ្តល់នូវ​បច្ចេកវិទ្យា​អប់រំ និង​ឧបករណ៍ STEM សំខាន់ៗ សម្រាប់​ប្រទេស​កម្ពុជា​។

​ក្នុងចំណោម​ផែនការ​របស់​គម្រោង ក៏​នឹងមាន​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សម្ភារ​បរិក្ខារ​នៃ​សាលា​មធ្យមសិក្សា​ទុតិយភូមិ​ចំនួន ១៤ និង​សាលា​មធ្យមសិក្សា​ទុតិយភូមិ​ទូទៅ​ចំនួន ១០៣ ដោយ​បំប្លែង​ថ្នាក់រៀន​ចំនួន ៣ ក្នុង​សាលា​នីមួយៗ​ទៅជា​ថ្នាក់រៀន​វិទ្យាសាស្ត្រ​ចំនួន ២ និង​បណ្ណាល័យ​ចំ​នយន​ ១ ដែលមាន​បំពាក់​ឧបករណ៍ សម្ភារ​បង្រៀន សៀវភៅ គ្រឿងសង្ហារិម និង​ធនធាន​បច្ចេកវិទ្យា​អប់រំ​ចាំបាច់​។

ADB បន្តថា​៖ «​ដើម្បី​បង្កើន​ជំនាញ​គរុកោសល្យ និង​ចំណេះ​ទ្រឹស្តី​របស់​គ្រូបង្រៀន និង​ពង្រឹង​ការផ្តល់​ការអប់រំ STEM គម្រោង​នឹង​ផ្តល់នូវ​ការអភិវឌ្ឍ​វិជ្ជាជីវៈ​ជា​បន្តបន្ទាប់​ក្នុងការ​បង្រៀន​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដល់​គ្រូបង្រៀន STEM ចំនួន ៧៧៥ នាក់ ដែលមាន​ស្ត្រី​យ៉ាងតិច ៤០​ ភាគរយ និង​សាស្ត្រាចារ្យ STEM ចំនួន ២៥ នាក់ មកពី​វិទ្យាស្ថាន​ជាតិ​អប់រំ ដែលមាន​ស្ត្រី​យ៉ាងហោចណាស់ ៨០ ​ភាគរយ​»​។

​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​កម្ពុជា ដែលជា​មជ្ឈមណ្ឌល​កូនកាត់​ស្ថិតនៅក្នុង​ទីក្រុង​ភ្នំពេញ និង​កម្មវិធី​ឌីជីថល​ដ៏​រឹងមាំ នឹង​ត្រូវបាន​បង្កើតឡើង​សម្រាប់​ការចូល​ប្រើប្រាស់​ដោយ​សាលារៀន និង​សហគមន៍​ទូទាំងប្រទេស​។​

​គម្រោង​នេះ​នឹង​ផ្តល់​ការអភិវឌ្ឍ​វិជ្ជាជីវៈ​ជា​បន្តបន្ទាប់​ដល់​នាយក​វិទ្យាល័យ​ចំនួន ១៥៥ ស្តីពី​ការដឹកនាំ និង​ការគ្រប់គ្រង​សាលារៀន ការត្រួតពិនិត្យ​ការបង្រៀន និង​ការកសាង​ភាពជា​ដៃគូ ដែលមាន​សិក្ខាកាម ៨០​ភាគរយ​ជា​ស្ត្រី​។

​គម្រោង​នឹង​ពង្រឹង​មុខងារ​វិភាគ និង​ផែនការ​ទូទាំង​ប្រព័ន្ធ តាមរយៈ​ការអភិវឌ្ឍ​សមត្ថភាព និង​ផ្តល់នូវ​ការប្រមូល​ទិន្នន័យ​ជាក់ស្តែង​ភ្លាមៗ​នៅ​កម្រិត​សាលា ដែល​អាចឱ្យ​អ្នកដឹកនាំ​សាលា​ប្រើប្រាស់​ទិន្នន័យ​ទាំងនោះ​ ដើម្បី​កែលម្អ​ការគ្រប់គ្រង​សាលារៀន​៕​