ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​ថ្លែង​ថា ការ​សិក្សា​ប្រវត្តិសាស្ត្រ​យោធា គឺជា​ការស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​ការពារជាតិ សង្គ្រាម និង​ជម្លោះ​ប្រដាប់​អាវុធ ដោយ​ធ្វើ​ការ​វិភាគ​អំពី​ជ័យជម្នះ និង​បរាជ័យ​តាម​ដំណាក់​កាលនីមួយៗ ក៏​ដូចជា អំពី​ក្រឹត្យក្រម​នៃ​ការ​កកើត​ចលនា​ប្រដាប់​អាវុធ​សិល្បិ៍​វិធីកងទ័ព និង​ការ​អភិវឌ្ឍ​កងទ័ព។

លោក​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​បើក​សិក្ខា​សាលាប្រវត្តិសាស្ត្រ​យោធា​ស្តីពី​នយោបាយ​ឈ្នះ ឈ្នះ (គោលការណ៍ ដំណើរការ និងសមិទ្ធផល) «ចូលរួម​ចែក​រំលែក​ដើម្បី​សន្តិភាព និង​សុខដុមភាព» នៅ​ថ្ងៃទី៧ ខែ​វិច្ឆិកា នៅ​ទីស្តី​ការ​ក្រសួង​ការពារជាតិ។

លោក ហ៊ុន ម៉ាណែត ដែល​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក ថ្លែង​ថា ប្រវត្តិសាស្រ្ត​យោធា គឺជា​ធនធាន​ដ៏​ចាំបាច់​មួយ​សម្រាប់​ការ​អភិវឌ្ឍគតិបណ្ឌិត​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការ​ដឹកនាំ។ តាម​រយៈព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​នានា​ដែល​កម្ពុជា​បាន​រងឥទ្ធិពល ជាពិសេស ផលវិបាក​នៃសង្រ្គាម​រ៉ាំរ៉ៃ រហូត​ទទួល​បាន «សន្តិភាព​ពេញលេញ» តាម​រយៈនយោបាយ​ ឈ្នះ ឈ្នះ។

ហ្វេសប៊ុក​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​ដកស្រង់​សម្ដី​លោក​ថា៖ «ប្រវត្តិសាស្រ្ត​យោធា​នៅ​កម្ពុជា គឺជា​ប្រភព​នៃ​មេរៀនបទពិសោធ​ដ៏​សម្បូរបែប និង​ជា​ធនធាន​ពុទ្ធិ​សម្រាប់​ការ​កសាង​ដុះខាត់​គតិបណ្ឌិត​ជា​យុទ្ធសាស្ត្រ ដែល​មាន​សារៈសំខាន់​ចាំបាច់​នាំ​ឱ្យ​សម្រេចជោគជ័យ​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​កង​យោធពល​ខេមរភូមិន្ទ ទាំងក្នុង​ដំណាក់​កាល​បច្ចុប្បន្ន និង​ទៅ​អនាគត»។

លោក ហ៊ុន ម៉ាណែត ចាត់​ទុក​សិក្ខា​សាលា​នេះ គឺជា​ការ​ចូលរួម​យ៉ាងសំខាន់​ក្នុង​ការ​លើក​កម្ពស់​សមត្ថភាព​របស់​នាយទាហាន និង​កងយោធពល​ខេរមភូមិន្ទ តាម​រយៈការ​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​យោធា និង​ការ​អនុវត្ត «នយោបាយ​ឈ្នះ ឈ្នះ» ប្រកប​ដោយ​ជោគជ័យរបស់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោកបន្ថែមថា សិក្ខា​សាលា​លើក​ដំបូង​នេះ នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​បំពេញ​បន្ថែម បន្ទាប់ពី​បាន​ប្រមូល​ធាតុចូល​ជាច្រើន​តាម​រយៈលទ្ធផល​នៃ​សិក្ខា​សាលាប្រវត្តិសាស្ត្រ​យោធា​នៅ​ថ្នាក់​យោធភូមិភាគ៕