ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ថែរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស​បាន​សប្បាយ​រីករាយ​នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក​តាម​បណ្តា​ខេត្ត​នានា។

លោក ហ៊ុន សែន កាលពី​យប់​ថ្ងៃទី៧ ខែ​វិច្ឆិកា បាន​បង្ហោះសារ​ក្នុង​ហ្វេសប៊ុក​ដើម្បី​អបអសាទរ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះព្រះខែ និង​អកអំបុក ដែល​ប្រារព្ធ​ឡើង​ពី​ថ្ងៃទី ៧-៩ ខែ​វិច្ឆិកា។

លោកសរសេរថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្អាក​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឆ្នាំនេះ ដោយសារ​កម្ពុជា​ត្រូវ​រៀបចំកិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ និង​ការ​ទទួល​ដំណើរ​ទស្សនកិច្ច​មេដឹកនាំ​មក​ពី​បណ្ដា​ប្រទេស​នានា ជាច្រើន។ ប៉ុន្តែ​រាជ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​បណ្ដា​ខេត្ត​នានា​រៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​នេះ នៅ​តាម​ខេត្ត​រៀងៗ​ខ្លួន។

លោក ហ៊ុន សែន សរសេរថា៖ «សូមអាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ក្នុង​ការ​ថែរក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​ឱ្យបាន​ល្អ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស មាន​ឱកាស​បាន​សប្បាយ​រីករាយ​នៅ​ក្នុង​ពិធី​បុណ្យអុំទូក​តាម​បណ្តា​ខេត្តនានា»។

កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំកំពូល​ពាក់ព័ន្ធ​នឹង​ចាប់ផ្តើម​ដំណើរការ​ពីថ្ងៃទី​៨ ដល់​ថ្ងៃទី​១៣ ខែ​វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ៕