អក្ខរកម្ម​ប្រព័ន្ធផ្ស​ព្វផ្សាយ និង​ព័ត៌មាន គឺ​សំដៅ​លើ​ការ​មាន​ចំណេះដឹង មាន​ការ​គិតស៊ី​ជម្រៅ​លើ​មាតិកា​ដែល​ចែករំលែក​តាម​បណ្ដាញ​សង្គម។ ជា​គោលដៅ​រួម​មួយ​របស់​ភាគី​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​ធ្វើ​យ៉ាង​ណា​បញ្រ្ជាប​ចំណេះដឹង​នេះ​ទៅ​កាន់​ពលរដ្ឋ​កម្ពុជា ជាពិសេស​ពី​ស្រទាប់​យុវជន ដែល​ជា​វ័យ​សកម្ម​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម។

ជា​ការ​ពិត​ដែល​ថា ការ​ផ្លាស់ប្ដូរ​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ​តែ​ក៏​មិនមែន​មាន​ន័យ​ថា វា​មិន​អាច​សម្រេច​បាន​នោះ​ដែរ។ ការណ៍នេះ​អាច​ជោគជ័យ​ទៅ​បាន ដោយ​ទាមទារ​ឱ្យ​មាន​ពេល​វេលាច្រើន និង​ត្រូវ​ការ​ការចូលរួម​យ៉ាង​សកម្ម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។

នៅកម្ពុជា ចំនួន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​កើន​ឡើង​យ៉ាង​គួរ​ឱ្យ​កត់​សម្គាល់ ជាពិសេស នៅ​ក្នុង​ដំណាក់កាល​នៃ​ជំងឺ​កូវីដ១៩។ ការកើន​ឡើង​នៃ​អ្នក​ប្រើប្រាស់​ទាំង​នេះ បាន​បង្ក​ជា​ផល​ប៉ះពាល់​មួយ​ផ្នែក​ដល់​ការ​ចែកចាយ​ព័ត៌មាន​មិនពិត ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ និងចលាចល​ជា​ញឹកញាប់។

ដោយ​មូលហេតុ​នេះ ក្រសួង​អប់រំ បាន​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ពង្រឹង ចំណេះដឹង​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយឡើង​វិញ។ ក្នុង​នោះ​មាន​ការ​សហការ​ជាមួយ​គម្រោង DW Akademie ដើម្បី​ពង្រឹង​សមត្ថភាព​គ្រូ​បង្រៀន ក្នុង​ការ​ឈាន​ទៅ​បណ្ដុះបណ្ដាល​សិស្ស​នៅ​កម្រិត​វិទ្យាល័យ​ផងដែរ។

អ្នកស្រី សេង ស៊ីណែត អនុប្រធាន​នាយកដ្ឋាន​បច្ចេក​វិទ្យាព័ត៌មាន​នៃ​ក្រសួង​អប់រំ បាន​រៀបរាប់​ថា៖ «យើង​មិន​ត្រឹម​តែ​បណ្ដុះ​បណ្ដាល​ក្នុងស្រទាប់​សិស្ស​សាកលវិទ្យាល័យ​ប៉ុណ្ណោះ​ទេ ថ្មីៗ​នេះ​ យើង​ក៏​បាន​ពង្រីក​ចុះ​ទៅ​ថ្នាក់​វិទ្យាល័យ​ផងដែរ ដើម្បី​ឱ្យ​ពួកគេ​បាន​យល់ដឹង​តាំង​ពី​វ័យនោះ​ទៅ»។

ប៉ុន្តែ​យ៉ាងណា សកម្មភាព​ទាំងនេះ​ក៏​នៅ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន ក្នុង​នោះ​គឺ​ការ​យក​ចិត្ត​ទុក​ដាក់ របស់​សិស្ស​ផ្ទាល់ ដោយ​ហេតុ​ថា ពួកគេមាន​កាតព្វកិច្ច​ត្រូវ​ផ្ដោត​សំខាន់​លើ​ការ​ប្រឡង​មធ្យម​សិក្សាទុតិយភូមិ ដូច្នេះ​តិច​ឬ​ច្រើន គុណភាព​នៃ​ការ​យល់ដឹង​គឺ​នៅ​មាន​កម្រិត។

ក្រៅពីនោះ ក៏​មាន​ផងដែរ​នូវ​ការ​ចេញ​សៀវភៅ​សិក្សា​គោល ដើម្បី​ជួយ​សម្រួល​ដល់​ការ​បង្រៀន និង​រៀន​ក្នុង​កម្រិត​មូលដ្ឋាន។ និង​មាន​វេបសាយ​ផ្លូវការ​របស់​នាយកដ្ឋាន​ក្នុង​ការ​ចែក​រំលែក​មាតិកា គ្រប់​ប្រភេទ​ពាក់ព័ន្ធ​នឹង​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​ផងដែរ។

ចំណែក​អង្គការ​ យូណេស្កូ ប្រចាំ​នៅ​កម្ពុជា​វិញ ក៏​បាន​ធ្វើ​ការ​ច្រើន​ផងដែរ លើ​ការ​បញ្រ្ជាប​ចំណេះដឹង​ផ្នែក​នេះ។ មួយ​ក្នុង​ចំណោម​សកម្មភាពជាច្រើន​ទៀត​គឺ សហការ​ជាមួយ​ក្រសួង ប្រៃសនីយ៍ តាម​រយៈ​ការ​ផ្ដល់​ជា​ជំនួយ​បច្ចេកទេស ក្នុង​ការ​ស្រាវជ្រាវ​កំណត់​លើ​ទិន្នន័យ​នៃ​កម្រិតយល់​ដឹង​របស់​ប្រជាជន​កម្ពុជា ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ងាយស្រួល​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ចេញ​ជា​សកម្មភាព​ឱ្យ​ឆ្លើយតបទៅ​នឹង​កម្រិត​ចំណេះដឹង​ជាក់ស្ដែង។

លោក ស ចាន់ដារ៉ា ប្រធាន​គម្រោង DW Akademie ប្រចាំ​កម្ពុជា ដែល​ជា​អ្នក​ជំនាញ​ធ្វើ​ការ​រាប់ឆ្នាំ លើ​បញ្ហា​នេះ​បាន​មើល​ឃើញ​ពី​បញ្ហាជាក់ស្ដែង ព្រម​ទាំង​ទាមទារ​ការ​ចូលរួម​ពី​បុគ្គល​គ្រប់រូប​ដែល​ជា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម។

លោក ស ចាន់ដារ៉ា មាន​ប្រសាសន៍​ថា៖ «យើង​មិន​ដាក់​គំនាប​លើ​នរណា​ម្នាក់ ឬ​ទម្លាក់​ថា​ជា​កំហុស​របស់​អ្នក​ណាទេ​ ប៉ុន្តែ​យើង​ឃើញសកម្មភាព​នេះ​ដូចគ្នា ដូច្នេះ​យើង​ត្រូវ​ចូលរួម​ទាំងអស់​គ្នា... អ្នក​ទាំងអស់​គ្នា​សុទ្ធតែ​មាន​សេរីភាព​ក្នុង​ការ​ចូលរួម»។

បន្ថែមពីការចូលរួម លោកក៏​បាន​ចែក​រំលែក​នូវ​វិធីសាស្រ្ត​មួយ​ចំនួន​ដែល​អ្នក​ប្រើប្រាស់​អាច​អនុវត្ត ដើម្បី​ចៀសវាង​នូវ​ការ​ធ្លាក់​ចូល​ទៅ​ជា​ជនរងគ្រោះ​នៃ​មាតិកា​ក្លែងក្លាយ។ លោក​បាន​ចែករំលែក​ពី​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​កំណត់​សម្គាល់​ថា ព័ត៌មាន​នោះ​ជា​ព័ត៌មាន​មិនពិត តាម​រយៈការ​ពិនិត្យ​មើល​លើ​ចំណងជើង កាលបរិច្ឆេទ ទីតាំង​នៃ​សាច់រឿង ខ្លឹមសារ និង​ចុង​ក្រោយ​ការ​តាមដាន​លើ​ស្ថាប័ន​ព័ត៌មាន​គួរ​ទុកចិត្ត តើ​មានផ្សព្វផ្សាយ​ព័ត៌មាន​ដែល​អ្នក​អាន​កំពុង​តែ​ឃើញ​នេះ​ឬ​ទេ?

លោក​បញ្ជាក់​ថា បើ​នោះ​ជា​រឿងធំ ច្បាស់​ជា​មាន​ស្ថាប័ន​ព័ត៌មាន​ធំៗ​ចុះ​ផ្សាយ​ដែរ ប៉ុន្តែ​បើ​មិន​មាន​ចុះ​ផ្សាយ​ទេ​នោះ ភាគរយ​ដែល​ព័ត៌មាននោះ​ជា​ព័ត៌មាន​មិន​ពិត​គឺ​មាន​កម្រិត​ខ្ពស់។ ត្រឡប់​មក​វិញ លោក​គូស​បញ្ជាក់​ថា ពលរដ្ឋ​ដើរ​តួសំខាន់​ណាស់​នៅ​ក្នុង​សង្គម ដូច្នេះ​ហើយ​ពួកគេ​ត្រូវ​មាន​ទំនួល​ខុសត្រូវ​ក្នុង​នាម​ជា​ពលរដ្ឋ បើ​មិន​ដូច្នោះ​ទេ សង្គម​កម្ពុជា​ពិបាក​នឹង​រីក​ចម្រើន​ទៅ​មុខ​ណាស់។

តាម​រយៈការ​រួមគ្នា​ធ្វើ​ការ​លើ​អក្ខកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ ទាំង​អង្គការ​សង្គម​ស៊ីវិល ទាំង​រាជរដ្ឋាភិបាល​សង្ឃឹម​ថា នឹង​មាន​ការ​ចូលរួម​កាន់តែច្រើន​ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​លើក​កម្ពស់​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យ​ទៅ​មុខ​រួម​ជាមួយ​ការ​បណ្ដុះ​បណ្ដាល ឈាន​ឱ្យ​បាន​សម្រេច​នូវគោលនយោបាយ​មួយ ប្រកប​ដោយ​ចីរភាព​ដែល​មាន​ចែង​នៅ​ក្នុង​ផែនការ SDG ទី៤។

គួរបញ្ជាក់ថា វេទិកា​ពិភាក្សា​រួមគ្នា​រវាង​អង្គការ​សង្គមស៊ីវិល និង​រដ្ឋាភិបាលនេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា សហការ​ជាមួយ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ កាល​ពី​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ៕