ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ផាម មិញជិញ (Pham Minh Chinh) នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​ធ្វើ​ជា​សហអធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​១១ នាថ្ងៃទី​៨ ខែ​វិច្ឆិកា បន្ទាប់​ពី​ជំនួប​ទ្វេភាគី នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

ឯកសារទី១ គឺ​អនុស្សរណៈ​នៃ​ការ​យោគយល់គ្នា (MoU) ស្ដីពី​ប្រភេទ និង​បរិមាណ​យានយន្ត​ពាណិជ្ជកម្ម​ដើម្បី​អនុវត្ត​កិច្ច​ព្រមព្រៀង និងពិធីសារ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​សម្រាប់​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក។

ឯកសារទី២ គឺ MoU រវាង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា និង​ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម​លើ​កិច្ចសហប្រតិបត្តិ​ការ​វិស័យ​កសិកម្ម។ ទី ៣ គឺ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​២។

ឯកសារទី ៤ គឺ​កិច្ច​អនុវត្ត​រួមគ្នា​រវាង​ប្រទេស​ទាំង ២ ស្តីពី​កិច្ច​ប្រតិបត្តិការ​រដ្ឋបាល​រួមគ្នា​ក្រោម​ក្របខ័ណ្ឌ​នៃ​មាត្រា ៥៦ (១)(ក) នៃ​បទប្បញ្ញត្តិ​របស់​គណៈកម្មាធិការ​ដែល​ទទួល​បាន​ប្រតិភូកម្ម​អំណាច (សហភាព អឺរ៉ុប) ២០១៥/២៤៤៦ ចុះ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ ២០១៥ បំពេញ​បន្ថែម​បទប្បញ្ញត្តិ (សហភាពអឺរ៉ុប) លេខ ៩៥២/២០១៣ នៃសភា និង​ក្រុម​ប្រឹក្សា​អឺរ៉ុប ទាក់ទង​ទៅ​នឹង​វិធាន​លម្អិត​ស្តីពី​បទប្បញ្ញត្តិជាក់លាក់​នៃ​ក្រម​គយ​របស់​សហភាព សម្រាប់​គ្រឿង​បង្គុំ និង​ផ្នែក​របស់​ទោចក្រយាន។

ទី៥ គឺ​កិច្ច​អនុវត្ត​រួមគ្នា​រវាង​រដ្ឋាភិបាល កម្ពុជា-វៀតណាម ស្ដីពី​កិច្ចប្រតិបត្តិការ​រដ្ឋបាល​រួមគ្នា អនុលោម​តាម​ផ្នែក ១៨ (៣)(ខ), នៃបទប្បញ្ញត្តិគយ ២០២០ (ដើម​កំណើត​ទំនិញ​ដែល​អាច​គិតពន្ធ៖ គម្រោង​អនុគ្រោះពន្ធ) (ការ​ចាកចេញ​ពី​សមាជិកភាព នៃ​សហភាព​អឺរ៉ុប) សម្រាប់​គ្រឿង​បង្គុំ និង​ផ្នែក​របស់​ទោចក្រយាន។

ទី៦ MoU រវាង​ក្រសួង​ព័ត៌មាន​កម្ពុជា និង​វិទ្យុសំឡេង​វៀតណាម​នៃ​ប្រទេស​វៀតណាម ស្ដីពី​កិច្ចសហប្រតិបត្តិការ​វិទ្យុ និង​ទូរទស្សន៍​សម្រាប់ឆ្នាំ ២០២២-២០២៥។ ទី៧ MoU រវាង​ក្រសួង ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា និង​ក្រសួង​ព័ត៌មាន និង​គមនាគមន៍​វៀតណាម​ស្ដីពី​ ការ​ធ្វើ​សហប្រតិបត្តិការ​លើ​វិស័យ​ប្រៃសណីយ៍​ទូរគមនាគមន៍ បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន និង​បរិវត្តកម្ម​ឌីជីថល។

ទី៨ MoU ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​រវាង​ក្រសួង ធម្មការ និង​សាសនា​កម្ពុជា និង​គណៈកម្មាធិការ​ជនជាតិ​នៃ​ប្រទេស​វៀតណាម។ ទី៩ MoU រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា និង​ក្រសួង​ការងារ ជន​ពិការ និង​សង្គម​កិច្ច​វៀតណាម​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ។

ទី១០ MoU ស្ដីពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​នវានុវត្តន៍​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ទូទាត់​សងប្រាក់​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារ​រដ្ឋវៀតណាម និង​ទី១១ MoU រវាង​ក្រុមហ៊ុន​វៀតថល ខេមបូឌា (Viettel Cambodia) ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

លោក Pham Minh Chinh មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ២ ថ្ងៃ ចាប់​ពីថ្ងៃ​ទី៨ ដល់​ទី៩ ខែ​វិច្ឆិកា។ លោក​ក៏​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ​ដែល​គ្រោង​នៅថ្ងៃ​ទី​១០-១៣ ខែ​វិច្ឆិកា ផងដែរ៕