ភ្នំពេញៈ គិតត្រឹម​ថ្ងៃទី៧ ខែ​វិច្ឆិកា គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​អនុញ្ញាត​ឱ្យ​អ្នក​សង្កេតការណ៍​ជាតិ​ចំនួន ២ ៦៦១​នាក់ មក​ពី ៦​អង្គការ សមាគម ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​សង្កេត​មើល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ២០២២។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់ គ.ជ.ប។

គ.ជ.ប បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ថា អង្គការ សមាគម​ទាំង ៦ រួមមាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (សសយក) សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​សម្រាប់​ខេត្ត​កំពង់ចាម គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌នៅ​កម្ពុជា (ខុមហ្វ្រែល) សមាគម​បណ្តាញ​សង្គម​ស៊ីវិល​កម្ពុជា សមាគម​រាជសីហ៍ និង​សមាគម​សហព័ន្ធ​សិស្ស និស្សិត​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។

គ.ជ.ប បាន​បើក​ឱ្យ​ដំណើរការ​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​ជាតិ​ចាប់​ពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ ២០២២ ដល់ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ២០២៣៕