The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពលករ​មកពីកូ​រ៉េបែ​ក​គំនិត​ចិញ្ចឹ​មក្រ​បីលក់​បាន​ចំណូល​ពី​៧០០ ទៅ​១ពាន់​ដុល្លារ​ក្នុង​១ខែ

ពលករ​មកពីកូ​រ៉េបែ​ក​គំនិត​ចិញ្ចឹ​មក្រ​បីលក់​បាន​ចំណូល​ពី​៧០០ ទៅ​១ពាន់​ដុល្លារ​ក្នុង​១ខែ

Content image - Phnom Penh Post
កសិដ្ឋានចិញ្ចឹមក្របីរបស់លោក យ៉ែម រុម នាពេលបច្ចុប្បន្ន ។ រូបថត សហការី

ពលករ​មកពីកូ​រ៉េបែ​ក​គំនិត​ចិញ្ចឹ​មក្រ​បីលក់​បាន​ចំណូល​ពី​៧០០ ទៅ​១ពាន់​ដុល្លារ​ក្នុង​១ខែ

តាកែវៈ មាន​ពលករ​ខ្មែរ​ជាច្រើន​បានធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ហើយ​អ្នកខ្លះ​ត្រឡប់មកវិញ​ក៏​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​ជា​អ្នកជំនួញ​ឬ​ក្លាយជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​និង​ធ្វើ​កសិកម្ម​សិប្បកម្ម​ជាដើមទៀតផង​។​

មិន​ខុសគ្នា​ប៉ុន្មាន​ដែរនោះ ​យុវជន​ឈ្មោះ​យ៉ែម រុមបាន​ចាប់ផ្ដើម​មុខរបរ​ចិញ្ចឹមសត្វ​ក្របី​ទាំង​ឈ្មោល​ទាំង​ញី​និង​កូន​ក្របី​សរុប​ជាង​១០០​ក្បាល​ក្រោយ​ត្រឡប់មក​ពី​ធ្វើជា​ពលករ​នៅ​ប្រទេស​កូរ៉េ​វិញ​។​របរ​ចិញ្ចឹម​ក្របី​នេះ​លោក​យ៉ែម រុម អាច​រកចំណូលបាន​ចន្លោះ​ពី​៧០០ទៅ​១ពាន់​ដុល្លារ​ក្នុង​១​ខែ​​។

​យុវជន​អាយុ​២៧​ឆ្នាំ​ដែលមាន​មាឌ​ស្តើង​សក់ស្លូត​និងមានសម្បុរ​បន្លំៗ​នឹង​សត្វ​ក្របី​រូបនេះ​បាន​រៀបរាប់ថា​គាត់​ជា​កូនពៅ​ក្នុង​​ចំណោម​បងប្អូន​៧​នាក់​(​ស្រី​២​នាក់​)​រស់នៅ​ភូមិរ​អូរ​ពោ​ធិ៍ ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ​។​

​ជា​អ្នក​មាន​កំណើត​ក្នុង​គ្រួសារ​កសិករ​រស់នៅ​តំបន់​ជន​បទ​ដែល​កើត​មក​ស្គាល់​តែ​រនាស់​នង្គ័ល​គោក្របី​ លោក ​យ៉ែម រុម បាន​ចាក​ចេញ​ពី​មាតុ​ភូមិ​ទៅធ្វើ​ការ​ជាព​លករ​នៅ​ប្រទេស​កូរ៉េ​ក្នុង​អំឡុង​ឆ្នាំ​២០១៦​​។​

​យ៉ែម រុម បាន​ប្រាប់​ថា​ពេល​ទៅ​ដល់​ប្រទេស​កូរ៉េ​ដំបូង​​រូប​លោក​ត្រូវ​បាន​ថៅកែ​ជា​ជន​ជាតិ​កូរ៉េ​ឱ្យធ្វើ​ការ​ជា​ជាង​ផ្សា​រទូ​កុង​តឺន័រ​ប៉ុន្តែ​ដោយ​សារ​ការងារ​នោះ​មាន​ប្រាក់​ខែ​តិច​ខ្លួន​ក៏​ផ្លាស់​ប្តូរ​ពី​ជាង​ផ្សា​រទូ​កុង​តឺន័រ​ទៅ​រោងចក្រ​ជួស​ជុល​រថយន្ត​វិញ​ព្រោះ​កន្លែង​ថ្មីនោះ​បាន​ប្រាក់​ខែ​ប្រសើរ​ជាង​កន្លែង​ចាស់​។​ លុះនៅ​អំឡុង​ឆ្នាំ​២០១៨-២០១៩​ ក្នុងពេល​កំពុង​ធ្វើការ​នៅ​យាន​ដ្ឋាន​ជួស​ជុល​រថយន្ត​នោះ​ ដោយ​សារ​តែ​លោក​សន្សំ​បាន​ប្រាក់​ល្មម​គួរ​សម​ហើយ​នោះ​ក៏​ផ្ញើ​ប្រាក់​មក​ម្តាយ​ឪពុក​សម្រាប់​ទិញ​ក្របី​ឈ្មោល​និង​ក្របី​ញី​ដែល​មុន​ដំបូង ទិញ​បានតែ​ ១៨​ក្បាល​ទេ​។ ​លុះដល់​ឆ្នាំ​ ២០២០​ ក្របី​បាន​កើត​កូន​ដែល​រាប់​ទាំង​ទិញ​ចូល​ផង​សរុប​ទាំង​អស់់​កើន​ដល់​ជាង ​៦០​ក្បាល​។​

​យ៉ែម​ រុម​ បាន​ពោល​ថា​៖«​របរ​ចិញ្ចឹម​សត្វ​ក្របី​នេះ​ខ្ញុំ​បាន​ប៉ង​ប្រាថ្នា​ជា​យូរ​មក​ហើយ​តាំងពី​ខ្ញុំ​មិន​ទាន់​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ម្ល៉េះ​ហើយ​អាច​និយាយ​បាន​ថា​ វាជា​បុណ្យ​សំណាង​ខ្ញុំ​ដែរ​ដែល​ខ្ញុំ​បាន​សម្រេច​ក្តី​សុបិន​របស់ខ្ញុំ​ក្លាយជា​​ការពិត​។​ម្យ៉ាង​មូលហេតុ​នៃ​ការ​ចិញ្ចឹម​សត្វ​ក្របី​នេះ​ក៏​ខ្ញុំ​ចង់​អភិរក្ស​សត្វ​ក្របី​ខ្មែរ​យើង​ដែរ​ព្រោះ​ឥឡូវ​ឃើញ​ថា​មិនសូវ​សម្បូរ​សត្វ​ក្របី​ទេសត្វ​គោ​ក៏​ដូចគ្នា​ដែរ​»​។​

​លោក​បាន​បន្ត​ថា​ បន្ទាប់ពី​លោក​ធ្វើការ​នៅ​រោង​ជាង​ជួស​ជុល​រថយន្ត​នៅ​ប្រទេស​កូរ៉េ​បាន​២​ឆ្នាំ​១០​ខែ​ក៏​ត្រូវផុត​អាណត្តិ​ ហើយ​លោក​ត្រូវ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ខែមេសា​ឆ្នាំ​២០២១​។​ពេល​លោក​មកដល់​ស្រុក​កំណើត​វិញ​សត្វ​ក្របី​បាន​បង្កើត​កូន​បន្ត​ពូជ​រហូត​ដល់​ជិត​១០០​ក្បាល​ដែល​ចំនួន​នេះ​បាន​ធ្វើ​ឱ្យ​លោក​ជួប​បញ្ហា​ខ្វះ​ចំណី​អាហារ​ឱ្យ​សត្វ​ក្របី​ស៊ី​។

ដោយ​សារ​តែ​បែបនេះ​លោក​បាន​ទិញ​ដីស្រែ​អ្នកភូមិ​ទំហំ​ជាង​៤​ហិកតា​ដើម្បី​ដាំ​ស្មៅ​ទុក​សម្រាប់​ឱ្យ​សត្វ​ក្របី​ស៊ី​ហើយ​លោក​មាន​ដី​ក្បាល​ប្រវែង១៨​ម៉ែត្រ​គុណ​នឹង​២៥​ម៉ែត្រ​សម្រាប់​ចិញ្ចឹម​សត្វ​ក្របី​។​របរ​ចិញ្ចឹម​ក្របី​នេះ​លោក​ត្រូវ​ចំណាយ​ទុន​ប្រហែល​១០​ម៉ឺន​ដុល្លារ​តែ​វា​ជា​របរ​មួយ​ឬ​អាច​និយាយ​បាន​ថា​ប្រសើរ​ជាង​ការធ្វើ​ស្រែ​បន្តិច​ ព្រោះ​ថា​ចិញ្ចឹម​ក្របី​គ្រាន់​តែ​ឱ្យចំ​ណី​ឱ្យ​ទឹក​ទេ​មិន​សូវ​ប្រើ​កម្លាំង​ពល​កម្ម​ច្រើន​ដូច​ធ្វើ​ស្រែ​ឡើយ​។​

​ពាក់​ព័ន្ធ​នឹង​ជំនួញ​ទិញ​-លក់​សត្វ​ក្របី​វិញ ​កាល​ពីមុន​ពេល​ប្រទេស​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​គឺ​ក្នុង​សត្វ​ក្របី​១​ក្បាល​លក់​បាន​ថ្លៃ​ជាង​៦​លាន​រៀល ​(​មិន​គិត​ញី​ឈ្មោល​ទេ​)​ តែ​ក្រោយ​ពី​កូ​វីដ​មក​ទីផ្សារ​ក្របី​បាន​ធ្លាក់​ថ្លៃ​មក​នៅត្រឹម​១​ក្បាល​ជាង​៥​លាន​រៀល​ប៉ុណ្ណោះ​។​បញ្ហា​នេះ​លោក​ក៏​មិន​ដឹង​ថា ​មាន​មូល​ហេតុ​មកពី​អ្វី​ឡើយ ​បាន​ជា​ទីផ្សារ​សត្វ​ក្របី​មានការ​ធ្លាក់​ថ្លៃ​យ៉ាង​ដូច្នេះ​។​

ចំពោះ​អតិថិ​ជន​ដែល​មក​ទិញ​សត្វ​ក្របី​របស់​លោក​ខ្លះ​គាត់​ទិញ​យក​ទៅ​ចិញ្ចឹម​បន្ត​សម្រាប់​បំប៉ន​យកទៅ​កាប់​សាច់​លក់​ឬ​អតិថិ​ជន​ខ្លះ​ទិញ​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​វៀតណា​ម​និង​ទិញ​យក​ទៅ​អូស​រទេះ​ភ្ជួរស្រែ​ជាដើម​។​បច្ចុប្បន្ននេះ​​លោក​មាន​សត្វ​ក្របី​ជាង​១០០​ក្បាល​ហើយ​បច្ចុប្បន្ន​នេះ​​ក៏មាន​អតិថិ​ជន​ស្គាល់​ទីតាំង​ចិញ្ចឹម​ក្របី​របស់​លោក​ច្រើន​ហើយ​ដែរ​។​

​បើតាម​លោក​ យ៉ែម ​រុម ​របរ​ចិញ្ចឹម​សត្វ​ក្របី​នេះ​មិន​សូវ​ជា​ពិបាក​ប៉ុន្មាន​ទេ​អាច​ថា​ស្រួល​ជាង​ការ​ចិញ្ចឹម​សត្វ​ជា​លក្ខណៈ​គ្រួសារ​ផង​ ​ព្រោះថា​លោក​មាន​ដី​ជាង​៤​ហិកតា​សម្រាប់​ដាំ​ស្មៅ​ឱ្យ​ក្របី​ស៊ី​រួមផ្សំ​ជាមួយ​ចំ​បើង​ទៀត​ ហើយ​ចំ​បើង​នោះ​​លោក​ដើរ​សុំ​ពី​អ្នកភូមិ​ច្រូត​ស្រូវ​រួចហើយ​យ​កវាម​កមូរ​ជា​ដុំៗ​សម្រាប់​ទុកឱ្យ​ក្របី​ស៊ី​។​ពេលខ្លះ​លោក​លក់​ចំ​បើង​នោះ​វិញ​ដែល​ក្នុង​១​ដុំ​លក់បាន​៤៥០០​ទៅ​៥​ ០០០រៀល​(​ដុំ​ទម្ងន់​១៥​គីឡូក្រាម​)​រីឯ​អាចម៍​ក្របី​ស្ងួត​ទម្ងន់​ពី២៥​ទៅ៣០​គីឡូ​ក្រាម​លោក​អាចលក់បាន​ក្នុង​តម្លៃពី​១៥​ ០០០​ទៅ​ ២០​ ០០០​រៀល។ចំណែក​អា​ចម៍​ក្របី​សើម​វិញ ​ក្នុង​១គោ​យន្ត​លក់​បាន​ក្នុង​តម្លៃ​ពី​៣​៥ ០០០​ទៅ​៤​០ ០០០​រៀល​ដែរ​។​

ជា​មួយ​គ្នា​នេះ​លោក​មាន​ធ្វើ​អាង​ទឹក​មួយ​ទុក​សម្រាប់​ឱ្យ​វា​ផឹក​ពេល​ព្រឹក​។​រីឯ​វិធី​ឱ្យ​ចំណី​វិញ​គឺ​ពេល​ព្រឹក​លោក​ដាក់​ចំ​បើង​ឱ្យ​វា​ស៊ី​ទេ លុះ​ដល់​ពេល​ថ្ងៃត្រង់​ទើប​លែង​វា​ទៅឱ្យ​ស៊ី​ស្មៅ​។ ​ពេល​វា​ស៊ី​រួច​ចូលក្នុង​ក្រោល​លោក​ដាក់​ចំ​បើង​បន្ថែម​ឱ្យ​វា​ស៊ី​ទៀត​ពោលគឺ​លោក​បំប៉ន​វាយ​កសាច់​ដើម្បី​ឱ្យ​វា​ឆាប់​ធំ​ធាត់​លឿន​កាល​ណា​ លោក​ក៏​ងាយ​ស្រួល​ក្នុង​ការលក់​ឱ្យ​អតិថិ​ជន​ដែរ​។​​បច្ចុប្បន្ន​លោក​មាន​កូន​ក្របី​ទាំង​ឈ្មោល​ទាំង​ញី​ជាង​៥០​ក្បាល ​រីឯ​មេ និង​ឈ្មោល​ជាង​៥០​ក្បាល​ដែរ​។​

​លោក​ យ៉ែម រុម​ ឱ្យដឹង​ដែរ​ថា បើ​គិតពី​ចំណូល​បាន​ពី​ការ​ចិញ្ចឹម​សត្វ​ក្របី​ក្នុង​១​ខែ​លោក​អាច​រក​ចំណូល​បាន​ចន្លោះ​ពី​ ៧០០​ ទៅ​១ ០០០​ដុល្លារ​ដែរ​។​រីឯ​សត្វ​ក្របី​របស់​លោក​ក្នុង​១​ឆ្នាំ​អាច​បង្កើត​កូន​បាន​ប្រហែល​ជា​៣០​ក្បាល​ ហើយ​ត្រូវបា​ន​លោក​លក់​ចេញ​ប្រហែល ​២០ ​ក្បាល​ទៅវិញ​។ ​ចំពោះ​កូន​ក្របី​ដែល​លោក​អាច​លក់​បាន​ គឺ​ចាប់ពី​អាយុ​១​ឆ្នាំ​កន្លះ​ក្នុង​ ១​ ក្បាល​តម្លៃ​ជាង​ ៥០០​ដុល្លារ​ហើយក៏​មិន​គិតពី​ញី ឬ​ឈ្មោល​ដែរ​​ តែបើ​មុន​សម័យ​កូ​វី​ដលោក​អាច​លក់​កូន​ក្របី​បាន​ចន្លោះ​ពី​ ៦​០០ ទៅ ​៧០០ ​ដុល្លារ​ក្នុង​១​ក្បាល​។​គេ​ទិញ​កូន​ក្របី​យក​ទៅ​ចិញ្ចឹម​បន្ត​ ពេល​បំប៉ន​បាន​ធំធាត់​គ្រាន់​បើ​ហើយ ក៏​លក់​ចេញ​ទៅ​វិញ​។​

​លោក​បញ្ជាក់​ថា​៖«​ទៅ​ថ្ងៃ​ខាង​មុខ​ខ្ញុំ​នឹង​ពង្រីក​បន្ថែម​ទៀត​ទៅតាម​កាលៈទេ​សៈ​ ហើយ​ខ្ញុំ​នឹង​ពង្រីក​ដី​សម្រាប់​ធ្វើ​ក្រោល​ឱ្យ​វា​ធំ​ទូលាយ​ជាង​សព្វ​ថ្ងៃ​ព្រោះ​នៅ​ពេល​ខាង​មុខ​ក្របី​នឹង​កើន​ចំនួន​កាន់​តែច្រើ​ន​ហើយ​។​ខ្ញុំ​គិតថា​របរ​ចិញ្ចឹម​សត្វ​ក្របី​របស់​ខ្ញុំ​វា​អាច​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ចំណូល​បាន​គ្រាន់​បើ​ជាង​ការ​ធ្វើ​ស្រែ​គួរ​សម​ដែរ​»​។​

​ទាក់​ទ​ង​នឹង​កសិដ្ឋាន​ចិញ្ចឹម​ក្របី​នេះ ​លោក ​ស្រី ប៊ុន​រី មេភូមិអូរ​ពោធិ៍ ក្នុង​ឃុំ​សំបួរ​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អ្នក​ចិញ្ចឹម​ក្របី​ឈ្មោះ ​យ៉ែម​រុម ហើយ​ក្របី​ដែល​គាត់​ចិញ្ចឹម​មាន​ប្រមាណ​១០០​ក្បាល​​ ប៉ុន្តែ​កាល​ណា​មានការ​ចិញ្ចឹម​សត្វ​ក្របី​ច្រើន​បែប​នេះ​បាន​ធ្វើ​ឱ្យ​ក្នុង​ភូមិ​ ពិសេស​តំបន់​ដែល​នៅជិត​ទីតាំង​កសិដ្ឋាន​ចិញ្ចឹម​ក្របី​នោះ​ជួប​នូវ​បញ្ហា​ខ្លះៗ​ដែរ​ដូចជា​ ប្រឡាយ​ទឹក​ត្រូវ​សត្វ​ក្របី​ចុះ​បង្ក​ទៅជា​ទឹក​រាក់​បែក​ភក់​រួម​ទាំង​ផ្លូវជាដើម​តែ​មិន​ទាន់​មាន​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិរ​អ៊ូរទាំ​នៅ​ឡើយ​ទេ​។​អ្នក​ចិញ្ចឹម​ក្របី​ម្នាក់​នោះ​គាត់​មាន​ទីតាំង​ដាំ​ស្មៅ​សម្រាប់​ឱ្យ​សត្វ​ក្របី​គាត់​ស៊ី​ ប៉ុន្តែ​សត្វ​គោក្របី​ទៅ​កន្លែង​ណា​គឺ​រេច​រឹល​កន្លែង​នោះ​ហើយ​។​

​លោក​ពោល​ថា​៖«​បើ​ខែ​ធ្វើស្រែ​គាត់​រក​ទីតាំង​វាលៗ​នៅ​ភូមិសាស្ត្រ​លើៗ​ដែល​គេ​ច្រូត​ស្រូវ​រួច​នៅសល់​ចំ​បើង​គាត់​លែង​ក្របី​ទៅឱ្យ​ស៊ី​ជញ្ជ្រាំង​នោះ​ហើយ​គាត់​ឃ្វាល​រួច​គាត់​មាន​អា​ត្រាក់​២​គ្រឿង​សម្រាប់​បូតចំ​បើង​ទុកឱ្យ​ក្របី​គាត់​ស៊ី​»​។​

​បើតាម​លោកស្រី​ប៊ុន​រី​ អ្នក​ចិញ្ចឹម​ក្របី​ខាងលើ​ក៏​កំពុង​ស្វែងរក​ទីតាំង​ផ្សេងទៀត​ដែរ​ ដើម្បី​យក​សត្វ​ក្របី​ចេញពី​ភូមិ​ចៀសវាង​ការបង្ក​បញ្ហា​ណា​មួយ​ ព្រោះ​ធម្មតា​សត្វ​ក្របី​កាលបើ​មាន​ចំនួន​ច្រើន​អាច​ប៉ះពាល់​ដល់​អ្នកភូមិ​ហើយ​​តែ​ប្រសិន​បើ​គាត់​អាច​យក​សត្វ​ក្របី​ទៅ​ចិញ្ចឹម​កន្លែង​ណា​វាលៗ​គឺជា​ការ​ប្រសើរ​ណាស់​។​

​ពាក់​ព័ន្ធ​នឹង​ការប្រើ​កម្លាំង​អូស​ទាញ​ពីស​ត្វ​គោ​ក្របី​វិញ​ ​លោក​ ជី ជី​ម ជា​មេឃុំ​សំបួរ​បាន​ប្រាប់​ថា ​បច្ចុប្បន្ន​នេះ​ប្រជា​កសិករ​រស់​នៅក្នុង​ឃុំ​សំបួរ​លែង​ប្រើ​កម្លាំង​អូស​ទាញ​ពីស​ត្វ​គោ​ក្របី​ទៀត​ហើយ​ ដោយ​ពួក​គាត់​ប្ដូរមក​ប្រើ​គ្រឿងច​ក្រ​ជំនួស​វិញ​។​ការ​ផ្លាស់​ប្តូរ​ទម្លាប់​ពី​ការ​ប្រើ​គោ​ក្របី​មក​ប្រើ​គ្រឿង​ចក្រ​នេះ​ដោយ​សារ​ចំណេញ​ពេល​វេលា ហើយ​ម្យ៉ាង​បើ​ប្រើគោ​ក្របី​ក៏​វា​ថ្លៃ​ដែរ​។​

​លោក​ថ្លែង​ថា​៖«​គោក្របី​ប្រើ​កម្លាំង​ពលកម្ម​ច្រើន​ណាស់​ឥឡូវ​គ្មាន​នរណា​ហ៊ាន​ប្រើ​ទៀត​ទេ​។​គេ​ជួល​គោយន្ត​ ជួល​អា​ត្រាក់​ទ័រ​ភ្ជួរ​ដី​១​ហិកតា​តែ​១ភ្លែតៗ​ទេ​។​បើ​យើង​ទិញ​គោក្របី​ចិញ្ចឹម​ក៏​ថ្លៃ​ដែរ​ តែ​ឥឡូវ​អត់​មាន​ចិញ្ចឹម​ទៀត​ទេ​ ហើយ​ក្រៅពី​ភូមិ​អូរ​ពោធិ៍​នេះ​លែង​មាន​គេ​ចិញ្ចឹម​គោ​ក្របី​ទៀត​ហើយ​»៕

អត្ថបទគួរចាប់អារម្មណ៍