
សមត្ថកិច្ចជំនាញពេលចុះត្រួតពិនិត្យនៅរោងចក្រផលិតជីរបស់លោក យន់ សុផាត នាពេលកន្លងមក ។ រូបថត សហការី
កំពង់ស្ពឺៈ «ក្រោយពីខ្ញុំបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកកសិកម្មខ្ញុំមានកាងារល្អៗធ្វើនៅប្រទេសអូស្ត្រាលី តែខ្ញុំមានអារម្មណ៍ថា ទោះយ៉ាងណាខ្ញុំយកចំណេះខ្ញុំមកអភិវឌ្ឍនៅស្រុកខ្មែរវិញដោយខ្ញុំមិនចោលស្រុកខ្ញុំទេ តែដល់ខ្ញុំមកវិញរឹតតែពិបាកលើសដើម»។ នេះជាការលើកឡើងរបស់លោក យន់ សុផាត ជាស្ថាបនិកក្រុមហ៊ុនផលិតជីធម្មជាតិ កែច្នៃពីកាកសំណល់ដែលមានទីតាំងរោងចក្រ ស្ថិតនៅឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោក យន់ សុផាត មានបងប្អូនចំនួន ៦ នាក់ (ស្រី ២ ) ដោយលោកជាកូនទី ៤ ក្នុងគ្រួសារដែលមានឪពុកជាអតីតនាយកសាលាបឋមសិក្សាព្រែកក្របៅ និងម្តាយជាមេផ្ទះរស់នៅក្នុងភូមិព្រែកក្របៅ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បើទោះជាគ្រួសារមានជីវិភាពធូរធារ និងរស់នៅយ៉ាងសុខដុមរមនាបែបណាក្តី តែយុវជន យន់ សុផាត បែរជាជ្រើសរើសយកមណ្ឌលកុមារកំព្រាសន្តិភាពទី១ស្រែអំបិលធ្វើជាទីជម្រករបស់ខ្លួនទៅវិញ។
និយាយដល់ចំណុចត្រង់នេះ លោក យន់ សុផាត រំឭកប្រាប់ថា មូលហេតុដែលលោកជ្រើសរើសយកមណ្ឌល ធ្វើជាទីស្នាក់អាស្រ័យនិងសិក្សារៀនសូត្រនោះដោយសារតែលោកចង់រៀនរស់នៅដោយខ្លួនឯង រៀនគិតដោយខ្លួនឯង និងរៀនទីពឹងខ្លួនឯង។
លោក សុផាត បានបន្តថា ពេលដែលលោកចាកចេញពីក្រុមគ្រួសារទៅរស់នៅក្នុងមណ្ឌលកុមារកំព្រាគឺនៅអំឡុង ឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ ១៩៩៩ ទើបលោកបញ្ចប់ថ្នាក់ទី ១២។ ដោយសារតែចិត្តគំនិតចង់តែសិក្សារៀនសូត្រលោកក៏បានព្យាយាមស្វះស្វែងរកអាហារូបករណ៍ ហើយលោកក៏ទទួលបានអាហារូបករណ៍និងមានឱកាសបានចូលរៀននៅសាលាកសិកម្មព្រែកលៀប។នៅទីនោះលោកបានបញ្ចប់បរិញ្ញាបត្ររងផ្នែកកសិកម្ម។
ទោះជាមានទុនចំណេះដឹងខ្លះៗក្ដី តែលោក យន់ សុផាត មិនបានស្កប់ចិត្តឡើយ ដោយលោកបានព្យាយាមរហូតបានអាហារូបករណ៍មួយទៀតទៅសិក្សា មហាវិទ្យាល័យកសិកម្មឈៀងម៉ៃ ខេត្តឈៀងម៉ៃ ប្រទេសថៃ (Kasetsart University Bangkok Thailand) និងទទួលបានបរិញ្ញាបត្រមួយទៀតផ្នែកជំនាញកសិកម្ម ហើយបន្ទាប់ទៀតលោកក៏ទទួលបានអាហារូបករណ៍ទៅសិក្សាជំនាញផ្នែកកសិកម្មនៅប្រទេសអូស្ត្រាលីរយៈពេលជាង ១ ឆ្នាំ ដោយទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកជំនាញកសិកម្ម។
លោកបន្តទៀតថា បន្ទាប់ពីលោកបានបញ្ជប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់កសិកម្មក្នុងឆ្នាំ ២០១០ លោកទទួលបានការងារល្ អ១ ធ្វើនៅប្រទេសអូស្ត្រាលី ប៉ុន្តែលោកមិនសុខចិត្តបន្តរស់នៅនិងធ្វើការនៅទីនោះទេ ព្រោះលោកបានសន្យាខ្លួនឯងហើយថា ពេលណាលោកសិក្សាចប់គឺលោកនឹងវិលត្រឡប់មកប្រទេសកំណើតវិញ ដើម្បីចូលរួមអភិវឌ្ឍប្រទេសដោយសារតែលោកក៏ជាធនធានមនុស្សយ៉ាងសំខាន់មួយដែរ ដែលយ៉ាងហោចណាស់បើមិនបានចូលរួមក្នុងវិស័យរដ្ឋក៏បានរួមចំណែកអភិវឌ្ឍប្រទេសជាតិតាមរយៈវិស័យឯកជនដែរ។
លោក សុផាត ថ្លែងថា៖ «ខ្ញុំបានរៀនចប់បរិញ្ញាបត្ររងផ្នែកកសិកម្មនៅស្រុកខ្មែរហើយបានអាហារូបករណ៍ទៅយកបរិញ្ញាបត្រនៅប្រទេសថៃ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអូស្ត្រាលី។ ខ្ញុំមានកាងារល្អៗធ្វើនៅប្រទេសអូស្ត្រាលីតែខ្ញុំមានអារម្មណ៍ថាទោះយ៉ាងណាខ្ញុំត្រូវតែយកចំណេះខ្ញុំមកអភិវឌ្ឍនៅស្រុកខ្មែរវិញដោយសារខ្ញុំមានជំនាញកសិកម្ម ទើបគិតថានឹងធ្វើអ្វីមួយពាក់ព័ន្ធនឹងកសិកម្ម»។
លោកបញ្ជាក់ថា បន្ទាប់ពីលោកត្រឡប់មកពីប្រទេសអូស្ត្រាលីវិញនៅឆ្នាំ ២០១០ ដោយបាននាំមកនូវជំនាញកសិកម្មស្រាប់ផងនោះលោកបានគិតខ្លួនឯងថា នឹងចាប់យករបរមួយពាក់ព័ន្ធនឹងការងារកសិកម្ម ប៉ុន្តែពេលនោះលោកនៅមិនទាន់មានដើមទុននៅឡើយ។ ពេលនោះលោកពិបាករកការងារធ្វើឱ្យត្រូវចំជំនាញខ្លាំងណាស់ ហើយអ្វីដែលលោកបានចាប់ផ្តើមប្រឡូកក្នុងការងារដំបូងនោះគឺធ្វើជាអ្នកបកប្រែភាសាអង់គ្លេសនៅស្ថានទូតអាមេរិកហើយក៏ឈប់ទៅវិញ។
លោកបានប្រាប់ថា បន្ទាប់ពីធ្វើជាអ្នកបកប្រែភាសាមួយរយៈមក លោកក៏ផ្លាស់ទៅធ្វើកិច្ចការទាក់ទងនឹងវិស័យកសិកម្មវិញម្ដងដែលកាលណោះលោកទទួលបានប្រាក់ខែប្រមាណជា ៣០០ ដុល្លារក្នុង ១ ខែ។ ការងារដែលទាក់ទងនឹងវិស័យកសិកម្មនេះក៏ធ្វើឱ្យលោកទទួលបានបទពិសោធខាងការងារអនុវត្តច្រើនដែរ បើទោះជាលោកមានបរិញ្ញាបត្រជាន់ខ្ពស់ជំនាញកសិកម្មហើយក៏ដោយ។
លោក សុខ ផាត បានលើកឡើងថា ដោយសារតែធ្វើការងារឱ្យគេយូរៗទៅលោកក៏ចាប់ផ្តើមមានគំនិតគិតថាចង់បង្កើតរបរអ្វីមួយទាក់ទងនឹងជំនាញកសិកម្មដែលលោកមានស្រាប់ ប៉ុន្តែរបរនេះលុះត្រាតែមានលុយធ្វើដើមទុនហើយបើអត់លុយក៏មិនដឹងជាធ្វើអ្វីចេញដែរ។ ដោយសារលោកមានគំនិតតែគ្មានដើមទុន ដូច្នេះលោកក៏បានសហការចាប់ដៃគូរកស៊ីជាមួយបុរសម្នាក់ប៉ុន្តែត្រូវបានបរាជ័យរហូតដល់ទៅ ២ ដង។ការបរាជ័យនេះមិនមែនមកពីជំនាញកសិកម្មរបស់លោកធ្វើអ្វីមិនបាននោះទេតែដោយសារសហការីនោះគេមិនចង់ឱ្យលោកធ្វើជាដៃគូជាមួយតទៅទៀត។
ក៏ប៉ុន្តែក្រោយពីសហការជាមួយដៃគូមិនបានជោគជ័យរួចមក លោកក៏ចាប់ផ្តើមធ្វើជំនួញដោយខ្លួនឯងម្តងវិញដែលដំបូងឡើយលោកមានប្រាក់តែ ៣ ពាន់ដុល្លារប៉ុណ្ណោះ ដែលប្រាក់នេះលោកខំសន្សំពីប្រាក់ខែផងនិងពីការងាររួមផ្សំផ្សេងៗផងហើយលោកក៏ចាប់ផ្តើមសិប្បកម្មកែច្នៃកាកសំណល់ផលិតជាជីធម្មជាតិដោយលោកយកជំនាញដែលមានមកប្រើ ព្រោះថាលោកមានជំនាញផ្នែកកសិកម្មនេះច្បាស់លាស់។
បើតាមលោក សុផាត លោកចាប់ផ្តើមដំណើរការកែច្នៃផលិតជីធម្មជាតិនេះនៅឆ្នាំ ២០១៣ ក៏ប៉ុន្តែដោយសារតែវាជាការងារដំបូងលោកក៏ត្រូវជួបការលំបាកគ្រប់បែបគ្រប់យ៉ាងតាំងពីការប្រមូលទុកដាក់កាកសំណល់ទាំងការគាំទ្រពីអតិថិជនតែទោះយ៉ាងណា លោកនៅតែខំពុះពារជម្នះរាល់ឧបសគ្គដែលមាននៅចំពោះមុខ ហើយលោកតែងតែគិតថាការបរាជ័យគ្រាន់តែជាបទពិសោធនិងជាវិធី ឬមធ្យោបាយ ដើម្បីនាំផ្លូវឆ្ពោះទៅរកភាពជោគជ័យ ដូច្នេះលោកត្រូវតែងើបឈរបើទោះជាជួបបញ្ហាអ្វីក៏ដោយ។
លោកបានរៀបរាប់ថា កាលនៅជំនាន់នោះលោកមិនទាន់មានម៉ាស៊ីនស្វ័យប្រវត្តិទេគឺជួបការលំបាកខ្លាំងមែនទែន ដែលពិបាកទី ១ គឺកាកសំណល់ដែលត្រូវយកមកកែច្នៃជាកាកសំណល់រើសចេញពីសំរាមហើយសើម ដូច្នេះមុននឹងយកទៅកែច្នៃធ្វើជាជី ចាំបាច់ត្រូវសម្ងួតឱ្យបានស្ងួតជាមុនសិន។ ហេតុដូច្នេះត្រូវយកកាកសំណល់នោះទៅហាលថ្ងៃឱ្យបានស្ងួតល្អទើបយកវាទៅបញ្ចូលក្នុងម៉ាស៊ីន តែបើពេលណាមេឃធ្លាក់ភ្លៀងគ្មានកម្ដៅថ្ងៃគឺលោកមិនអាចផលិតបានទេ។ ម្យ៉ាងនៅពេលហាលថ្ងៃវាមានក្លិនមិនល្អទេ ដែលប៉ះពាល់ដល់អ្នកភូមិផងដែរ។
លោកឱ្យដឹងថា៖ «ពេលយើងចាប់ផ្តើមមិត្តភក្ដិបង្អាប់ខ្ញុំថាទៅរៀនបានសញ្ញាបត្រខ្ពស់តែមកធ្វើការជាមួយសំរាមវិញ រីឯអ្នកគាំទ្រខ្ញុំគ្មានទេ ខ្ញុំគ្មានដើមទុនធំ ហើយសូម្បីតែយើងដើរចូលតុកាហ្វេក៏គេដើរចេញដែរ ព្រោះគេយល់ថាយើងរកស៊ីនឹងសំរាមគេថាយើងស្អុយ ទោះបីជាយើងគ្មានក្លិនស្អុយជាប់ខ្លួនក៏ដោយ ខ្ញុំជួបវិបត្តិខ្លាំង តែទាំងអស់នោះកាន់តែជំរុញទឹកចិត្តខ្ញុំឱ្យកាន់តែខ្លាំងថែមទៀត »។
លោកបន្តទៀតថានិយាយពីឧបសគ្គវិញ បើខែភ្លៀងលក់ដាច់តែផលិតអត់បានព្រោះគ្មានកម្ដៅថ្ងៃហាលកាកសំណល់តែ នៅពេលខែអត់ភ្លៀងផលិតជីលក់អត់ដាច់ទៅវិញ។ ដូច្នេះធ្វើឱ្យលោកជួបបញ្ហាថវិកាខ្លាំងមែនទែន។ រីឯការផលិតគ្មានម៉ាស៊ីនស្វ័យប្រវត្តិនេះទី ១ គុណភាពអត់មានទេ ព្រោះយើងលាយដោយដៃ។ ទី ២ នៅពេលមេឃភ្លៀងយើងមិនអាចដំណើរការបានទេ ព្រោះត្រូវការកម្ដៅថ្ងៃ។ កាលមុនយើងប្រើមនុស្សរហូតដល់ ៥០០ នាក់ ហើយកម្មករទាំងអស់ខ្ញុំត្រូវទទួលបាយថ្ងៃត្រង់ទៀតដល់អ៊ីចឹងទៅការចំណាយក៏ច្រើនហើយបើពួកគាត់ឈប់តែ ២ នាក់គឺចង្វាក់ផលិតកម្មយើងត្រូវស្ទះទាំងអស់មិនដំណើរការតែម្តង។
លោកឱ្យដឹងបន្តថា ទោះបីយ៉ាងណា ដោយសារតែការតស៊ូព្យាយាមជម្នះឧបសគ្គទើបរហូតមកទល់ពេលនេះមានអតិថិជនទូទាំងប្រទេសបានគាំទ្រជីធម្មជាតិរបស់លោក។ ការគាំទ្រពីអតិថិជននេះហើយដែលបានធ្វើឱ្យលោកមានលទ្ធភាពបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិ ហើយបានពង្រីកខ្លួនពីសិប្បកម្មមកជារោងចក្រផលិតជីធម្មជាតិដែលក្រុមហ៊ុនមានឈ្មោះហ៊ុយ តន់អេហ្គ្រេខលឈើ ដែលមានទីតាំងស្ថិតក្នុងភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ចំពោះរោងចក្ររបស់លោកមានផ្ទៃដីសរុប៣ហិកតាហើយបច្ចុប្បន្នបានកាត់បន្ថយកម្លាំងពលកម្មពី៥០០នាក់មកនៅចន្លោះពី ៧០ នាក់ទៅ ៨០ នាក់ (ប្រើអ្នកបច្ចេកទេសនិងកម្មករ) ប៉ុណ្ណោះប៉ុន្តែអាជីវកម្មរបស់លោកក៏ជួបបញ្ហាកង្វះទីផ្សារ (អតិថិជន)ដែរកាលពីប្រទេសត្រូវរាតត្បាតដោយជំងឺកូវីដខ្លាំង តែបន្ទាប់ពីកូវីដមកឃើញថាសម្ទុះនៃការគាំទ្រមានការកើនឡើងច្រើនដែលធ្វើឱ្យទីផ្សារលក់ជីធម្មជាតិរបស់លោកមានសម្ទុះខ្លាំងដែលជាឱកាសអាចធ្វើឱ្យក្រុមហ៊ុនរបស់លោកមានលទ្ធភាពពង្រីកចង្វាក់ផលិតកម្មបន្ថែមទៀត។
លោកបញ្ជាក់ថាចំពោះកាកសំណល់ដែលខាងក្រុមហ៊ុនរបស់លោកអាចយកមកកែច្នៃធ្វើជាជីធម្មជាតិហើយមានគុណភាពល្អទាំងដាំណាំហូបផ្លែ ទាំងធ្វើឱ្យដីមានជីជាតិល្អនោះគឺដូចជា សម្បកអយស្ទ័រ ឆ្អឹងគោ ប្រភេទបន្លែ និងផ្លែឈើដែលអាចរលួយលាមកគោអាចម៍មាន់ក្បាលត្រីដោយបច្ចុប្បន្នលោកមានដៃគូសហការជាលក្ខណៈផ្គត់ផ្គង់កាកសំណល់គ្រប់គ្រាន់អស់ហើយ ដោយលោកពោលថា[យើងចែកគ្នារស់]។
ត្រង់ចំណុចនេះចង់មានន័យថាបើលោកទិញពីកសិករមកថ្លៃ ៤ ពាន់គឺលោកត្រូវទុក ១ ពាន់ ឬ ២ ពាន់រៀលសម្រាប់ឱ្យអ្នកវេចខ្ចប់ហើយលោកបន្តព្យាយាមរកដៃគូប្រមូលកាកសំណល់ដែលបានរៀបរាប់ខាងលើឱ្យកាន់តែច្រើនបន្ថែមទៀត។ម្យ៉ាងទៀតអ្វីដែលលោកគិតថាពិសេសនោះគឺរោងចក្ររបស់លោកដែលផលិតជីធម្មជាតិធ្វើពីកាកសំណល់នេះបានជួយមួយផ្នែកដល់បរិស្ថានអាចជួយកាត់បន្ថយនូវកាកសំណល់ដែលគេបោះចោលពាលវាលពាសកាល។
ចំពោះសម្បកបន្លែដែលអ្នកលក់ដូរបកចោលគឺខាងក្រុមហ៊ុនរបស់លោកប្រមូលទិញក្នុង ១ គីឡូតម្លៃ ១០០ រៀល ដើម្បីជាជាងអ្នកលក់បន្លែគាត់យកទៅចោលទទេៗ តែក៏លោកមិនចេះតែយកៗឱ្យតែបានដែរ គឺសម្រាប់សំរាមដែលគេចាក់ចោលក្នុងធុងសំរាមលាយឡំគ្នាគឺលោកមិនទទួលយកទេ។
បើតាមលោក សុផាត រោងចក្ររបស់លោកកែច្នៃកាកសំណល់ផលិតជាជីធម្មជាតិមានប្រភេទជីគ្រាប់ ទឹកសម្រាប់ថែបំប៉នស្លឹកដំណាំ ជី (កំបោរសិកម្ម) សម្រាប់ព្យាបាលដី និងជីសម្រាប់សម្លាប់មេរោគក្នុងទ្រុងមាន់។ បច្ចុប្បន្នរោងចក្ររបស់លោកអាចផលិតជាជីគ្រាប់ក្នុង១ថ្ងៃបានចន្លោះពី ៥០ ទៅ ៦០ តោន (បើគ្មានតម្រូវការបន្ថែម) តែបើមានតម្រូវការកុម្ម៉ង់ពីអតិថិជនច្រើនគឺរោងចក្ររបស់លោកអាចផលិតបានតាមតម្រូវការរបស់អតិថិជន។
លោកបានឱ្យដឹងថា ប្រភេទជីគ្រាប់នេះត្រូវការប្រព័ន្ធត្រួតពិនិត្យច្រើនដំណាក់កាល។ តែបើប្រភេទជីកំបោរវិញគឺមិនបាច់ត្រូវការឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យច្រើនទេហើយជីប្រភេទនេះមានលាយរួចជាស្រេច។ ជីនេះមានប្រយោជន៍ ទី ១- កម្ចាត់មេរោគដី ទី ២- ការពារពពួកផ្សិតឫស ទី ៣- បន្សាបអាស៊ីតក្នុងដី ទី ៤- បន្សាបសារធាតុពុលក្នុងដី និង ទី ៥- ជួយទាញ PH [ផូស្វ័រ] ពីដី។ ចំណែកជីគ្រាប់ធម្មជាតិមានប្រយោជន៍ទី១ ជួយកែលម្អដី ទី ២ ធ្វើឱ្យដីផុសធូរមានសំណើមទី ៣ បង្កើតអុកស៊ីហ្ស៊ែនក្នុងដីទី ៤ ជួយឱ្យដំណាំលូតលាស់បានល្អនិងទី ៥ ជួយបណ្តេញសត្វចង្រៃ។ អត្ថប្រយោជន៍ជីទឹកធម្មជាតិទី ១ ជួយពន្លឿនការលូតលាស់ទី ២ ជួយទប់ស្កាត់ជំងឺទី ៣ ការពារសន្សើមប្រៃ និងភ្លៀងដែលមានជាតិអាស៊ីតទី ៤ អាចប្រើសម្រាប់ត្រាំពូជដែលជួយឱ្យដុះល្អនិងទី៥ទប់ស្កាត់ជំងឺឆ្លងតំណពូជ។
លោកបញ្ជាក់ថា ជីធម្មជាតិរបស់លោកបានចរាចរលក់នៅទូទាំងប្រទេស តែមិនសូវជាផ្តោតទៅលើស្រែប៉ុន្មានទេ តែផ្តោតខ្លាំងទៅលើដាំណាំហូបផ្លែ។ចំពោះខេត្តសំខាន់ៗដែលមានតម្រូវការខ្លាំងដូចជា ខេត្តបាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ ក្រចេះរតនគិរី ព្រះវិហារ។សូម្បីតែខេត្តព្រះសីហនុដែលយើងមិនដែលនាំចូលជី តែឥឡូវមានហើយ រីឯខេត្តកែប ដែលជាតំបន់ដែលយើងគិតថាអត់មានសោះឥឡូវក៏មានអ្នកទិញផ្តាច់មុខដែរ។
សម្រាប់ជីគីមីនិងជីធម្មជាតិគឺ មានគុណភាពខុសគ្នា ៣ ដង ពោលគឺបើប្រើជីគីមី ១ បេ ត្រូវប្រើជីធម្មជាតិ ៣ បេ តែសារជាតិចិញ្ចឹមប៉ុនគ្នាដែលធ្វើឱ្យរុក្ខជាតិធំលូតលាស់បានដូចគ្នា ប៉ុន្តែវាមានលក្ខណៈផ្ទុយគ្នាត្រង់ថា ទី ១ នៅពេលដែលគេប្រើជីធម្មជាតិពេលបានផលមកគឺមានតម្លៃខ្ពស់ជាងជីគីមី។ ទី ២ ជីធម្មជាតិធ្វើឱ្យល្អដីដែលប្រើពី ១ ឆ្នាំទៅ ១ ឆ្នាំវាធ្វើឱ្យដីកាន់តែល្អទៅៗ ហើយវាមិនប៉ះពាល់សុខភាពទាំងអ្នកប្រើប្រាស់ទាំងអ្នកហូបផ្លែពោលគឺ ជីធម្មជាតិមានលក្ខណៈល្អបែបនេះ។ ចំពោះដៃគូដែលលោកកំពុងប្រកួតប្រជែងបច្ចុប្បន្នគឺជាមួយនឹងជីធម្មជាតិដែលនាំចូលពីក្រៅប្រទេស៕