ភ្នំពេញៈ ​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិបានឱ្យដឹងថា រយៈពេល​ ៣​ ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ មាន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ ១៦ ា​នាក់ មានការ​ថយចុះ ​៦​ នាក់ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ ដែល ​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួលបាន​កាលពី​រសៀល​ថ្ងៃទី ​៩ ខែវិច្ឆិកា បានឱ្យដឹងថា គិត​ចាប់ពី​ថ្ងៃទី​ ៧ ដល់​ថ្ងៃទី​ ៩ ខែវិច្ឆិកា ឆ្នាំ​ ២០២២ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ​២៧ លើក បាន​កើតឡើង​ទូទាំងប្រទេស និង​មាន​អ្នកស្លាប់​ចំនួន​ ១៦ នាក់ ហើយ​របួស​សរុប​ចំនួន​ ៤៤ នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន ​៣១ ​នាក់​។​

លោក ហេង ចាន់​ធា​រី ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៩ ខែវិច្ឆិកា​ថា បើ​ធៀប​នឹង​ឆ្នាំមុន ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​សរុប​មានការ​ថយចុះ ​៨ លើក ឬ​ស្មើ​ ១៨​ ភាគរយ​។ លោក​បន្តថា ចំពោះ​ចំនួន​អ្នកស្លាប់​វិញ គឺមាន​ការថយចុះ​ចំនួន ​៦​ នាក់ ឬ​ស្មើនឹង​ ២៧ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំមុន ដែលមាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ទៅ​​២២ នាក់​។​

ចំពោះ​អ្នករងរបួស​សរុប​វិញ លោកបានឱ្យដឹង​ទៀតថា គឺមាន​ ៤៤ នាក់ ដូច​ទៅនឹង​តួលេខ​ឆ្នាំមុន ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​ នៃ​ការ​ប្រារព្វ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ ហើយ​អ្នករងរបួស​ធ្ងន់​មាន​ចំនួន​ ៣១ ​នាក់ និង​ស្រាល​ចំនួន​ ១៣ ​នាក់​។​

លោក បាន​បញ្ជាក់ថា​៖«​មូលហេតុ​គ្រោះថ្នាក់ ដោយសារតែ​ល្បឿន មាន ​៨ ​លើក មិន​គោរព​សិទ្ធិ​មាន ​៧​ លើក មិន​ប្រកាន់​ស្តាំ​មាន ​៤​ លើក ប្រជែង​គ្រោះថ្នាក់​មាន​ ៤ ​លើក កត្តា​យានយន្ត​មាន​៣​លើក និង​បត់​គ្រោះថ្នាក់​មាន ១​លើក​។ អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​នេះ ភាគច្រើន​ជា​អ្នកបើកបរ​ម៉ូតូ មាន​ ១២ ​នាក់ ហើយ​អ្នក​ថ្មើរ​ជើង​ចំនួន ៣ ​នាក់ និង​អ្នកធ្វើដំណើរ​តាម​រថយន្ត​តូច​ម្នាក់​»​។​

​ជាមួយនឹង​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៣​ថ្ងៃនេះ លោក ហេង ចាន់​ធា​រី បានគត់សម្គាល់​ឃើញថា អ្នក​មិន​ពាក់មួក​សុវត្ថិភាព មាន​អត្រា​ស្លាប់​ដល់ ​៩​ នាក់ ក្នុងចំណោម​អ្នកស្លាប់​ចំនួន ​១៦ ​នាក់ ហើយ​អ្នករងរបួស​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​ទាំង​ស្រាល និង​ធ្ងន់​មាន​ជិត​ ២០ នាក់​។​

តាម​របាយការណ៍​រប​ស់​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​ ២០២២ បាន​ថយចុះ​ចំនួន ​៥៦២ ​លើក ស្មើ​ចំនួន​ ២៦ ​ភាគរយ (១ ៦០៩ / ២ ១៧១​ លើក​)​។ ចំណែក​អ្នកស្លាប់​បាន​ថយចុះ​ ៩១ ​នាក់ ឬ​ស្មើ​៩​ភាគរយ (៩៤២/១ ០៣៣​ នាក់​) និង​អ្នករបួស​ថយចុះ​៩៩២ នាក់ ស្មើនឹង​ ៣១% (២ ២៣៥/ ៣ ២២៧​ នាក់​) ធៀប​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ ២០១៩ ជា​អំឡុង​ពេលដែល​មិនទាន់មាន​ជំងឺ​កូ​វីដ ​១៩​។​

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី (AIP) ប្រចាំ​ប្រទេស​កម្ពុជា ធ្លាប់​លើកឡើងថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​មាន​អ្នកស្លាប់ និង​របួស​នេះ ជា​សញ្ញា​មួយ​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ក្នុងការ​ឆ្លើយតប​ឱ្យបាន​ខ្លាំង​បន្ថែមទៀត​។​

លោកបាន​បញ្ជាក់ថា​៖ «​វិធាន​ការដែល​យើង​នឹង​អនុវត្ត គឺមាន​សារៈសំខាន់​នៅក្នុង​ការឆ្លើយតប​ចំពោះ​លំហូរ​នៃ​ចរាចរណ៍​ដែលមាន​ការកើនឡើង​ចំពោះ​កំណើន​នៃ​យានយន្ត​រៀងរាល់ខែ​ឆ្នាំ​។ អ៊ីចឹង​ជា​ទស្សនៈ​របស់ខ្ញុំ​គឺ​អត់​មានអី​ក្រៅពី​ការបន្ត​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​កាន់តែ​ទូលំទូលាយ កាន់តែ​ម៉ឺងម៉ាត់ ជាប់លាប់ ហើយ​ធ្វើ​ទាំងថ្ងៃទាំងយប់​ប្រកបដោយ​តម្លាភាព​»។​

ជាមួយគ្នានេះ លោកក៏បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ ក៏ដូចជា ស្ថាន​ប័ន​អង្គភាព​នានា ទាំង​រដ្ឋាភិបាល និង​មិនមែន​រដ្ឋាភិបាល​ឱ្យចូល​រួមចំណែក​បន្ថែម​លើ​វិធាន​ការដែល​នឹង​អនុវត្ត​ដោយ​រដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ​ធ្វើយ៉ាងណា​ដើរតួនាទី​ក្នុងនាម​ជា​ពលរដ្ឋ ជា​អង្គភាព ឬ​ស្ថាប័ន​មួយ រួមចំណែក​ក្នុងការ​កាត់បន្ថយ​ការស្លាប់ និង​រងរបួស​ដោយសា​រ​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។

លោកបាន​បន្ថែមថា​៖ «​គួរ​មានការ​ផ្សព្វផ្សាយ ការ​ដាស់តឿន​ក្រើនរំឭក​ដោយ​មាតាបិតា បងប្អូន​សាច់ញាតិ ជាពិសេស​យើង​ចាប់ផ្តើម​ពី​ឥរិយាបថ​ងាយៗ ឧទាហរណ៍ ពេល​ឃើញ​ចេញទៅ​ក្រៅ​អត់​ពាក់មួក គឺ​តម្រូវ​ត្រូវតែ​ឱ្យ​កូនចៅ​ខ្លួន​ពាក់មួក​។ ដោយឡែក​អង្គភាព​ស្ថា​ប័ន​គួរ​មានការ​ផ្សព្វផ្សាយ ឃ្លី​ប​វីដេអូ ឯកសារ​ចូលក្នុង group ការងារ ​បង្កើត​បទបញ្ជា​ផ្ទៃក្នុង អ៊ីចឹងទៅ​»។​

​ដើម្បី​អនុវត្ត​ឱ្យសម្រេចបាន​តាម​ទិសដៅ​ការងារ គ​.​ស​.​ច​.​គ​. បានដាក់​ចេញ​នូវ​ទិសដៅ​ការងារ​សម្រាប់ ឆមាស​ទី​២ ឆ្នាំ​ ២០២២ ដោយ​បន្ត​ជំរុញ​យ៉ាងសកម្ម​អនុវត្ត​ផែនការ​សកម្មភាព​ស្តីពី​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក នៅ​ក្រម​ខ័ណ្ឌ​ទូទាំងប្រទេស​សំដៅ​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ឱ្យមាន​និរន្តរ​ភាព និង​ប្រសិទ្ធភាព ប្រកបដោយ​ភាពម៉ឺងម៉ាត់​ដាច់ខាត ត្រឹមត្រូវ ស្មើភាព និង​មិន​រើសអើង​។​

គ​.​ស​.​ច​.​គ​. ក៏បាន​ប្រកាស​ដាក់​គោលដៅ​ក្នុង​ការបន្ត​ពង្រឹង​យន្តការ​តាមដាន ប្រតិកម្ម​របស់​សាធារណជន ដើម្បី​ធ្វើការ​បកស្រាយ​ឆ្លើយតប​ទាន់ពេលវេលា សំដៅ​កាត់បន្ថយ ទស្សនៈ​ភាន់ច្រឡំ​ពី​សាធារណជន និង​បន្សាប​ឥទ្ធិពល​ព័ត៌មាន​ក្លែងក្លាយ ដែល​បំពុលបរិយាកាស សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ព្រមទាំង​បង្កើន​ការផ្សព្វផ្សាយ និង​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​ ២០២១ - ២០៣០ និង​ធ្វើ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​នៅក្នុង​រាជធានី​-ខេត្តផងដែរ​៕