ភ្នំពេញៈ អ្នកនាំ​ពាក្យ​រដ្ឋបាលជល​ផល បាន​ប្រាប់​ឱ្យដឹង​នៅថ្ងៃ​ទី ៩ ខែវិច្ឆិកា ​ឆ្នាំ​ ២០២២ ថា ព្រៃលិច​ទឹក​ដែល​បាន​​ដាំស្ដារ​ឡើង​វិញ​លើផ្ទៃ​ដីជាង​ ៦,៣​ ម៉ឺន​ហិកតា ក្នុង​តំបន់​ជុំវិញ​បឹងទន្លេ​សាប​ ក្រោយ​ការ​ដកហូត​ត្រឡប់​​មក​វិញ​ពី​ប្រជា​ពលរដ្ឋ និង​ក្រុម​ឈ្មួញ​ទុច្ចរិត ដែល​បាន​កាប់​ទន្ទ្រាន​យក​ដោយ​ខុស​ច្បាប់​​ កាល​ពី​ដើម​ឆ្នាំ​នេះ មាន​អត្រា​រស់​ប្រមាណ​ពី ៦០-៧០ ភាគ​រយ​។

លោក អ៊ឹង ទ្រី អ្នក​នាំពាក្យ​រដ្ឋបាល​ជល​ផល បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រោម​យន្តការ​ថែទាំ និង​ត្រួត​ពិនិត្យ​ កូន​ឈើ​ព្រៃលិច​ទឹក រួម​ទាំង​គ្រាប់​ត្នោត កូន​ត្នោត និង​ឫស្សី​ ដែល​បាន​ដាំស្ដារឡើង​វិញ​ នៅ​លើ​ទីតាំង​នៃ​ព្រំប្រទល់​ដី​តំបន់​៣ ជុំវិញ​បឹង​ទន្លេ​សាប កាលពី​ដើម​ឆ្នាំ​ ២០២២​ នេះ ជាលទ្ធផល មាន​អត្រា​រស់​គួរ​ជាទី​កត់​សម្គាល់​ បើទោះជា​មាន​គ្រោះទឹ​កជំនន់​ជន់​លិច​ខូច​ខាត​ខ្លះ​ក្ដី​។

លោក​ថ្លែងថា៖ «នៅ​ពេល​នេះ កូន​ឈើ​ព្រៃលិច​ទឹក រួ​មទាំង​គ្រាប់​ត្នោត កូន​ត្នោត និងឫស្សី ដែល​យើង​បាន​ដាំស្ដារ​ឡើង​វិញ លើ​ផ្ទៃដី​ជាង​ ៦,៣ ម៉ឺន​ហិកតា​ ដែល​បាន​រឹបអូស​ម​ក​វិញកាល​ពីដើមឆ្នាំនេះ​ វាមាន​អត្រា​រស់​​ និង​ធំ​លូត​លាស់​ល្អប្រមាណ​ពី ​៦០-៧០​ ភាគ​រយ ​»។

បើតាម លោក​ អ៊ឹង ទ្រី កូន​ឈើព្រៃ​លិច​ទឹក ដែល​បាន​ដាំស្ដារ​ឡើង​វិញ​នោះ​ ភាគ​ច្រើន​ជាប្រភេទ​ដើមរាំង រំដេញ ផ្ទោល និងសណ្ដាន់ សរុប​ជាង ​១០​ ម៉ឺន​ដើម ដែល​កូន​ឈើទាំ​ង​នេះ អាច​បន្សាំ​ជាមួយ​គ្រោះ​ទឹក​ជំនន់​ និង​គ្រោះរាំង​ស្ងួត ហើយ​ពួក​វាត្រូវ​បាន​ដាំនៅ​លើដី​តំបន់​៣ ដែល​ត្រូវ​បាន​ការពារ​ និង​អភិរក្ស​ដោយ​អនុ​ក្រឹត្យ។

ក្រៅពី​ប្រភេទ​កូន​ឈើ​ទាំង​នេះ ក៏បាន​ដាំគ្រាប់​ត្នោត​ជាង​៣៨​ម៉ឺន​គ្រាប់ កូន​ត្នោត ​៣៦៤ ដើម និង​ឫស្សី​ចំនួន​ជាង​ ១,៥ ម៉ឺន​ដើម នៅ​លើទីតាំង​ព្រំប្រទល់​ដីតំបន់​៣​សម្រាប់​ធ្វើ​ជា​របង​ការពារ ការរំលោភ​​បំពាន​ពីបុគ្គ​ល ឬក្រុម​ឈ្មួញ​ទុច្ច​រិត​ណា​មួយ​នាពេល​អនា​គត។​

លោក​បាន​បន្តថា ជា​យន្តការ​បន្ទាប់ ​រដ្ឋបាល​ជលផល ​នឹង​បន្ត​សហការ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​នានា រួម​ទាំង​អាជ្ញាធរ​ដែន​ដី និង​ប្រជា​សហគមន៍​មូល​ដ្ឋាន ធ្វើ​ការ​ថែទាំ ត្រួត​ពិនិត្យ​នូវ​កូន​ឈើ​ដែល​ទើប​ដាំថ្មី​នេះ​ជាបន្ត​ទៀត ដើម្បី​ឱ្យវា​ឆាប់​ធំ និង​ក្លាយ​ជាគម្រប​ព្រៃលិច​ទឹក​ឡើង​វិញ ហើយ​នឹង​បន្ត​ធ្វើ​ការ​ដាំ​ជួស​ឡើង​វិញ​នូវ​កូន​ឈើ​ដែល​ងាប់នៅ​ក្នុង​តំបន់ ​៣​។

លោក ​ជួង សុភា នាយ​ខណ្ឌ​ជល​ផល​ខេត្ត​បាត់​ដំបង បា​នប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ថា នៅ​ពេល​នេះ ការ​ប៉ាន់​ប្រមាណ​អំពី​អត្រា​រស់​នៃ​កូន​ឈើព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ គឺ រស់​សឹងតែ ​១០០​ ភាគ​រយ ព្រោះ​នៅពេល​ដាំកូន​ឈើ​ទាំង​នេះ​ធំៗ អស់​ទៅ​ហើយ ដែល​អាច​បន្សាំ​ជាមួយ​ទឹក​ជំនន់​។

ប៉ុន្តែ​គ្រាប់​ត្នោត ភាគ​ច្រើននៅ​​មិន​ទាន់​ឃើញមាន​ដុះនោះ​ទេ មូល​ហេតុ​ទីតាំង​ដី​ដែលត្រូវ​បាន​កប់​ដាំគ្រាប់​ត្នោត​ភាគ​ច្រើន​ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី​សម្រេច​ឱ្យ​ធ្វើ​ការ​កាត់​ឆ្វៀល​ និង​ប្រគល់​ជូន​ពលរដ្ឋ​បង្កបង្កើន​ផល​ឡើង​វិញ​។ ​

លោក​ថ្លែង​ថា​៖ «កូន​ឈើព្រៃលិច​ទឹក​ដែល​យើង​បាន​ដាំ គឺ​រស់​សឹងតែទាំង​អស់ហ្នឹង​ លើក​លែង​​តែ​ កូនឈើ​ដែល​បាន​ដាំនៅ​លើដី ដែល​សម្ដេច​នាយក​រដ្ឋ​មន្ត្រី លោក​បាន​សម្រេច​ឱ្យកាត់​ឆ្វៀល​ប្រគល់​ជូន​ប្រជា​ពល​រដ្ឋ​​​វិញ​តែ​ប៉ុណ្ណោះ ​»។

បើតា​ម​លោក សុភា ព្រៃលិច​ទឹក​ងាយ​ដុះ និង​លូត​លាស់​ឡើង​វិញ​ ប្រសិន​បើ​មាន​ការចូល​រួម​ការពារ​ និងអភិរក្ស​ពីគ្រប់​ភាគី​ពាក់​ព័ន្ធ ជាពិសេស​ប្រជា​សហគមន៍​មូល​ដ្ឋាន។ ការកាប់​ទន្ទ្រាន​ព្រៃលិចទឹ​ក គឺជា​អំពើ​ខុស​ច្បាប់​៕