ភ្នំពេញៈ ចិន​ប្រកាស​ផ្តល់​ទឹកប្រាក់​ចំនួន ​២០០ ​លាន​យ័ន (២៧ ​លាន​ដុល្លារ​អាមេរិក​) សម្រាប់​ជួយ​កែលម្អ​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​ជួយ​ដល់​កម្ពុជា​ឱ្យទទួល​បានការ​រីកចម្រើន​ថែមទៀត​។​

​ការសន្យា​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក លី ខឺ​ឈាង (LI Keqiang) នាយករដ្ឋមន្ដ្រី​ចិន នា​ថ្ងៃទី​ ៩ ខែវិច្ឆិកា ក្នុងឱកាស​លោក​មក​បំ​ពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ​៤ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​៨-១១ ខែវិច្ឆិកា​។​

​លោក លី ខឺ​ឈាង ថ្លែងថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​និង​ចិន​គឺជា​ទំនាក់ទំនង​ដែល​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ហើយ​លោក​បានបង្ហាញ​សេចក្ដី​រីករាយ​ចំពោះ​ទំនាក់ទំនង​នេះ និង​បាន​សម្ដែង​ការរីករាយ​យ៉ាងខ្លាំង​ដែល​បានឃើញ​កម្ពុជា​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នេះ​ថា​៖ «​ជាមួយគ្នានេះ​ផងដែរ ឯកឧត្តម លី ខឺ​ឈាង បាន​មានប្រសាសន៍ថា ទោះបីជា​យ៉ាងណាក៏ដោយ ចិន​នៅតែ​បន្ត​ជួយ​ដល់​កម្ពុជា​យើង​ឱ្យ​ទទួលបាន​វឌ្ឍនភាព​ថែមទៀត ក្នុងនោះ​ចិន​នឹង​ផ្តល់ជំនួយ​បន្ថែម​ដល់​កម្ពុជា​ទៅលើ​វិស័យ ជារួម​មាន ទី​១ ​ទឹកប្រាក់​ចំនួន​ ២០០​ លាន​យ័ន​ សម្រាប់​ជួយ​កែលម្អ​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា ជួយ​ដល់​ការស្ដារ​ឡើងវិញ​នូវ​បេតិកភណ្ឌ​កម្ពុជា បង្កើន​ចំនួន​និស្សិត​កម្ពុជា​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន ជួយ​ដល់​សកម្មភាព​ដោះមីន ជួយ​ដល់​វិស័យ​សុខាភិបាល ជួយ​ដល់​ការរៀបចំ​ការប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ​ខាងមុខ ក៏ដូចជា​ជួយ​ដល់​កីឡាករ​កីឡាការិនី​កម្ពុជា ជួយ​ដល់​ការស្ថាបនា​ស្ពាន​ឆ្លងទន្លេ​មេគង្គ ជួយ​ដល់​ការស្ថាបនា​ផ្លូវដែក​ត​ភ្ជាប់​អំពី​កម្ពុជា ថៃ ឡាវ និង​ប្រទេស​ចិន​។

​បើតាម​លោក អ៊ាង សុផល្លែត លោក​លី ខឺ​ឈាង បញ្ជាក់ថា ចិន​នឹង​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​កសិកម្ម​ធ្វើយ៉ាងណា​ឱ្យ​ផលិតផល​កសិផល​កម្ពុ​ជាមាន​គុណភាព​អាច​នាំ​ចេញទៅ​ប្រទេស​ចិន​ស្របតាម​កូតា​ដែល​បានប្រគល់​ជូន ក៏ដូចជា​មានគុណ​ភាព​សម្រាប់​នាំ​ចេញទៅ​ប្រទេសក្រៅ​ផងដែរ​។​

​លោក ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ជំនួយ​បន្ថែម​និង​ការបញ្ជា​ក់នូវ​ការ​ផ្តល់ជំនួយ​ដល់​កម្ពុជា​របស់​ភាគី​ចិន​ក្នុង​ការជួយ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន និង​មាន​វឌ្ឍនភាព​កាន់តែខ្លាំង​ឡើង​ថែមទៀត​។

​លោក​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ចិន​ផងដែរ​ដែល​កន្លងមក​បាន​ធ្វើជា​បង្អែក​ផ្តល់​វ៉ាក់សាំង​កូ​វីដ​ ១៩ ដល់​កម្ពុជា ដែល​ធ្វើឱ្យ​កម្ពុជា​បាន​ឆ្លង​ផុតពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ បើក​ប្រទេស​ឡើងវិញ និង​បើក​សេដ្ឋកិច្ច​ឡើងវិញ​។

​លោក ហ៊ុន សែន បាន​សម្តែង​ការអបអរសាទរ​ដល់​ភាគី​ចិន​ចំពោះ​សមិទ្ធផល​អភិវឌ្ឍន៍ «​ដ៏​ធំធេង​» របស់​បក្ស​កុម្មុយនីស្ត​ចិន និង​ជូនពរ​ភាគី​ចិន​ឱ្យបាន​សម្រេចបាន​ការកសាង និង​ការអភិវឌ្ឍ​ជាច្រើន​ថែមទៀត ជាពិសេស​ឈានទៅ​សម្រេចបាន​គោលដៅ​ ១០០ ឆ្នាំ​លើក​ទី​២​ ក្នុង​ការកសាង​ប្រទេស និង​សង្គមនិយម​បែប​ទំនើប​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក លី ខឺ​ឈាង ក៏បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​១៨ ដែល​ក្នុងនោះ​មានការ​ផ្តល់ជំនួយ​លើ​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា និង​ការរៀបចំ​សម្ពោធ​ជា​និមិត្តរូប​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ផងដែរ​៕​