ភ្នំពេញៈ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍​បាន​បណ្តេញ​ជនបរទេស​ចំនួន​ ១៣០ ​នាក់​ចេញ​ពី​កម្ពុជា និង​បាន​ហាម​ចូល​កម្ពុជា​រយៈពេល ​៣ ​ឆ្នាំ បន្ទាប់ពី​រកឃើញ​ថា ជនបរទេស​ទាំងនោះ​បាន​លួច​ឆ្លងដែន​ចូល​មក​ស្នាក់នៅ​ និង​ធ្វើការ​ដោយ​ខុសច្បាប់​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃទី​ ៨ ខែ​វិច្ឆិកា ឱ្យ​ដឹងថា នៅ​ថ្ងៃទី​ ៧ និង​ ៨ វិច្ឆិកា ឆ្នាំ ​២០២២ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បណ្ដេញ​ជនបរទេស​ចំនួន​ ១៣០ ​នាក់ ស្រី​ ៣ ​នាក់ មាន ​២ ​សញ្ជាតិ ក្នុង​នោះ​ជនជាតិ​ចិន​ចំនួន​ ១១០ ​នាក់ និង​ជនជាតិ​វៀតណាម ​២០ ​នាក់​ចេញ​ពី​កម្ពុជា​។ ការបណ្តេញ​ចេញ​នេះ​ធ្វើឡើង​ដោយ​អនុលោម​តាមច្បាប់​ស្តីពី​អន្តោប្រវេសន៍​។ ពួកគេ​ត្រូវបាន​បណ្តេញ​ចេញ​តាម​ប៉ុស្តិ៍ន​គរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំងផ្លុង​។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​គូសបញ្ជាក់​ថា​៖ «​ជនបរទេស​ចំនួន​ ១៣០​ នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​បទល្មើស លួច​ឆ្លងដែន​ខុសច្បាប់​ និង​លួច​ស្នាក់នៅ​ធ្វើ​ការងារ​ខុសច្បាប់ ដែល​ល្មើស​នឹង​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ ដោយ​ត្រូវ​ធ្វើការ​បណ្ដេញចេញ​តាម​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ និង​ហាមឃាត់​ការចូល​ប្រទេស​កម្ពុជា​រយៈពេល​ ៣ ​ឆ្នាំ​»​។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​លោក​ អំ សំអាត ថ្លែង​ថា មួយរយៈ​ចុងក្រោយ​នេះ លោក​សង្កេតឃើញ​អាជ្ញាធរ​កម្ពុជា​បាន​បណ្តេញចេញ​ជនអន្តោប្រវេសន៍​ដែល​ចូល​កម្ពុជា​ដោយ​ខុសច្បាប់​ជាច្រើន​គឺជា​រឿង​ល្អ ប៉ុន្តែ​វា​ក៏​បង្ហាញ​ពី​ភាព​ចន្លោះប្រហោង​ក្នុង​ការអនុវត្ត​ច្បាប់​ផង​ដែរ​។

លោក​ថា​៖ «​អ៊ីចឹង​លំហូរ​ជនបរទេស​ដោយ​ខុសច្បាប់​មាន​កត្តា​ច្រើន ដូចជា​ការអនុវត្ត​ច្បាប់​មាន​ភាពធូររលុង​ និង​មាន​លក្ខណៈ​ប្រចាំ​គ្នា បាន​ន័យ​ថា កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​អត់​ទាន់​បាន​ល្អ​ប្រសើរ​អំពើ​ពុករលួយ​អាច​កើតមាន​ទាំង​សងខាង​នៃ​ប្រទេស​ ដែល​ជាប់​ព្រំដែន​គ្នា ជាពិសេស​អាជ្ញាធរ​ព្រំដែន​ដែល​ប្រចាំការ​»​។

លោក​ថា ការហូរចូល​ជនបរទេស​ដោយ​ខុសច្បាប់​នេះ​បង្ក​ផល​លំបាក​ជាច្រើន​ដល់​កម្ពុជា​ ដែល​អាច​បង្កឱ្យ​មាន​ការជួញដូរ​មនុស្ស​ទៅតាម​ទម្រង់​រូបភាព​ផ្សេងៗ​ដូចជា​ការជួញដូរ​កម្លាំង​ពលកម្ម ដែល​កន្លងមក​រាជរដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​បង្ក្រាប​ និង​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់​។

លោក កែវ វណ្ណថន អគ្គនាយករង​ និង​ជា​អ្នក​នាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថ្លែងថា នេះ​មិនមែន​ជា​លើក​ទី​ ១ ទេ ដែល​កម្ពុជា​បណ្តេញ​ជន​បរទេស​ចេញពី​កម្ពុជា និង​មាន​ច្រើន​សញ្ជាតិ​ដែល​ភាគច្រើន​មិនមាន​លិខិត​ឆ្លងដែន ការ​ស្នាក់នៅ​លើស​ទិដ្ឋាការ​កំណត់ និង​ជនបរទេស​ដែល​លួច​ឆ្លងដែន​ជាដើម​។ «​ជនបរទេស​ដែល​ប្រព្រឹត្ត​បទល្មើស​ច្រើន​ជាងគេ​គឺ​ជនជាតិ​ចិន​ដោយ​ពួកគេ​ត្រូវតែ​ទទួល​ទោស​ពី​តុលាការ​កម្ពុជា​សិន មុន​នឹង​បញ្ជូនមក​ផ្នែក​អន្តោប្រវេសន៍ ដើម្បី​ធ្វើការ​បណ្តេញ​ចេញ​»​។

បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គជបជ​) ចេញ​កាលពី​ថ្ងៃទី​ ៧ តុលា ឆ្នាំ ​២០២២ ឱ្យដឹងថា ក្នុង​រយៈពេល​ ៥១ ​ថ្ងៃ​ដោយ​គិត​ចាប់​ពីថ្ងៃ​ ១៨ ខែសីហា ដល់​ថ្ងៃទី​ ៤ តុលា ឆ្នាំ​ ២០២២ ក្រុម​ការងារ​បាន​សហការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ចំនួន​ ១០ ក្នុង​ខេត្ត​ព្រះសីហនុ​។

គជបជ បន្តថា ក្នុងពេល​ចុះ​ពិនិត្យ​ ១០ ​ទីតាំង​នោះ រកឃើញ​មាន​ជនបរទេស​ចំនួន ២ ៧៦០ ​នាក់ ក្នុងនោះ​ជនបរទេស​ដែល​មាន​លិខិត​ឆ្លងដែន​ត្រឹមត្រូវ​ចំនួន ១ ៩៤៦ ​នាក់ ប៉ុន្តែ គ្មាន​បណ្ណ​ការងារ ១ ៥១២ ​នាក់​។ ក្នុង​ចំណោម​ជនបទ​ល្មើស​ទាំងនោះ​មាន​ជនបរទេស ៦៨៥ ​នាក់ សមត្ថកិច្ច​កំពុង​រៀបចំ​បែបបទ​បណ្ដេញ​ចេញពី​កម្ពុជា ហើយ​ចំនួន​ ៩២០​ នាក់​ទៀត​កំពុង​ស្នាក់នៅ​ក្នុង​ទីស្នាក់ការ​ដែល​ត្រៀម​រៀបចំ​បណ្ដេញ​ពី​កម្ពុជា​៕